ដោយៈ គង់ សិរីម៉ាណា
ស្ទឹងត្រែងៈ ធនាគារជាតិនៃកម្ពុជា បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ចនាយកសាខាធនាគារជាតិនៃកម្ពុជា ខេត្តស្ទឹងត្រែង ក្រោមអធិបតីភាពលោកជំទាវបណ្ឌិតជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា។
យោងតាមការប្រកាសរបស់ធនាគារជាតិនៃកម្ពុជា តាមរយៈបណ្តាញទំនាក់ទំនងរបស់ខ្លួនបានឲ្យដឹងថា គោលបំណងនៃការកែសម្រួលភារកិច្ចនេះ ដើម្បីផ្លាស់ប្តូរជំនាញ និងបទពិសោធន៍ថ្មី សំដៅបន្តនិរន្តរភាពការងារ និងប្រតិបត្តិការរបស់សាខាឱ្យប្រព្រឹត្តទៅបានរលូននិងមានប្រសិទ្ធភាពខ្ពស់ថែមទៀត។
ក្នុងពិធីនេះ លោកជំទាវ ទេសាភិបាល បានជំរុញលើកទឹកចិត្តមន្ត្រី-បុគ្គលិកទាំងអស់ ឱ្យបន្តអភិវឌ្ឍសមត្ថភាពជាប្រចាំ និងខិតខំបំពេញការងារ ដើម្បីសម្រេចបានសមិទ្ធផលថ្មីៗថែមទៀត។
បន្ថែមលើនេះ លោកជំទាវក៏បានណែនាំឱ្យបង្កើន ការយកចិត្តទុកដាក់លើកិច្ចការពារអតិថិជន និងការអនុវត្តក្រមប្រតិបត្តិទីផ្សារ ព្រមទាំងពង្រឹងកិច្ចសហការល្អ ជាមួយអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដើម្បីរួមចំណែកទប់ស្កាត់ កម្ចីអនឡាញខុសច្បាប់ ឬការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ។
បន្ទាប់ពីកម្មវិធីនេះ លោកជំទាវទេសាភិបាល ក៏បានដឹកនាំគណៈប្រតិភូ ធនាគារជាតិនៃកម្ពុជា ជួបសំណេះសំណាលការងារជាមួយ លោកសរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ក្នុងគោលបំណងណែនាំនាយកសាខាថ្មី របស់ធនាគារជាតិនៃកម្ពុជា ប្រចាំខេត្តស្ទឹងត្រែង និងស្វែងយល់បន្ថែមពីស្ថានភាពសេដ្ឋកិច្ច ព្រមទាំងស្វែងរកកិច្ចសហការគាំទ្រដើម្បីចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចខេត្តបន្ថែមទៀត។
ក្នុងជំនួបនេះដែរ លោកអភិបាលខេត្ត បានស្វាគមន៍ចំពោះសំណើកិច្ចសហការនានា និងបានតាំងចិត្តចូលរួមយ៉ាងមោះមុតក្នុងការទប់ស្កាត់កម្ចីខុសច្បាប់ ដើម្បីពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕