ដោយៈ គង់ ម៉ាណា
កំពង់ធំៈ ក្នុងជំនួបជាមួយ លោកនួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ក្រុមអ្នកវិនិយោគិនកូរ៉េ បានប្រាប់ពីបំណងមកវិនិយោគបង្កើតរោងចក្រផលិតជីកសិកម្ម និងថ្នាំសម្លាប់សត្វល្អិតនៅខេត្តកំពង់ធំ ហើយក៏គ្រោងធ្វើដំណើរមកសិក្សាផ្ទាល់ម្ដងទៀត ក្នុងពេលឆាប់ៗខាងមុខ។
ក្នុងជំនួបនោះ លោកនួន ផារ័ត្ន និងក្រុមអ្នកវិនិយោគនៃសាធារណរដ្ឋកូរ៉េ បានធ្វើឡើងក្នុងឱកាសដែលអភិបាលខេត្តកំពង់ធំ រូបនេះ បានដឹកនាំគណៈប្រតិភូខេត្ត ធ្វើដំណើរទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋកូរ៉េ រយៈពេល៣ថ្ងៃកាលពីថ្ងៃ៦ដល់ថ្ងៃទី៨មីនា។
ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងជំរុញការវិនិយោគដោយផ្ទាល់ ពីសាធារណរដ្ឋកូរ៉េមកកាន់ខេត្តកំពង់ធំ ដើម្បីចូលរួមធ្វើពិពិធកម្មសេដ្ឋកិច្ចខេត្ត សំដៅលើកកម្ពស់សេដ្ឋកិច្ចខេត្ត និងជីវភាពរបស់ប្រជាពលរដ្ឋ ពង្រីកទំនាក់ទំនងការទូត រវាងរដ្ឋបាលថ្នាក់ក្រោមជាតិ រៀនសូត្រពីគ្នា ការចែករំលែកបទពិសោធល្អៗ និងស្វែងរកវគ្គបណ្តុះបណ្តាលរយៈពេលវែងនិងខ្លី ជូនមន្ត្រីរាជការនៃរដ្ឋខេត្ត ក្នុងគោលបំណងពង្រឹងសមត្ថភាពចូលរួមអភិវឌ្ឍន៍ខេត្ត។
លោកនួន ផារ័ត្ន បានបន្តជួបជាមួយប្រធានក្រុមហ៊ុន Heungkuk Industry (HK) និងបានចុះលិខិតបង្ហាញសុច្ឆន្ទៈ ក្នុងការជំរុញការវិនិយោគនៅខេត្តកំពង់ធំ ដែលក្រុមហ៊ុន HK គ្រោងនឹងវិនិយោគលើវិស័យកសិ-ឧស្សាហកម្ម ហើយលោកក៏បានជួបជាមួយលោកSang-Hyuk JUNG ប្រធានធនាគារ Shinhan Bankផងដែរ។
ក្រោយពិភាក្សាគ្នា ធនាគារបានបញ្ជាក់ថា នឹងសិក្សាលទ្ធភាពបង្កើតសាខាមួយទៀតនៅខេត្តកំពង់ធំ ព្រមទាំងជួយកៀរគរទុនវិនិយោគក្នុងការអភិវឌ្ឍវិស័យកសិ -ឧស្សាហកម្មក្នុងខេត្តកំពង់ធំ។
ប្រធានធនាគារខាងលើ សន្យាបន្តជួយដល់ខេត្តកំពង់ធំនូវគម្រោងទំនួលខុសត្រូវសង្គម (CSR) ដែលធនាគារធ្លាប់បានជួយកន្លងមក។
លោកអភិបាលខេត្តកំពង់ធំ ក៏បានបន្តជួបពិភាក្សាផងដែរជាមួយឯកឧត្ដម អូ សេហ៊ូន OH Se-hoon អភិបាលរដ្ឋធានីសេអ៊ូល ក្នុងនោះ សាលារដ្ឋធានីសេអ៊ូល និងសិក្សាលទ្ធភាពលើការផ្ដល់ជំនួយជាគម្រោងបច្ចេកទេស ក្នុងការកែលម្អដងស្ទឹងសែន របស់ខេត្តកំពង់ធំ តាមបទពិសោធនៃការរៀបចំកែលម្អទន្លេហាន (Hangang River)។
បញ្ចប់ការពិភាក្សាជាមួយអភិបាលរដ្ឋធានីសេអ៊ូល លោកនួន ផារ័ត្ន បានជួបពិភាក្សាជាមួយរដ្ឋបាលខេត្តកាំងវ៉ុន (Kangwon) ហើយភាគីទាំងពីរបានឯកភាពគ្នា លើការបញ្ចូនមន្ត្រីរាជការរបស់រដ្ឋបាលខេត្តកំពង់ធំ ទៅសិក្សាជំនាញខ្លីស្តីពី ការអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្ម និងបានឯកភាពគ្នាបន្តពង្រឹង និងពង្រីកទំនាក់ទំនងនឹងគ្នាឱ្យកាន់តែល្អថែមទៀត។
ខេត្តកំពង់ធំ ស្ថិតនៅចំចំណុចកណ្ដាលនៃប្រទេសកម្ពុជា និងមានសក្ដានុពលទាក់ទាញជាច្រើន ពិសេសលើវិស័យទេសចរណ៍ វិស័យកសិកម្ម និង កសិឧស្សាហកម្ម។ និយាយពីវិស័យកសិកម្ម ខេត្តកំពង់ធំ ជាខេត្តមួយដែលមានសក្តានុពលខ្ពស់ លើដំណាំស្វាយចន្ទី និងដំណាំស្រូវ ហើយក៏ជាជង្រុកស្រូវទី៥ បន្ទាប់ពីខេត្តបាត់ដំបង បន្ទាយមានជ័យ តាកែវ និង ព្រៃវែង ដែលពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការធានាសន្តិសុខស្បៀង បង្កើនការងារដល់ប្រជាពលរដ្ឋ កាត់បន្ថយការចំណាកស្រុក៕