កម្ពុជានាំចេញផលិតផលកសិកម្មសម្រេចបានទឹកប្រាក់៣,៤ពាន់លានដុល្លារក្នុងរយៈពេល១០ខែ

ដោយៈ និស្ស័យ

       ភ្នំពេញៈ ប្រទេស​កម្ពុជា​ប្រមូល​ប្រាក់​បាន​៣,៤​ ពាន់​លាន​ដុល្លារ​ពី​ការ​នាំ​ចេញ​កសិផល ​ទៅ​ក្រៅ​ប្រទេស​ក្នុង​រយៈ​ពេល ១០​ខែ​ ដើម​ឆ្នាំ​២០២៤ ​កើន​ឡើង​ជិត​ពាក់​កណ្តាល ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​មុន។

ចំនួនខណៈទឹក​ប្រាក់​នេះ ​នឹង​កើន​ឡើង​បន្ថែម​ទៀត​បើកម្ពុជា​អាច​មាន​រោង​ចក្រ​កែច្នៃ និង​ទុនបង្វិល​ច្រើន​ជាង​ពេល​នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នក​នាំពាក្យ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោ​ក ឃឹម ហ្វីណង់ ក្នុង​កិច្ច​ពិភាក្សា​មួយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​បាន​លើក​ឡើង​ថា ចាប់​ពី​ខែ​មករា-​ខែ​តុលា ឆ្នាំ​ ២០២៤ កម្ពុជា​បាន​នាំ​ចេញ​កសិផល​ ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​ទឹក​ប្រាក់​សរុប៣,៤ ពាន់​លាន​ដុល្លារ កើន​ឡើង​ជិត​៥០ភាគរយ ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២៣។

ភាគ​ច្រើន​នៃ​ការ​នាំ​ចេញ​កសិផល​របស់​កម្ពុជា គឺ​ក្នុង​ទម្រ​ង់​​ដើម ឬ​ឆៅ(មិន​ទាន់​កែច្នៃ) ដែល​សកម្មភាព​បែប​នេះ​ធ្វើ​ឱ្យ​កម្ពុជា​ខាត​បង់​ប្រាក់​បន្ថែម​យ៉ាង​ច្រើន។

លោក​បាន​បញ្ជាក់ឱ្យ​ដឹងថា​ “​ប្រសិន​បើ​យើង​អាច​រក​វិធីកែច្នៃ​ហើយ ​ចាំ​នាំ​ចេញ​កសិផល​យើង​វិញ គឺ​សក្តានុពល​នៃ​តម្លៃ​បន្ថែម​ពី​វិស័យ​កសិកម្ម ​ចំពោះ​សេដ្ឋកិច្ច​ជាតិ​នៅ​មាន​ទំហំ​ធំធេង​ណាស់”។

លោក​បាន​ពន្យល់​ថា ជាក់ស្តែង​ផលិត​ផល​គ្រាប់​ស្វាយ​ចន្ទី ស្រូវ និង​ដំឡូង​មី ដែល​កម្ពុជា​នាំចេញ​នា​ពេល​នេះ គឺ​ភាគ​ច្រើន​ធ្វើ​ឡើង ​ក្នុង​ទម្រង់​ជា​ផលិតផល​មិន​ទាន់​កែច្នៃ​។ ការ​នាំ​ចេញ ​ក្នុង​ទម្រង់​ជា​ផលិត​កែច្នៃ​រួច​រាល់ វា​នឹង​ផ្តល់​ផល​​ប្រយោ​ជន៍​​កាន់​តែ​ច្រើន​ សម្រាប់​សេដ្ឋកិច្ច​ជាតិ តាម​រយៈ​ការ​បង្កើត​ការងារ និង​ប្រាក់​ចំណូល​ពន្ធ។ ប្រសិន​បើ​អាច​ធ្វើ​បែប​នេះ​បាន យើង​ក៏​អាច​និយាយ​ថា​ កម្ពុជា​អាច​គ្រប់​គ្រង​ជោគ​វាសនា​សេដ្ឋកិច្ច​របស់​ខ្លួន​បាន​ដោយ​ខ្លួន​ឯង។

លោក​បាន​បន្ថែម​ថា ដើម្បី​ឱ្យ​ការងារ​ទាំង​អស់​នេះ ​ដំណើរការ​ទៅមុខ​បាន​ល្អ គឺ​ទាម​ទារ​ឱ្យ​មាន​ការ​ចូល​រួម ​ពី​សំណាក់​ប្រជាកសិករ​ ក្នុង​ការ​បង្កើត​សហគមន៍​កសិកម្ម។ ការ​ចង​ក្រង​ជា​សហគមន៍​កសិកម្ម វា​នឹង​បង្ក​ភាព​ងាយ​ស្រួល​ទាំង​សម្រាប់​ប្រជា​កសិករ​ដាំដុះ ​ដែល​មិន​ចាំបាច់​បារម្ភ​ ពី​បញ្ហា​កង្វះ​ទីផ្សារ​ ការ​ជ្រើស​រើស​ពូជ និង​តម្លៃ ចំណែក​អ្នក​ទិញ​យក​ទៅ​កែច្នៃ ឬ​នាំចេញ ​ក៏មិន​សូវ​បារម្ភ​ពី​ការ​ស្វែង​រក​ទិញ​ផងដែរ។

លោក​បាន​ថ្លែង​ថា “ប្រសិន​បើ​យើង​អនុវត្ត​បាន​បែប​នេះ គឺ​កសិកម្ម ​នឹង​ក្លាយ​ទៅ​ជា​ចលករ​មួយ​សំខាន់ ​ក្នុង​ការ​ជំរុញ​កំណើ​ន​សេដ្ឋកិច្ច​ជាតិ”។

ប្រធាន​សមាគម​ស្វាយចន្ទី​កម្ពុជា លោក អួន ស៊ីឡូត បាន​មានប្រសាសន៍ថា ការ​កើន​ឡើង​បរិមាណ និង​ទឹក​ប្រាក់នាំ​ចេ​ញ​ផលិតផល​កសិកម្ម​ គឺ​ជា​ព័ត៌មាន​ល្អ​បំផុត ព្រោះ​បើ​គេ​សង្កេត​មើល​ស្ថានភាព​ការងារ​របស់​ប្រជាជន​ខ្មែរ ​ក៏​មាន​ចំនួន​ច្រើន​ផងដែរ​ក្នុង​វិស័យ​កសិកម្ម។​

ទោះយ៉ាង​ណា​បើ​កម្ពុជា​ អាច​លើក​កម្ពស់​សមត្ថភាព​ក្នុង​ការ​កែច្នៃ​ផលិត​ផល​ទាំង​អស់​នោះ ​ឱ្យ​ក្លាយ​ជា​ផលិត​ផល​សម្រេ​ច គឺ​កម្ពុជា​នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​ កាន់​តែ​ច្រើន​ថែម​ទៀត។ សម្រាប់​គ្រាប់​ស្វាយចន្ទី​ ដែល​មិន​ទាន់​កែច្នៃ​ការ​នាំ​ចេញ គឺ​មាន​ទឹក​ប្រាក់​ប្រហែល១,១​ ពាន់​លាន​ដុល្លារ។

លោក​ប្រាប់​ទៀត​ថា មូល​ហេតុ​ដែល​កម្ពុជា​ នាំ​ចេញ​ផលិ​តផល​ស្រស់ ឬ​ឆៅ​ក្នុង​បរិមាណ​ច្រើន​រៀង​រាល់​ឆ្នាំ គឺ​ដោយ​សារ​កត្តា​ធំៗ​មួយ​ចំនួន​ដូចជា ​កង្វះ​ទុន​សម្រាប់​យក​ទៅ​ប្រមូល​ទិញ​កសិផល​ពី​ប្រជាកសិករ មិន​សូវ​មាន​រោង​ចក្រ​កែច្នៃ ឡសម្ងួត ​និង​ឃ្លាំង​ស្តុកជាដើម។ បញ្ហា​ទាំង​អស់​នេះ ​បាន​បណ្តាល​ឱ្យ​មាន​ការ​ហូរ​ចេញ​កសិផល ​មិន​ទាន់​កែច្នៃ​ជា​ច្រើន​ទៅ​ប្រទេស​ជិត​ខាង ដែល​គេ​មាន​លទ្ធភាព​គ្រប់​គ្រាន់ ​ក្នុង​ការ​ប្រមូល​ផលិត​ផល​ពី​កម្ពុជា​ទៅ​កែច្នៃ​បន្ត និង​ដាក់​លក់​នៅ​ទីផ្សារ​អន្តរជាតិ​។

ក្រៅ​ពី​ដំណាំ​ស្វាយចន្ទី កម្ពុជា​ក៏​បាន​នាំ​ចេញ​កសិផល​ជា​ច្រើន​ផ្សេង​ទៀត ក្នុង​នោះ អង្ករ​មាន​ចំនួន៥០៧,០២៩តោន​ដោយទទួល​បាន​ប្រាក់​ប្រមាណ៣៧៦,៦៣លាន​ដុល្លារ។ ព្រម​ជា​មួយ​គ្នា​នេះ ​កម្ពុជា​ក៏​បាន​នាំ​ចេញ​ស្រូវ ចំនួន៤,០៣៦, ៣៣៦ តោន ដែល​គិត​ជា​ទឹកប្រាក់​ប្រមាណ១១៨៤.១៦លាន​ដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here