ដោយៈ ម៉ាណា
ភ្នំពេញៈ លោកVanlalvawna Bawitlung ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាថ្មីប្រចាំកម្ពុជា បានកោតសរសើរពីប្រព័ន្ឋទូទាត់របស់ប្រទេសនេះ និងបានចាត់ទុកកម្ពុជាជាទិសដៅវិនិយោគ ដែលអ្នកធុរកិច្ចឥណ្ឌាមិនគួរមើលរំលង។
លោកបានថ្លែងបែបនេះ ក្នុងពេលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅធនាគារជាតិនៃកម្ពុជាអគារវត្តភ្នំ។
លោកជំទាវ ទេសាភិបាល បានមានប្រសាសន៍ស្វាគមន៍ លោកឯកអគ្គរដ្ឋទូត និងបានលើកឡើងពីទំនាក់ទំនងល្អ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឥណ្ឌា ព្រមទាំងបានចែករំលែកទស្សនាទានអំពីវឌ្ឍនភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងប្រព័ន្ធហិរញ្ញវត្ថុកម្ពុជា រួមទាំងការសហការរៀបចំគម្រោងទូទាត់ឆ្លងដែន រវាងកម្ពុជា និងឥណ្ឌា ដែលនឹងសម្រួលដល់ការទូទាត់ភ្លាមៗ រវាងទេសចរខ្មែរនៅប្រទេសឥណ្ឌា ក៏ដូចជាទេសចរឥណ្ឌាមកទស្សនានៅកម្ពុជាផងដែរ។
លើសពីនេះ លោកជំទាវក៏បានជម្រាបជូន ពីស្ថានភាពអំណោយផលនៅកម្ពុជា សម្រាប់វិយោគិនឥណ្ឌាធ្វើការវិនិយោគ ពិសេសសុខសន្តិភាពនិងស្ថិរភាពនយោបាយ ការធ្វើដំណើរតាមរយៈការហោះហើរត្រង់រវាងទីក្រុងភ្នំពេញ-ញូវដេលីជាដើម និងបានស្នើឱ្យលោក ឯកអគ្គរដ្ឋទូត ជួយផ្សព្វផ្សាយនិងលើកទឹកចិត្ត ដល់វិនិយោគិនឥណ្ឌា ជាពិសេសគ្រឹះស្ថានហិរញ្ញវត្ថុធំៗ ឱ្យមកសិក្សាស្វែងយល់ពីទីផ្សារវិនិយោគនៅកម្ពុជាផងដែរ។
លោកឯកអគ្គរដ្ឋទូតបានលើកឡើងថា ការវិនិយោគនៅកម្ពុជា គឺជាឱកាសមួយ ដែលវិនិយោគិនឥណ្ឌាមិនត្រូវមើលរំលង ជាពិសេសក្នុងវិស័យធនាគារ ដែលមានការវិវត្តរីកចម្រើនយ៉ាងឆាប់រហ័ស។
លោកក៏បានកោតសរសើរ នូវប្រព័ន្ធទូទាត់កម្ពុជា ដែលមានភាពទំនើបប្រកបដោយបច្ចេកវិទ្យាខ្ពស់ និងគាំទ្រយ៉ាងពេញទំហឹងចំពោះការតភា្ជប់ការទូទាត់ឆ្លងដែន រវាងប្រទេសទាំងពីរ ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញវិស័យទេសចរណ៍ ក៏ដូចជាសេដ្ឋកិច្ចនៃប្រទេសទាំងពីរ៕