លោកជំទាវជា សិរីលើកឡើងពីបញ្ហាប្រឈមពីការកើនឡើង ឥណទានមិនដំណើរការ

ដោយៈ ម៉ាណា

ភ្នំពេញៈ លោកជំទាវជា សិរីទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ទោះជាសេដ្ឋកិច្ចកម្ពុជា បានកើនឡើងយ៉ាងឆាប់រហ័សក្តី កម្ពុជាប្រឈមនឹងភាពមិនប្រាកដប្រជាជាច្រើន ជាពិសេសការកើនឡើងឥណទានមិនដំណើរការ។

ទោះយ៉ាងណា ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យមានការរៀបចំ ឥណទានឡើងវិញចាប់ពីវិបត្តិជំងឺកូវីដ-១៩ ហើយរំពឹងថាស្ថានភាពនេះ នឹងមានភាពប្រសើរនាពេលខាងមុខ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកជំទាវបណ្ឌិត ជា សិរីបានថ្លែងបែបនេះ ក្នុងពេលអនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ Ricardo Hausmann នាយកស្ថាបនិកនៃ Harvard’s Growth Lab និងគណៈប្រតិភូនៃកម្មវិធីភាពជាដៃគូកម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់(CAPRED​) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារកាលពីចុងសប្តាហ៍មុន។

គោលបំណងនៃជំនួបនេះ ធ្វើឡើងដើម្បីពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ចនិងវិស័យធនាគារ នយោបាយរូបិយវត្ថុ ព្រមទាំងការអភិវឌ្ឍប្រព័ន្ធទូទាត់នៅកម្ពុជា។

លោកសាស្ត្រាចារ្យបានលើកឡើង ពីការរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា ដែលបានកើនឡើងប្រមាណ៦% ឥទ្ធិពលនៃវិស័យសំណង់មកលើវិស័យធនាគារ ឧបសគ្គនៃការរារាំងដល់វិស័យកសិកម្ម ពីការកើនឡើងលឿន របបអត្រាប្តូរប្រាក់កម្ពុជា និងការប្រើប្រាស់ប្រាក់រៀល។

លោកជំទាវជា សិរីបានបន្តថា ទន្ទឹមនេះ រាជរដ្ឋាភិបាល ក៏ដូចជាធនាគារជាតិនៃកម្ពុជាបាន និងកំពុងយកចិត្តទុកដាក់បន្ថែមទៀត ទៅលើការអនុវត្តវិធានការនានា ដែលនឹងរួមចំណែកគាំទ្រវិស័យកសិកម្មឱ្យកាន់តែមានការរីកចម្រើន។

លើសពីនេះ ធនាគារជាតិនៃកម្ពុជា បន្តលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល និងរក្សាស្ថិរភាពអត្រាប្តូរប្រាក់រៀល ធៀបនឹងដុល្លារអាមេរិក ដើម្បីរួមចំណែករក្សាស្ថិរភាពថ្លៃ សំដៅការពារអំណាចទិញរបស់ប្រជាជន។

លោកជំទាវ ទេសាភិបាល ក៏បានជម្រាបជូនផងដែរពីកិច្ចខិតខំប្រឹង​ប្រែងរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការបន្តអភិវឌ្ឍប្រព័ន្ធទូទាត់សងប្រាក់ឱ្យកាន់តែសម្បូរបែប ទាំងក្នុងប្រទេសនិងឆ្លងដែន ដែលបច្ចុប្បន្នមានធនាគារកណ្តាលមួយចំនួន កំពុងសិក្សាស្វែងយល់ពីបទពិសោធរបស់កម្ពុជា៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here