ដោយ: គង់ លាងហួរ
ប៉េកាំង: ធនាគារកណ្តាលរបស់ប្រទេសចិនបានពង្រឹងការការពារកាន់តែរឹងមាំសម្រាប់ប្រាក់យ័ន និងទីផ្សារប្តូរប្រាក់ក្នុងស្រុក ខណៈរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ដូ ណាល់ត្រាំ ត្រូវបានគេរំពឹងថា នឹងបញ្ឆេះសង្គ្រាមពាណិជ្ជកម្ម និងអត្រាប្តូរប្រាក់។
តួយ៉ាង ធនាគារកណ្ដាលចិនបានប្រកាសអនុញ្ញាតឱ្យបណ្តាក្រុមហ៊ុន-សហគ្រាសចិនអាចខ្ចីប្រាក់កាន់តែច្រើនបន្ថែមទៀតពីក្រៅប្រទេស ដើម្បីទប់ស្កាត់មិនឱ្យអត្រាប្តូរប្រាក់យ័នដាំក្បាលចុះខ្លាំងធៀបនឹងប្រាក់ដុល្លារអាមេរិក។
ក្រុមអ្នកជំនាញបានលើកឡើងថា ការអនុញ្ញាតឱ្យបណ្តាក្រុមហ៊ុនចិននានាអាចខ្ចីបំណុលបរទេសកាន់តែច្រើន ស្ថិតក្នុងចំណោមគោលនយោបាយ ដែលរដ្ឋាភិបាលទីក្រុងប៉េកាំងកំពុងអនុវត្តន៍យ៉ាងប្រុងប្រយ័ត្ន ខណៈប្រាក់យ័នបានធ្លាក់ថ្លៃចុះយ៉ាងគំហុកធៀបនឹងប្រាក់ដុល្លារអាមេរិក។
លោក Zhu Tian សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចនៅសាលាធុរកិច្ចអន្តរជាតិចិន-អឺរ៉ុបក្នុងទីក្រុងសៀងហៃបានអះអាងថា “ចំណាត់ការនេះអាចជួយបន្ធូរបន្ថយសម្ពាធនៃការធ្លាក់ថ្លៃនៃរូបិយបណ្ណក្នុងស្រុក និងបង្កើនទំហំបំណុលនៅក្រៅប្រទេសរបស់សហគ្រាសចិន”។
លោក Zhu Tian បានគូសបញ្ជាក់ទៀតថា “ជាលទ្ធផល ប្រសិនបើប្រាក់ដុល្លារអាមេរិកហូរចូលកាន់តែច្រើនមកកាន់ប្រទេសចិន នោះការណ៍នេះពិតជានឹងជួយធ្វើឱ្យប្រាក់យ័នមានស្ថិរភាព”។
ទុនបម្រុងអន្តរជាតិរបស់ប្រទេសចិនមានទំហំទឹកប្រាក់ចំនួន៣,២ទ្រីលានដុល្លារអាមេរិកគិតត្រឹមដំណាច់ចុងខែធ្នូ ឆ្នាំ២០២៤កន្លងទៅ។នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារពត៌មាន Reuters ។
លោក Lynn Song សេដ្ឋវិទូជាន់ខ្ពស់នៅក្រុមហ៊ុន ING Greater China បានលើកឡើងថា ការរក្សាស្ថិរភាពរូបិយបណ្ណក្នុងស្រុកនៅតែជាអាទិភាពសំខាន់របស់ធនាគារកណ្តាលចិន ទោះបីជាក្រុមអ្នកវិភាគមួយចំនួនបានអះអាងអំពីលទ្ធភាពនៃការទាញទម្លាក់តម្លៃប្រាក់យ័ន ដោយចេតនា ដើម្បីទប់ទល់នឹងផលប៉ះពាល់ពីការដំឡើងពន្ធរបស់សហរដ្ឋអាមេរិកលើទំនិញចិនយ៉ាងណាក្តី។
ចំណាត់ការនេះក៏បានគូសបញ្ជាក់ផងដែរអំពីការប្តេជ្ញាចិត្តរបស់ធនាគារកណ្តាលចិនក្នុងការស្តារកំណើនសេដ្ឋកិច្ចឡើងវិញ ដោយជំរុញលំហូរសាច់ប្រាក់ និងរក្សាស្ថិរភាពរូបិយបណ្ណជាតិ ស្របពេលមានភាពមិនប្រាកដប្រជាផ្នែកនយោបាយ និងសេដ្ឋកិច្ច៕ប្រភព: Reuters & SCMP៕