ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាសុីបានងើបឡើងថ្លៃនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់នៅសហរដ្ឋអាមេរិកបានកើនឡើងស្របតាមការព្យាករណ៍ក្នុងរង្វង់០,៣%កាលពីខែវិច្ឆិកា។ការណ៍នេះបានពង្រឹងការភ្នាល់លើការទម្លាក់អត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិកនៅសប្តាហ៍ក្រោយ។
តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅក្រៅប្រទេសជប៉ុនបានងើបឡើងថ្លៃចំនួន០,៧៤ភាគរយ គិតត្រឹមម៉ោង១០:៤៦នាទីព្រឹក។
ជាមួយគ្នានេះ សន្ទស្សន៍ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ១,៤២ភាគរយ ខណៈផ្សារហ៊ុន Topix បានងើបឡើងថ្លៃ១,១ភាគរយ ហើយ សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ១,៤២ភាគរយ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីប CSI300 របស់ប្រទេសចិនបានងើបឡើងថ្លៃ០,៨៤ភាគរយ ខណៈពេលសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានងើបឡើងថ្លៃ០,៦៤ភាគរយ។
ចំណែកឯ ផ្សារហ៊ុន S&P /ASX 200 របស់ប្រទេសអូស្ត្រាលីបានធ្លាក់ថ្លៃចុះ០,២៩ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,២៩ភាគរយ៕








