តើផ្សារហ៊ុនធំជាងគេបំផុតក្នុងតំបន់អាស៊ានមានទីតាំងនៅប្រទេសណា និងមានឥទ្ធិពលដូចម្តេច?

ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុនឥណ្ឌូនេស៊ី(Indonesia Stock Exchange) ជាផ្សារហ៊ុនធំជាងគេបំផុតនៅក្នុងតំបន់អាស៊ាន ដែលមានតម្លៃមូលធនបត្រទីផ្សារសរុបចំនួន៨៨១ពាន់លានដុល្លារគិតត្រឹមថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤។

ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ផ្សារហ៊ុនឥណ្ឌូនេស៊ីសម្រេចបានកំណើនសមាជិកភាពលឿនបំផុតនៅតំបន់អាស៊ី។ គិតត្រឹមខែតុលា ឆ្នាំ២០២៤ ផ្សារហ៊ុនឥណ្ឌូនេស៊ីមានក្រុមហ៊ុនចុះបញ្ជីចំនួន៩៣៨ក្រុមហ៊ុន ហើយចំនួនវិនិយោគិនសរុបបានកើនឡើងដល់ប្រមាណ១៤,២លាននាក់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្សារហ៊ុនឥណ្ឌូនេស៊ីមាន​មូលដ្ឋាន​នៅ​ទីក្រុង​ហ្សាកាតា។ ដើមឡើយ ផ្សារហ៊ុននេះមានឈ្មោះថា “Jakarta Stock Exchange (JSX)” មុនពេលត្រូវបានប្តូរឈ្មោះទៅជាផ្សារហ៊ុនឥណ្ឌូនេស៊ី(Indonesia Stock Exchange) នៅឆ្នាំ២០០៧ បន្ទាប់ពីច្របាច់រួមបញ្ចូលគ្នាជាមួយផ្សារហ៊ុន Surabaya Stock Exchange (SSX)។

តើផ្សារហ៊ុនឥណ្ឌូនេសុីត្រូវបានបង្កើតឡើងយ៉ាងដូចម្តេច?

ផ្សារហ៊ុនហ្សាការតា (Jakarta Stock Exchange) បានបើកដំណើរការដំបូងក្នុងឆ្នាំ១៩១២ នៅពេលដែលប្រទេសឥណ្ឌូនេស៊ីស្ថិតក្រោមអាណានិគមរបស់ប្រទេសហូឡង់។ ផ្សារហ៊ុននេះបានបិទទ្វារជាច្រើនដងក្នុងអំឡុងពេលសង្គ្រាមលោកលើកទីមួយ និងលើកទីពីរ ហើយបានបើកដំណើរការឡើងវិញជាផ្លូវការនៅឆ្នាំ១៩៧៧ ។

ផ្សារហ៊ុននេះត្រូវបានគ្រប់គ្រងដោយស្ថាប័ន “Badan Pengawas Pasar Modal ឬ Bapepam” ដែលជាភ្នាក់ងារត្រួតពិនិត្យទីផ្សារមូលធន។

សកម្មភាពជួញដូរ និងមូលធននីយកម្មទីផ្សារទាំងមូលមានការកើនឡើង ដោយផ្សារភ្ជាប់វិស័យឯកជនជាមួយការអភិវឌ្ឍន៍ទីផ្សារហិរញ្ញវត្ថុរបស់ប្រទេសឥណ្ឌូនេស៊ី។ នៅឆ្នាំ១៩៩២ ក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Jakarta Exchange Inc. ផ្សារហ៊ុនហ្សាការតា ត្រូវបានធ្វើឯកជនភាវូបនីយកម្ម។

ការធ្វើឯកជនភាវូបនីយកម្មនៃផ្សារហ៊ុន JSX បាននាំឱ្យមានការផ្លាស់ប្តូរមុខងារនៃស្ថាប័ន Bapepam។ ក្នុងឆ្នាំ១៩៩៥ JSX បានបោះផ្សាយប្រព័ន្ធជួញដូរភាគហ៊ុនស្វ័យប្រវត្តិ,ដែលហៅថា “Jakarta Automated Trading System” ឬ JATS ។

នៅក្នុងឆ្នាំ២០០៧ ផ្សារហ៊ុនហ្សាកាតាត្រូវបានច្របាច់រួមបញ្ចូលគ្នាជាមួយផ្សារហ៊ុន Surabaya ហើយបង្កើតបានទៅជាផ្សារហ៊ុនឥណ្ឌូនេស៊ី។

តើផ្សារហ៊ុនឥណ្ឌូនេសុីមានឥទ្ធិពលបែបណាលើសេដ្ឋកិច្ចរបស់ប្រទេសនេះ?

ជាធម្មតា ផ្សារហ៊ុននានាត្រូវបានបង្កើតឡើងដើម្បីសម្រួលដល់សាធារណជនក្នុងការវិនិយោគលើមូលបត្រ ហើយក៏ដើម្បីជួយសម្រួលដល់បណ្តាក្រុមហ៊ុនក្នុងការទទួលបានដើមទុនផងដែរ។

ការចាប់អារម្មណ៍ខ្ពស់របស់ប្រជាជននៃប្រទេសមួយក្នុងការវិនិយោគលើភាគហ៊ុនក៏នឹងលើកទឹកចិត្តឱ្យក្រុមហ៊ុននានាបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈផងដែរ។ ការណ៍នេះនឹងជំរុញឱ្យមានការកើនឡើងនៃចំនួនអ្នកបោះផ្សាយលក់មូលបត្រ ព្រមទាំងបង្កើនបរិមាណនៃការជួញដូរមូលបត្រ។

ភាពរីកចម្រើននៃទីផ្សារមូលធននៅក្នុងប្រទេសមួយអាចឆ្លុះបញ្ចាំងតាមរយៈចំនួនភាគហ៊ុនដែលត្រូវបានជួញដូរ ចំនួនក្រុមហ៊ុនដែលបានចុះបញ្ជី បរិមាណប្រតិបត្តិការ តម្លៃប្រតិបត្តិការ និងតម្លៃមូលធនបត្រទីផ្សារ។

ចាប់ពីឆ្នាំ២០០៦ដល់ឆ្នាំ២០១៥ ចំនួនក្រុមហ៊ុន ដែលបានចុះបញ្ជីលើផ្សារហ៊ុនឥណ្ឌូនេស៊ីបានកើនឡើងជារៀងរាល់ឆ្នាំ។ ការណ៍នេះបង្ហាញថា បណ្តាក្រុមហ៊ុនកាន់តែច្រើនស្វែងរកដើមទុនតាមរយៈវិធីសាស្ត្រផ្សេងក្រៅពីធនាគារ ដើម្បីធ្វើការអភិវឌ្ឍន៍ និងការវិនិយោគនៅក្នុងក្រុមហ៊ុនរបស់ពួកគេ។

និន្នាការវិជ្ជមាននៃផ្សារហ៊ុនឥណ្ឌូនេសុីក៏បង្ហាញឱ្យឃើញផងដែរថា ប្រាក់ចំណូលរបស់បណ្តាអ្នកវិនិយោគ ដែលជួញដូរភាគហ៊ុនលើផ្សារហ៊ុនឥណ្ឌូនេស៊ីកំពុងកើនឡើង។

ដូច្នេះ ភាពប្រសើរឡើងនៃមូលដ្ឋានគ្រឹះរបស់បណ្តាក្រុមហ៊ុននានា និងការស្តារទំនុកចិត្តរបស់ក្រុមអ្នកវិនិយោគនៅក្នុងទីផ្សារមូលធន ឆ្លុះបញ្ចាំងពីស្ថានភាពប្រសើរឡើងនៃសេដ្ឋកិច្ចជាតិរបស់ឥណ្ឌូនេសុី៕ប្រភព: Corporate Finance Institute & Wikipedia៕

LEAVE A REPLY

Please enter your comment!
Please enter your name here