ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុន Binance ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៧ ដោយលោកChangpeng Zhao ឬ CZ ជាជនជាតិចិន។ បច្ចុប្បន្ន Binance បានក្លាយជាទីផ្សារជួញដូរ រូបិយប័ណ្ណគ្រីបតូដ៏ធំជាងគេបំផុតនៅក្នុងពិភពលោក។
ការជួញដូរជាមធ្យមក្នុងទីផ្សារBinance ក្នុងមួយថ្ងៃមានទំហំទឹកប្រាក់ ប្រមាណ១០ពាន់លានដុល្លារអាមេរិក និងមានចំនួនប្រតិបត្តិរាប់លានដងក្នុងមួយវិនាទី។
Binance ជាទីផ្សារអនឡាញសុទ្ធសាធ ដែលគ្មានការិយាល័យ ឬទីតាំងជាក់ស្តែងឡើយ។ Binance កំពុងតែត្រូវបានបើកដាក់ឱ្យប្រើប្រាស់ និងចរាចរណ៍បានទូទាំងសកលលោក។
ក្រៅពីដើរតួនាទីជាទីផ្សារទិញ- លក់គ្រីបតូ ហើយនោះ ក្រុមហ៊ុន Binance ក៏មានផលិតផល និងសេវាកម្មជាច្រើនទៀតផងដែរ ដូចជា ការទូទាត់ ការទិញភាគហ៊ុនរបស់ក្រុមហ៊ុនមួយចំនួន ការតម្កល់កាក់ យកអត្រាការប្រាក់ ប្រាក់កម្ចី ការកក់កន្លែងស្នាក់នៅ និងសេវាកម្មជាច្រើនទៀត។
Binance ក៏មានរូបិយបណ្ណគ្រីបតូផ្ទាល់ខ្លួនផងដែរ ដែលមានអក្សរតំណាង“BNB”។ គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៤នេះ ក្រុមហ៊ុនBinance មានតម្លៃមូលធនបត្រទីផ្សារសរុបជាទឹកប្រាក់ ចំនួន១៦១ពាន់លានដុល្លារអាមេរិក។
ដោយសារតែក្រុមហ៊ុន Binance ដើរតួជាទីផ្សារសម្រាប់ទិញ-លក់គ្រីបតូ ក៏ដូចជា ផលិតផលនិស្សន៍ហិរញ្ញវត្ថុជាច្រើនទៀត ហេតុនេះហើយ វាជារឿងចាំបាច់ដែលក្រុមហ៊ុន Binance ត្រូវស្នើសុំអាជ្ញាប័ណ្ណ និងទទួលស្គាល់ដោយអជ្ញាធរនិយ័តកររបស់បណ្តាប្រទេស ដែលក្រុមហ៊ុន Binance ដំណើរការ។
យ៉ាងណាមិញ ក្រុមហ៊ុនBinance កំពុងធ្វើប្រតិបត្តិការដោយគ្មានការិយាល័យ និងការចុះបញ្ជីជាផ្លូវការឡើយ ហើយក៏មិនមានអាជ្ញាប័ណ្ណ ត្រឹមត្រូវនោះដែរ។
ជុំវិញបញ្ហានេះ រាជរដ្ឋាភិបាលនៃបណ្តាប្រទេសធំៗជាច្រើន បានចេញសេចក្តី សម្រេចផ្អាក ហាមឃាត់ និងព្រមានប្រជាជនខ្លួន ទាក់ទងទៅនឹងការប្រើប្រាស់ប្រព័ន្ធ Binance ដែលក្នុងនោះរួមមាន ដូចជា ប្រទេសអាល្លឺម៉ង់ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ឥណ្ឌា ហុងកុង និងសិង្ហបុរីជាដើម។
រដ្ឋាភិបាលនៃប្រទេសទាំងនេះ សុទ្ធតែបានបង្ហាញសេចក្តីបារម្ភដូចគ្នា ទាក់ទងទៅនឹងប្រតិបត្តិការរបស់ក្រុមហ៊ុន Binance ព្រោះប្រព័ន្ធ Binance នេះមិនអាចធានាថា មានភាពត្រឹមត្រូវ ហើយក៏មិនអាចបញ្ចៀសកង្វល់ ទាក់ទងទៅនឹងការលាងលុយកខ្វក់ ការជួញដូរខុសច្បាប់ និងអំពើចោរកម្មនៅលើប្រព័ន្ធឌីជីថលនោះដែរ។
តើមានអាថ៌កំបាំងអ្វីនៅពីក្រោយការពង្រីកខ្លួនដ៏ឆាប់រហ័សរបស់ក្រុមហ៊ុន Binance?
ដើមឡើយ ក្រុមហ៊ុន Binance មានស្ថាបនិកតែ២រូបប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយផ្លូវការ របស់គេហទំព័រ www.binance.com។
នៅក្នុងបទសម្ភាសន៍ជាមួយសារពត៌មាន Crypto AM លោកស្រី Yi He សហស្ថាបនិកក្រុមហ៊ុនBinance រួមជាមួយលោក Changpeng Zhao ឬ CZ បានបង្ហើបហេតុផលធំៗចំនួន៣ នៅពីក្រោយការពង្រីកវិសាលភាព បានយ៉ាងលឿនបែបនេះមានដូចជា។
ទី១. ការជឿជាក់លើអនាគត ដែលខ្លួនបានមើលឃើញ
លោកស្រី Yi He ជាមិត្តនឹងលោក CZ ដែលជាអ្នកវិនិយោគដំបូងបង្អស់ នៅក្នុងឧស្សាហកម្មគ្រីបតូ ហើយក៏ជាអ្នកចូលរួមលើកកម្ពស់បច្ចេកវិទ្យាថ្មីនេះផងដែរ។
បន្ទាប់ពីបានធ្វើការស្រាវជ្រាវដោយខ្លួនឯង លោកស្រីបានជឿជាក់ថា បច្ចេកវិទ្យា Blockchain និងរូបិយបណ្ណគ្រីបតូ អាចផ្លាស់ប្តូរប្រព័ន្ធហិរញ្ញវត្ថុដែលមានស្រាប់។
លោកស្រីបានថ្លែងថា “ខ្ញុំគិតថា វាពិតជាមានសក្តានុពលក្នុងការជួយមនុស្សទូទាំងពិភពលោក។ ខ្ញុំបានសម្រេចចិត្តចូលរួមយ៉ាងលឿន ព្រោះខ្ញុំជឿថា វានឹងក្លាយទៅជាអនាគតដ៏ល្អប្រសើរមួយ”។
លោកស្រីបានរំលឹកថា ការសម្រេចចាកចេញពីតួនាទីនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីចូលរួមប្រឡូក ទៅក្នុងពិភពមិនច្បាស់លាស់ នៃទ្រព្យសម្បត្តិឌីជីថលរបស់លោកស្រី ជាការសម្រេចចិត្តដ៏ងាយស្រួលបំផុត ហើយលោកស្រីពុំមានការស្តាយក្រោយនោះឡើយ។
លោកស្រីអះអាងថា “ការប្រណាំងប្រជែងជាមួយខ្លួនឯងជាទេពកោសល្យរបស់ខ្ញុំ។ ខ្ញុំគិតថា មនុស្សជាច្រើនកំណត់ដែនកំណត់សម្រាប់ខ្លួនឯង”។ លោកស្រីបន្ថែមថា “ដូច្នេះ ពួកគេចូលចិត្តជីវិតបែបរីករាយ និងចង់រស់នៅទីណា ដែលពួកគេគិតថាងាយស្រួល”។
ទី២. ការស្វែងរកដៃគូដែលមានឆន្ទៈ និងក្តីស្រមៃរួមគ្នា
នៅឆ្នាំ២០១៤ ត្រឹមតែ៥ឆ្នាំ បន្ទាប់ពីការបើកដំណើរការ Bitcoin ដែលជារូបិយប័ណ្ណគ្រីបតូ ដំបូងគេរបស់ពិភពលោក លោកស្រីបានសហការបង្កើត គ្រីបតូមួយឈ្មោះ “OkCoin”។
លោកស្រីបានជួបជាមួយលោក CZ ជាលើកដំបូងនៅក្នុងសន្និសីទមួយ និងបានមើលការធ្វើបទបង្ហាញរបស់លោកស្តីអំពីបច្ចេកវិទ្យា Blockchain។
លោកស្រីបានលើកឡើងថា “គាត់ជាមនុស្សដំបូង ដែលធ្វើឱ្យខ្ញុំមានអារម្មណ៍ថា គាត់មានជំនាញក្នុងការផ្ទេរបច្ចេកវិទ្យាពិបាកៗទៅជាភាសាសាមញ្ញ ដែលមនុស្សអាចយល់បាន”។
ទី៣. ការផ្តោតលើគោលដៅជាធំ
បន្ទាប់ពីធ្វើការជាមួយគ្នាបានប៉ុន្មានខែ អ្នកទាំងពីរបានចាកចេញពីអាជីវកម្ម OkCoin។
លោក CZ បានផ្តល់ការទុកចិត្ត ដោយបានអញ្ជើញលោកស្រី Yi He ឱ្យចូលរួមចាប់ផ្តើមបង្កើតក្រុមហ៊ុន Binance ជាមួយគ្នានៅពាក់កណ្តាលឆ្នាំ២០១៧។
ក្នុងរយៈពេលត្រឹមតែ៥ឆ្នាំប៉ុណ្ណោះ ក្រុមហ៊ុននេះបានឈានជើងចូល ទៅកាន់ទីផ្សារពិភពលោកមួយ ដែលមានបុគ្គលិកចំនួន៥.០០០នាក់ និងអ្នកប្រើប្រាស់ចំនួន៩០លាននាក់។
ក្នុងនាមជាសហស្ថាបនិក Binance លោកស្រី Yi He បានអះអាងថា “ខ្ញុំពិតជាមិនមានអារម្មណ៍ភ្ញាក់ផ្អើលទេ។ នៅពេលខ្ញុំចូលរួមជាមួយក្រុមហ៊ុន Binance ខ្ញុំដឹងថានេះជាគោលដៅរបស់យើង”៕ប្រភព:Binance.Com៕











