ដោយ៖ លក្ខិណា
ភ្នំពេញ៖ ក្រោមគំនិតផ្ដួចផ្ដើមរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ក្នុងការបង្កើតមូលនិធិ សម្រាប់ការឆ្លើតយតបនឹងជំងឺកូវីដ១៩ និងរៀបចំស្ដារសម្បទាសេដ្ឋកិច្ចឡើងវិញ ដែលមូលនិធិនេះ បានដាក់ចេញតាំងពីដើមឆ្នាំ ហើយកម្ពុជា ក្នុងនាមជាប្រទេសសមាជិក ប្រកាសគាំទ្រដល់ការបង្កើតមូលនិធិ ក្នុងការជួយដល់ប្រទេសរងគ្រោះ។
សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចកក្រកម្ពុជា បានថ្លែងនៅក្នុងសម័យប្រជុំពិសេសលើកទី៣១ របស់មហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០នេះថា មកដល់បច្ចុប្បន្ន ជំងឺកូវីដ-១៩ បានឆ្លងរីករាលដាលដល់គ្រប់ប្រទេស និងបានធ្វើឱ្យមនុស្ស រាប់សែននាក់បាត់បង់ជីវិត។
ក្នុងន័យនេះ កម្ពុជាយល់ឃើញថា ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ- ១៩ មិនគួរត្រូវបានប្រទេសណាមួយឆ្លៀតយកមកអនុវត្តជារបៀបវារៈភូមិសាស្ត្រនយោបាយរបស់ ខ្លួននោះឡើយ។
សម្ដេចតេជោ មានប្រសាសន៍បន្តថា ខណៈដែលជីវិតមនុស្សរាប់លាននាក់ នៅទូទាំងពិភពលោកកំពុងស្ថិតនៅក្នុងហានិភ័យ, ការធ្វើនយោបាយរបស់ប្រទេសណាមួយលើបញ្ហាសុខភាពសាធារណៈ និងបរិហាររបស់ពួកគេ លើសមត្ថភាពគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លង គឺមិនមានប្រយោជន៍អ្វីដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនេះឡើយ ។ ផ្ទុយទៅវិញ, សាមគ្គីភាព និង ឯកភាពគ្នាក្នុងតំបន់ និងជា សកល គឺជាធាតុសកម្មមិនអាចខ្វះបាន នៅក្នុងអំឡុងពេលនៃវិបត្តិបែបនេះ។
សម្ដេចតេជោ បានបន្ថែមថា ទោះបីជាវិបត្តិសុខភាពសាធារណៈនេះអាចនឹងបញ្ចប់ទៅនាពេលអនាគតខ្លីខាងមុខ, ប្រទេស ទាំងអស់ នឹងនៅតែត្រូវដោះស្រាយបន្តទៀតនូវបញ្ហាប្រឈម ក្នុងដំណាក់កាលនៃការស្ដារសម្បទា សេដ្ឋកិច្ចឡើងវិញ ។
ជាការពិត ជំនួយអាចជាចំណែកតូចមួយនៃការស្តារនេះ ក៏ប៉ុន្តែកត្តា ដែលសំខាន់មិនអាចខ្វះបានគឺ ការបន្តរក្សាបាននូវយន្តការពហុភាគីនិយម, សកលភាវូបនីយកម្មនិយម, ពាណិជ្ជសរីភាវូបនីយកម្ម, ខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និង ពិភពលោក, ពាណិជ្ជកម្មឆ្លងកាត់ព្រំដែន, ការវិនិយោគ, ទេសចរណ៍អន្តរជាតិ និង ការធ្វើដំណើរជាទូទៅ។
ក្នុងន័យនេះ កម្ពុជាគាំទ្រពេញទំហឹង នូវគំនិតផ្តួចផ្តើមរបស់អគ្គលេខាធិការ អសប អំពីការបង្កើតមូលនិធិ អសប សម្រាប់ការឆ្លើយតបនឹងជំងឺកូវីដ-១៩ និងការរៀបចំស្ដារសម្បទាសេដ្ឋកិច្ចឡើងវិញ ដែលត្រូវបានដាក់ចេញកាលពីដើមឆ្នាំនេះ៕







