លោកជំទាវជា សិរីបង្ហាញខ្លួនជាមួយវាគ្មិនលំដាប់ពិភពលោកក្នុងកិច្ចពិភាក្សាស្តីពីការទូទាត់ឆ្លងដែន

ដោយៈ គង់ សិរីម៉ាលីនណា

       អន្តរជាតិៈ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាស្តីពីប្រធានបទ “អនាគតនៃប្រតិបត្តិការទូទាត់ឆ្លងដែន៖ កាន់តែលឿន កាន់តែសុវត្ថិភាព និងកិច្ចសហប្រតិ​បត្តិ​ការល្អ” នៅក្នុងព្រឹត្តិការណ៍ G20 (G20 Event) រៀបចំឡើងដោយធនាគារសម្រាប់ការទូទាត់អន្តរជាតិ (BIS)។

កិច្ចពិភាក្សាបានប្រារពធ្វើ កាលពីរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ នៅទីស្នាក់ការកណ្តាលនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចពិភាក្សានេះ ក៏មានវត្តមានចូលរួមពីឥស្សរជន ជាថ្នាក់ដឹកនាំល្បីៗ ក្នុងវិស័យហិរញ្ញវត្ថុលើពិភពលោក រួមមាន លោកជំទាវ Christine Lagarde ប្រធានធនាគារកណ្តាលអឺរ៉ុប ឯកឧត្តម Fabio Panetta ទេសាភិបាលធនាគារកណ្តាលអ៊ីតាលី និងជាប្រធានគណៈកម្មាធិការ ទទួលបន្ទុកប្រតិបត្តិការទូទាត់ និងហេដ្ឋារចនាសម្ព័ន្ធទីផ្សារ (CPMI) នៃ BIS និងលោក Lesetjia Kganyago ទេសាភិបាល ធនាគារកណ្តាលអាហ្វ្រិកខាងត្បូង។

នៅក្នុងកិច្ចពិភាក្សានេះ លោកជំទាវទេសាភិបាលបានចែករំលែកអំពីបទពិសោធន៍ នៃការជម្នះបញ្ហាប្រឈមនានាក្នុងដំណើរតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែន ជាមួយប្រទេសមួយចំនួននាពេលកន្លងមក និង ផែនការពង្រីកការតភ្ជាប់ជាមួយបណ្តាប្រទេស ក្នុងតំបន់និងពិភពលោក ព្រមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ។

បន្ថែមលើនេះ លោកជំទាវក៏បានរំលេចពីសារៈសំខាន់ នៃប្រតិបត្តិការទូទាត់ឆ្លងដែន ក្នុងការជំរុញពាណិជ្ជកម្មអេឡិចត្រូនិក សម្រួលការទូទាត់ដល់ទេសចរអន្តរជាតិ និងវិនិយោគិនបរទេស ព្រមទាំងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here