វិបត្តិការងារនឹងកើតឡើង បន្ទាប់អាជីវកម្មធំៗមួយចំនួនបានប្រកាសបិទទ្វារ

ដោយ៖ លក្ខិណា

ភ្នំពេញ៖ វិបត្តិកូវីដ១៩ នៅកម្ពុជាបានចាប់ផ្ដើមកាន់តែធ្ងន់ឡើងនៅចុងឆ្នាំ ២០២០នេះ ក្រោយពេលរកឃើញអ្នកឆ្លងក្នុងស្រុកដែលរដ្ឋាភិបាលចាត់ទុកថា ជាករណីឆ្លងក្នុងសហគមន៍ និងបានប្រកាសបិទអាជីវកម្មផ្សារទំនើបធំជាងគេនៅកម្ពុជា សណ្ឋាគារលំដាប់ផ្កាយ និងអាជីវកម្មមួយចំនួនទៀត។

ការបិទអាជីវកម្មទាំងនេះ នឹងជំរុញឱ្យវិបត្តិការងារនៅកម្ពុជា ហើយនឹងកើនឡើងបន្ថែមទៀត ដោយសារអាជីវកម្មទាំងនោះ ផ្ដល់ការងាររាប់ម៉ឺននាក់ទាំងផ្ទាល់និងប្រយោល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកស្រីក្លេខៃ ចិន្តាប្រធានសមាគមសណ្ឋាគារនៅកម្ពុជា បានមានប្រសាសន៍ថា ការបិទសណ្ឋាគារនិងផ្សារទំនើបនៅភ្នំពេញវាពិតណាស់ប្រាកដជារងផលប៉ះពាល់ទៅលើបុគ្គលិកបម្រើការនៅទីនោះ បើសិនការបិទនោះ មានរយៈពេលយូរ ហើយមិនមានប្រាក់កម្រៃផ្ដល់ជូនពួកគាត់។

អ្នកស្រីបានថ្លែងថា “ការបិទសណ្ឋាគារមួយពីរ ឬក៏បីនៅភ្នំពេញវាមិនធ្វើឱ្យខ្វះខាតបន្ទប់សម្រាប់ភ្ញៀវស្នាក់នៅទេ ព្រោះថាបច្ចុប្បន្ននេះ សណ្ឋាគារខ្លះមិនទាំងមានភ្ញៀវស្នាក់នៅផង ហើយការបិទផ្សារទំនើបអ៊ីអន១ក៏មិនធ្វើឱ្យទេសចរឬពលរដ្ឋក្រុងភ្នំពេញអត់កន្លែងសម្រាប់ទិញទំនិញនោះដែរ តែអ្វីដែលប៉ះពាល់គឺបុគ្គលិកបម្រើការនៅតាមទីតាំងទាំងនោះអត់ការងារធ្វើទៅវិញ”។

អ្នកស្រីបន្តថា ការបិទសណ្ឋាគារ បិទផ្សារទំនើប និងអាជីវកម្មផ្សេងទៀត វាក៏ធ្វើឱ្យប៉ះពាល់អារម្មណ៍ ដោយពួកគាត់ភ័យខ្លាច តែយ៉ាងណា ដើម្បីការពារសុវត្ថិភាពរដ្ឋាភិបាលត្រូវធ្វើបែបនេះ បើទោះបីជាដឹងថា មានការខាតបង់ដល់សេដ្ឋកិច្ចក្ដី ។

លោកវន់ ពៅប្រធានសមាគមសេដ្ឋកិច្ចឯករាជ្យក្រៅប្រព័ន្ធ ក៏បាននិយាយថា នៅពេលបិទអាជីវកម្មអ្វីមួយប្រាកដណាស់នឹងធ្វើឱ្យប៉ះពាល់ទាំងអ្នកបម្រើការក្នុងអាជីវកម្មនោះផ្ទាល់និងអ្នកដែលបានទទួលប្រយោជន៍ដោយប្រយោលពីអាជីវកម្មទាំងនោះ។

លោកបានឱ្យដឹងថា “បើទំហំនៃការរីករាលដាលកាន់តែធំ ផលប៉ះពាល់ទៅលើវិបត្តិហិរញ្ញវត្ថុគ្រួសារពលរដ្ឋនឹងកាន់តែច្រើន ហើយមួយចំនួនបានយកលុយពីធនាគារមកធ្វើដើមទុន ឬធ្វើអ្វីមួយសម្រាប់គ្រួសារនិងខ្លួនឯង ដោយរំពឹងថាធ្វើការបានប្រាក់ខែរំលស់ទៅកាន់ធនាគារវិញ តែនៅពេលដែលមានបញ្ហាខ្លួនអត់មានប្រាក់ខែ ពេលនោះវាជាបញ្ហាសម្រាប់ដោះស្រាយជាមួយធនាគារឬមីក្រូហិរញ្ញវត្ថុដែលខ្លួនខ្ចី”។

ជាការកត់សម្គាល់ផ្សារទំនើបអ៊ីអនដែលជាផ្សារទំនើបធំជាងគេមួយនៅភ្នំពេញ បានផ្ដល់ឱកាសការងារដល់បុគ្គលិករាប់ពាន់នាក់ធ្វើការដោយផ្ទាល់។ ក្រៅពីនោះវាក៏ផ្ដល់ប្រយោជន៍ ដល់ក្រុមអ្នកដឹកជញ្ជូនភ្ញៀវដូចជាកង់បី ម៉ូតូឌុប និងតាក់ស៊ីផងដែរ ហើយក៏មានអ្នកប្រកបរបរលក់ចំណីអាហារនៅមុខនិងក្រោយផ្សារទំនើបជាច្រើនទៀត។ នៅពេលបិទផ្សារនេះពួកគេនឹងបាត់ចំណូលមួយចំនួនសម្រាប់ទ្រទ្រង់គ្រួសារ ហើយក៏ជាផ្នែកមួយជំរុញឱ្យមានវិបត្តិបន្ថែមផងដែរ។

គិតត្រឹមរយៈពេល២ថ្ងៃ គឺថ្ងៃទី២៨ និង២៩វិច្ឆិកា កម្ពុជារកឃើញអ្នកផ្ទុកកូវីដ១៩ ចំនួន១៤នាក់ ពីការឆ្លងក្នុងសហគមន៍ សរុបទូទាំងប្រទេសគិតត្រឹមថ្ងៃទី៣០វិច្ឆិកាមានអ្នកឆ្លងចំនួន ៣២៣នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន៣០១នាក់និងមិនមានករណីស្លាប់ដោយសារតែកូវីដ១៩នៅកម្ពុជានោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here