ដោយ៖ សាវុធ
សៀមរាប៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ក្នុងពិធីបើកការដ្ឋានសាងសង់ និងកែលំអរផ្លូវទាំង៣៨ខ្សែនេះ នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា កូវីដ១៩ មិនអាចរារាំងការអភវិឌ្ឍរបស់កម្ពុជាបានទេ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កូវីដ១៩ មិនអាចរារាំងការអភិវឌ្ឍរបស់កម្ពុជាបាននោះឡើយ។ សមិទ្ធផលនៅព្រះសីហនុ និងសៀមរាប គឺជាការដោះស្រាយបញ្ហាបច្ចុប្បន្នផង និងជំរុញដល់កំណើនសេដ្ឋកិច្ចនាពេលខាងមុខផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសាងសង់ផ្លូវនឹងត្រូវធ្វើគ្រប់ខេត្តទាំងអស់ គ្រាន់តែមុន និងក្រោយប៉ុណ្ណោះ។
ជាមួយគ្នានេះដែរ សម្តេចតេជោ បានថ្លែងថា កូវីដ១៩ បានរារាំងដល់ការរៀបចំកម្មវិធីសាងសង់ផ្លូវ តែមិនអាចរារាំងការសាងសង់ផ្លូវទាំង៣៨ខ្សែ នៅសៀមរាបនោះឡើយ។
សម្តេចសម្រេចកែលម្អមាត់ស្ទឹងសៀមរាបប្រវែង ៨៤៤០ម៉ែត្រ ដើម្បីលើកសោភ័ណភាព និងសម្រួលការលេងកម្សាន្តរបស់ប្រជាពលរដ្ឋ។
សម្តេចតេជោ បានថ្លែងថា សៀមរាប ជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ មានសណ្ឋាគារ ផ្ទះសំណាក់ល្អៗ តែផ្លូវមិនឆ្លើយតបនឹងទីក្រុងទេសចរណ៍នេះទេ។ ព្រោះតែបែបនេះហើយ ទើបសម្តេចសម្រេចទម្លាក់ថវិកាមកសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅសៀមរាប។
សម្តេចតេជោ មានប្រសាសន៍បន្តទៀតថា ពេលនេះខេត្តសៀមរាប មានទាំងផ្លូវ លូ ប្រឡាយ សម្រាប់ទឹកស្អុយ សម្រាប់ទឹកភ្លៀង មានបណ្តាញទឹក មានទាំងកាមេរាសុវត្ថិភាព ដែលនឹងក្លាយជាទីក្រុងទេសចរណ៍ដ៏ល្បាញល្បី និងសមនឹងនាមជាដែនដីអាណាចក្រអង្គរ។
សម្តេចតេជោ បានថ្លែងថា បើសិនកូវីដ១៩ បញ្ចប់នៅឆ្នាំ២០២២ ឬមានការថមថយទៅវិញ សម្តេចនឹងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ហើយគេនឹងបានឃើញផ្លូវស្អាតនៅសៀមរាប៕







