ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅព្រឹកថ្ងៃច័ន្ទដើមសប្តាហ៍នេះ ខណៈប្រាក់ដុល្លារបានងើបឡើងថ្លៃ ដោយសារក្រុមអ្នកវិនិយោគព្រួយបារម្ភថា ហេតុការណ៍បាញ់កាំភ្លើងមកលើអតីតប្រធានាធិបតីអាមេរិកលោក Donald Trump បានធ្វើឱ្យឱកាសឈ្នះការបោះឆ្នោតរបស់លោកកាន់តែមានកម្រិតខ្ពស់។
តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,០៧%ដល់២៤០៩,៥៩ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,២៩%ដល់២៤១៣,៧០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:០៨នាទីព្រឹក។
ក្រុមអ្នកវិភាគអន្តរជាតិបានលើកឡើងថា ប្រសិនបើលោក Donald Trump ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកម្តងទៀត នោះសំណើរបស់លោកក្នុងការដំឡើងពន្ធលើការនាំចូល នឹងជំរុញឱ្យតម្លៃទំនិញហក់ឡើងខ្ពស់ និងកាត់បន្ថយអំណាចនៃការទិញរបស់ប្រជាជនអាមេរិក។ទន្ទឹមនឹងនេះ ការរឹតបន្តឹងលើការធ្វើចំណាកស្រុកក៏អាចជះផលប៉ះពាល់ដល់ទីផ្សារការងារ និងកំណើនប្រាក់ឈ្នួលផងដែរ។
នាពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៩២,៤ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លើកដំបូងនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានងើបឡើងថ្លៃដល់១០៤,២២ពិន្ទុនៅព្រឹកថ្ងៃច័ន្ទនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម១០៤,០៩ពិន្ទុកាលពីថ្ងៃសុក្រសប្តាហ៍មុន។
តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,៣៦%ដល់៣១,០៥ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានធ្លាក់ចុះ០,៧៤%ដល់១០០៥,៨០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ១,៣៧%ដល់៩៥៩ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:១០នាទីព្រឹកថ្ងៃច័ន្ទនេះ៕







