ដោយៈ ម៉ាណេត
ភ្នំពេញៈ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ម.ក មានចំណូលការប្រាក់សរុបចំនួន ជាង១១០លានដុល្លារអាមេរិក គិតត្រីមាសទី៣ ឆ្នាំ២០២០នេះ កើនឡើង៩,៧៦%ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ បានដាក់របាយការណ៍ហិរញ្ញវត្ថុជូនទីផ្សារមូលបត្រកម្ពុជានៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ។
ជាមួយគ្នានេះដែរ ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ នៃការបញ្ចប់៣ខែក្នុងត្រីមាសទី៣ ឆ្នាំ២០២០ សរុបចំនួន១០៤.០៤៣លានរៀល ថយចុះចំនួន ១.២៨១ លានរៀល ស្មើនឹង -១,២២% បើប្រៀបធៀបនឹងត្រីមាសទី៣ ឆ្នាំ២០១៩ ។
សម្រាប់រយៈពេល៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ម.ក មានចំណូលការប្រាក់សរុបចំនួន១.២៨៥.១៨៨លានរៀល កើនឡើងចំនួន១៧៤.៧៨៥ លានរៀល ស្មើនឹង ១៥,៧៤% បើធៀបនឹងរយៈពេល៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ និងប្រាក់ចំណេញសុទ្ធក្នុងការិយបរិច្ឆេទ មានចំនួន ២៥៦.៣៧៨ លានរៀល ថយចុះចំនួន ៣៩.៣១២ លានរៀល ស្មើនឹង -១៣,៣០% បើធៀបនឹងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ។
កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នេះដែរ ទ្រព្យសកម្មសរុបរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ម.ក មានចំនួន១៣.៦៩១.៣៧៧លានរៀល កើនចំនួន៨,៤៣% និងមូលធនសរុបមានចំនួន១.៩៣៨.៤៣៩ លានរៀល កើនចំនួន២៦៧.៦៥២ លានរៀល ស្មើនឹង១៦,០២% បើធៀបនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ម.ក មានអាជ្ញាប័ណ្ណជាគ្រឹះស្ថានហិរញ្ញវត្ថុទទួលប្រាក់បញ្ញើពីសាធារណជន ពីធនាគារជាតិនៃកម្ពុជា។ ក្នុងខែកញ្ញា ឆ្នាំ២០២០ ប្រាសាក់ នៅតែបន្តក្នុងការនាំមុខទីផ្សារ បើគិតពី ទ្រព្យសកម្ម ឥណទានដុល ប្រាក់បញ្ញើរបស់អតិថិជន និងប្រាក់ចំណេញសុទ្ធ។ តាមរយៈការពង្រីកសាខារហូតដល់ ១៨១ សាខា និងម៉ាស៊ីនអេធីអឹម ចំនួន ១៣៩គ្រឿង គ្របដណ្តប់ទូទាំងប្រទេស ប្រាសាក់ ផ្តល់នូវផលិតផល និងសេវាហិរញ្ញវត្ថុច្រើន សម្បូរបែបដល់សហគមន៍ និងសហគ្រាសខ្នាតតូចបំផុតនៅជនបទ៕