តើភ្ញៀវទេសចរណ៍បរទេសមកពីប្រទេសណាខ្លះមានចំនួនច្រើន ជាងគេមកទស្សនាកម្ពុជា?

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ កម្ពុជា ​បានទទួល​ភ្ញៀវ​បរទេស​ប្រមាណ​៥,៤​​​លាន​នាក់​នៅក្នុង​ឆ្នាំ​២០២៣ កើនឡើង​ជិត ១៤០​ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ២០២២ ក្នុងនោះ​ភ្ញៀវ​មកពី​ប្រទេស​ចំនួន៤ ក្នុង​តំបន់​អាស៊ី ​បាន​គ្របដណ្តប់​ជិត ៧០​ភាគ​​រយ ​នៃ​ចំនួន​ភ្ញៀវ​បរទេស​សរុប​។

យោងតាមរបាយការណ៍ របស់​ក្រសួងទេសចរណ៍​បានបង្ហាញថា ក្នុងចំណោម​ភ្ញៀវ​ទាំងអស់ គឺ​ភ្ញៀវ​មកពី​ប្រទេស​ចំនួន៤បាន​គ្រប​​ដណ្តប់៦៨,៩​ភាគរយ​នៃ​ចំនួន​ភ្ញៀវ​សរុប ដោយ​ក្នុងនោះ​ភ្ញៀវ​មកពី​ប្រ​ទេ​ស​ថៃ ​មាន​ចំនួន​ច្រើនជាងគេមានចំនួន១,៨២០,៤៦០ ​នាក់ ស្មើនឹង ៣៣,៤​ភាគរយ ​នៃ​ចំនួន​ភ្ញៀវ​បរទេស​សរុប​ វៀតណាម១,០១៩, ៨១២ ​នាក់ ស្មើនឹង១៨,៧​ ភាគរយ​។ ចិន៥៤៧, ៧៩៨​ នាក់ ស្មើនឹង ១០​ភាគរយ និង​ភ្ញៀវទេសចរណ៍មកពីឡាវ៣៧២,២៨៥ ​នាក់​ស្មើ​នឹង ៦,៨​ ភាគរយ​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រៅពី​ប្រ​​ទេស​ទាំង៤​ខាងលើ​ ក៏មាន​ភ្ញៀវ​មកពី​ប្រទេស​ជាច្រើន​ទៀត​ដូចជា អា​មេ​រិ​ក កូរ៉េ ឥណ្ឌូនេស៊ី បារាំង ចក្រ​ភព​អង់គ្លេស និង​ម៉ាឡេស៊ីជាដើម​។​

ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរ​​អង្គរ ​(​ខេត្តសៀមរាប​) លោ​កខៀវ ធី បានមានប្រសាសន៍ថា ភ្ញៀវទេសចរ​​បរទេស​ដែល​ធ្វើដំណើរ​មក​កម្ពុជា​ក្នុង​ឆ្នាំ​២០២៣ បាន​កើនឡើង​គួរឱ្យ​កត់​សម្គាល់ ​បើ​ធៀប​នឹង​អំឡុង​ឆ្នាំ​២០២០-២០២២ ដែល​ពិភពលោក​ស្ថិតក្រោម​ការគំរាមកំហែង​ខ្លាំង​ពី​វិបត្តិ​កូ​វីដ​១៩​។

លោកបន្តថា “ភាគច្រើន​នៃ​ភ្ញៀវ​បរទេស ​ចូលមក​កម្ពុ​ជានា​អំឡុងពេល ៣-៤​ ឆ្នាំ​ចុង​ក្រោយ គឺជា​ប្រជាជន​នៅ​ប្រទេស​ជិត​ខាង ឬ​ក្នុង​តំបន់​អាស៊ី”​។លោក​​បន្តថា មូលហេតុ​ដែល​ភ្ញៀវ​ភាគច្រើន ​ជា​អ្នក​នៅក្នុង​តំបន់ គឺ​ដោយសារ​កំណើនសេដ្ឋកិច្ច​ពិភពលោក ​មិនទាន់​ល្អ​ដែល​ជំ​រុញឱ្យ​អ្នកទេសចរ ​មិន​ចង់​ធ្វើដំណើរ​ទៅ​ឆ្ងាយ និង​ចំណាយ​ច្រើន​។​

លោក​ខៀវ ធីបាន​បន្ថែមថា​ ​ក្នុង​ឆ្នាំកន្លងមក​យើង​ពិតជា​ឃើញ​មាន​កំណើន​ភ្ញៀវ​បរទេស​ច្រើន​ បើ​ធៀប​នឹង​ឆ្នាំ​២០២២ ប៉ុន្តែ​ភ្ញៀវ​ដែ​ល​មក​កម្សាន្ត​នៅ​កម្ពុជា​ភាគច្រើន គឺជា​អ្នក​មកពី​ប្រទេស​ជាប់​ព្រំដែន ឬ​នៅក្នុង​តំបន់​តែប៉ុណ្ណោះ​។​

ប្រធាន​សមាគម​មគ្គុទេសក៍​ទេសចរ​​ណ៍ ​ភាសា​ចិន​កម្ពុជាប្រចាំខេត្តសៀមរាប​ លោក អន​ហេង សុ​ភ័​ក្របានមានប្រសាសន៍ថា បើ​និយាយ​ពី​ចំនួន​ភ្ញៀវទេសចរ​បរទេស ពិសេស​ជនជាតិ​ចិន​ក្នុង​ឆ្នាំ​ ២០២៣ គឺ​ពិតជា​កើនឡើង​ច្រើន​ធៀប​នឹង​ឆ្នាំ​ ២០២២ ប៉ុន្តែ​បើ​ធៀប​មុន​ឆ្នាំ​២០២០ គឺ​នៅមានកម្រិត​តិច​នៅឡើយ​។

លោក​បន្តថា “កំនើន​ភ្ញៀវ​បរទេស ​ដែល​ធ្វើ​ដំណើរ​មក​កម្សាន្ត​កម្ពុជា ក៏មាន​ការ​ប្រែប្រួល​ ទៅតាម​ស្ថានភាព​សេដ្ឋកិច្ច និង​ជើងហោះហើរ​អន្តរជាតិ​ផងដែរ​”។​លោកបន្តថា “​ខ្ញុំ​ពុំ​សូវ​ស៊ីជម្រៅ​នឹង​ចំនួន​ភ្ញៀវទេសចរ​មកពី​ប្រទេស​ណា​ទេ ប៉ុន្តែ​បើ​សម្រាប់​ភ្ញៀវ​​ទេសចរ​ចិន គឺ​ពិតជា​កើនឡើង​ជាង​ឆ្នាំ​២០២២ ហើយក៏​សង្ឃឹមថា នៅក្នុង​ឆ្នាំ​ ២០២៤ នេះ​នឹង​បន្ត​មានការ​កើន​ឡើង​ថែមទៀត​”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here