ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃនៅថ្ងៃសុក្រនេះ មុនពេលចេញផ្សាយរបាយការណ៍អត្រាអ្នកមានការងារធ្វើក្រៅពីកសិកម្មរបស់សហរដ្ឋអាមេរិក ដែលអាចជះឥទ្ធិពលដល់គោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលអាមេរិក។
ជាមួយគ្នានេះ ក្រុមវិនិយោគិនកំពុងរង់ចាំមើលទិន្នន័យអត្រាអ្នកមានការងារធ្វើរបស់សហរដ្ឋអាមេរិក ដែលអាចផ្តល់ភាពច្បាស់លាស់បន្ថែមទៀតលើគោលនយោបាយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក(Fed)។
ជាក់ស្តែង សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិក របស់ក្រុមហ៊ុនអាមេរិក MSCI នៅក្រៅប្រទេសជប៉ុនបានងើបឡើងថ្លៃ០,៥២ភាគរយ គិតត្រឹមម៉ោង៩:៥៨នាទីព្រឹកនៅថ្ងៃសុក្រនេះ។
ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ១,៧០ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ០,៣៥ភាគរយ។
សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI 300 របស់ប្រទេសចិនបានងើបឡើងថ្លៃ០,៤២ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានងើបឡើងថ្លៃ០,៤៦ភាគរយ។
ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P/ASX 200 បានងើបឡើងថ្លៃ០,១៤ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,៧៨ភាគរយ។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណគូប្រជែងសំខាន់ៗចំនួន៦ បានធ្លាក់ថ្លៃចុះ០,០៥ភាគរយ មកនៅត្រឹម១០៣,៦៣ពិន្ទុនៅថ្ងៃសុក្រនេះ។
ម្យ៉ាងវិញទៀត ក្រុមពាណិជ្ជកររំពឹងយ៉ាងខ្ពស់ថា ធនាគារកណ្តាលអាមេរិក(Fed) នឹងរក្សាទុកអត្រាការប្រាក់របស់ខ្លួនឱ្យនៅថេរដដែល ក្នុងកិច្ចប្រជុំគោលនយោបាយប្រចាំខែធ្នូនេះ។
ចំណែក តម្លៃប្រេងបានងើបឡើងនៅថ្ងៃសុក្រនេះ ប៉ុន្តែ ប្រឈមនឹងការធ្លាក់ ថ្លៃចុះ៦ ភាគ រយ បើគិតក្នុង សប្តាហ៍ នេះ ខណៈដែលអ្នកវិនិយោគមានការព្រួយបារម្ភអំពីការថយចុះនៃតម្រូវការថាមពលនៅក្នុងតំបន់អាស៊ី រួមជាមួយនឹងផលិតកម្មប្រេងឆៅដ៏ខ្ពស់របស់សហរដ្ឋអាមេរិក។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង៦៨សេន ដល់៧៤,៧៣ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0136 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate futures បានកើនឡើង៦៤សេន ដល់៦៩,៩៨ដុល្លារក្នុងមួយបារ៉ែល៕