ដោយៈសាវុធ
ភ្នំពេញៈ សេដ្ឋកិច្ចកម្ពុជា នឹងឈានទៅកាន់លំដាប់ថ្មីមួយទៀត ដោយបង្ហាញនូវកិត្យានុភាពកម្ពុជា លើឆាកអន្តរជាតិកាន់តែត្រដែតត្រដឹម នៅឆ្នាំ២០២៣ខាងមុខ ស្របពេលគំរោងអភិវឌ្ឍន៍ធំៗ នឹងចាប់ផ្តើមដំណើរការ និងការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកីឡាអាស៊ានហ្គេម។
គម្រោងអភិវឌ្ឍន៍ធំៗ ដែលជាការបណ្តាក់ទុនវិនិយោគដោយផ្ទាល់ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជន ដែលមានតម្លៃរាប់ពាន់លានដុល្លារ កំពុងដំណើរការយ៉ាងសកម្ម និងគ្រោងបញ្ចប់ទាំងស្រុកនៅត្រឹមឆ្នាំ២០២៣ខាងមុខនេះ នឹងក្លាយជាមូលដ្ឋានសេដ្ឋកិច្ចកម្ពុជាយ៉ាងសំខាន់បំផុត ខណៈដែលកំណើន នៃគម្រោងវិនិយោគជាច្រើននឹងសម្រុកចូលមកយ៉ាងសន្ធឹកសន្ធាប់។
គម្រោងអភិវឌ្ឍន៍ធំៗ ដែលនឹងក្លាយជាកំលាំងចលករជំរុញ ឱ្យសេដ្ឋកិច្ចកម្ពុជា មានសន្ទុះខ្លាំង និងបញ្ចប់នៅត្រឹមឆ្នាំ២០២៣ខាងមុខនេះ រួមមាន គម្រោងអភិវឌ្ឍន៍ទីក្រុងកោះនរា គម្រោងអភិវឌ្ឍន៍ព្រលានយន្ដហោះអន្តរជាតិ-ភ្នំពេញថ្មី គំរោងព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប គម្រោងអភិវឌ្ឍន៍ផ្លូវក្រវាត់ក្រុង គម្រោងអភិវឌ្ឍន៍ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលមានតម្លៃទុនសរុបរាប់ពាន់លានដុល្លារ រួមជាមួយនឹងឱកាសមាស នៃការទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីជាមួយប្រទេសចិន និងបណ្តាប្រទេសនានា នៅក្នុងតំបន់អាស៊ានក្នុងពេលឆាប់ៗខាងមុខនេះ។
ទឡ្ហីករសំខាន់ៗទាំង៥ ដូចដែលបានលើកឡើងខាងលើនេះ គឺជាឃ្នាស់ដ៏សំខាន់សម្រាប់គាស់កំណើនសេដ្ឋកិច្ចកម្ពុជា ស្របពេលដែលវិបត្តិនៃជំងឺ Covid-19 ត្រូវបានបញ្ចប់ជាស្ថាពរ។
បន្ថែមពីលើនេះ បច្ចុប្បន្នរាជរដ្ឋាភិបាល ក៏កំពុងសិក្សាទៅលើសេចក្ដីព្រាងច្បាប់វិនិយោគថ្មីនៅកម្ពុជា ដើម្បីផ្តល់ភាពងាយស្រួល ក៏ដូចជាជំរុញលើកទឹកចិត្ត ដល់អ្នកវិនិយោគជាតិ និងអន្តរជាតិនានានៅលើសាកលលោក ឱ្យចូលមកកាន់កម្ពុជាបន្ថែម តាមរយៈការកាត់បន្ថយនូវនិតិវិធី កាត់បន្ថយពេលវេលា និងផ្តល់ឱកាសចំណេញច្រើន។
សមិទ្ធផលធំៗ ដែលនឹងសម្រេចបាននៅត្រឹមឆ្នាំ២០២៣ គឺជាសាច់ដុំសេដ្ឋកិច្ច និងជាសក្ដានុពលរបស់កម្ពុជា ក្រោមការវិនិយោគដោយធុរកិច្ចខ្មែរ ក្រោមការដឹកនាំដោយអ្នកឧកញ៉ា ពុង ឃាវសែ ដែលជាអ្នកវិនិយោគដ៏ធំ និងសំខាន់នៅក្នុងវិស័យជាច្រើនរបស់កម្ពុជា។ រាល់ការវិនិយោគ និងអភិវឌ្ឍន៍គ្រប់រូបភាព នឹងជួយកែប្រែសោភ័ណភាពកម្ពុជា ឱ្យកាន់តែស្រស់បំព្រង ទាក់ទាញចំណាប់អារម្មណ៍ធុរកិច្ចអន្តរជាតិ ក្រោមការផ្តល់ទំនុកចិត្តយ៉ាងសំខាន់៕