អ្នកវិនិយោគបរទេសសម្រុកដកលុយចេញពីទីផ្សារប្រទេសចិន កាន់តែច្រើនក្នុងខែឧសភា

ដោយៈ សុខុម

សិង្ហបុរី: អ្នកវិនិយោគបរទេស បានសម្រុកលក់ចេញភាគហ៊ុនរបស់ខ្លួននៅទីផ្សារប្រទេសចិន កាន់តែច្រើនក្នុងខែឧសភា ខណៈការធ្លាក់ចុះតម្រូវការក្នុងស្រុក និងការរំពឹងទុកពីការធ្លាក់ចុះប្រាក់ចំណូលសាជីវកម្ម បានធ្វើឱ្យផ្សារហ៊ុនចិនដីគោក និងផ្សារហ៊ុនក្រុងហុងកុង ដាំក្បាលចុះខ្លាំង។

ទិន្នន័យរបស់ Refinitiv ដែលជាក្រុមហ៊ុនផ្ដល់ទិន្នន័យទីផ្សារហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធអន្តរជាតិ ឈានមុខគេបង្ហាញថា អ្នកវិនិយោគបរទេស បានលក់ចេញភាគហ៊ុនរបស់ខ្លួន នៅផ្សារហ៊ុនចិនដីគោក ក្នុងចំនួន១,៧១ពាន់លានដុល្លារអាមេរិក នៅសប្ដាហ៍នេះតាមរយៈ Stock Connect ដែលជាតំណភ្ជាប់ឆ្លងដែនដ៏សំខាន់ រវាងផ្សារហ៊ុនចិនដីគោក និងផ្សារហ៊ុនក្រុងហុងកុង បន្ទាប់ពីលក់ចេញអស់៦៥៩លានដុល្លារ ក្នុងខែមេសា។

ការសម្រុកលក់ចេញនេះ បង្ហាញពីដំណើរថយក្រោយ ក្រោយពីអ្នកវិនិយោគបរទេសទាំងនោះ បានបោះទុនសរុបរហូតដល់ទៅ២០,៩២ពាន់លានដុល្លារ នៅក្នុងទីផ្សារនេះក្នុងខែមករា ជាពេលដែលប្រទេសចិន បានបើកដំណើរការសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ បន្ទាប់ពីការរឹតបន្តឹងកូវីដ-១៩ យ៉ាងតឹងរ៉ឹងអស់រយៈពេល៣ឆ្នាំ ដែលនាំមកនូវក្ដីសង្ឃឹមថា សេដ្ឋកិច្ចនឹងហក់ឡើងជាបន្តបន្ទាប់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទោះជាយ៉ាងណា ក្តីសង្ឃឹមបែបនេះបានថមថយទៅវិញ នៅពេលតម្រូវការក្នុងស្រុក និងក្រៅប្រទេសធ្លាក់ចុះ ហើយការងើបឡើងវិញមិនរលូន។

យោងតាមទិន្នន័យពីការិយាល័យជាតិស្ថិតិ នៃប្រទេសចិន បង្ហា​ញថា ប្រាក់ចំណេញនៅតាមក្រុមហ៊ុន ឧស្សាហកម្មនានារបស់ប្រទេ​សចិន បានធ្លាក់ចុះខ្លាំងក្នុងរយៈពេល៤ខែដើមឆ្នាំនេះ។

ទោះបីជាមានការសម្រុកលក់ចេញភាគហ៊ុន ក្នុងខែកុម្ភៈ ខែមេសា និងខែឧសភា យ៉ាងណាក្ដី ក៏ការទិញសុទ្ធរបស់អ្នកវិនិយោគបរទេសនូវភាគហ៊ុនចិនដីគោក នៅតែមានចំនួន២៥,០៥ពាន់លានដុល្លារ ក្នុងរយៈពេល៥ខែដើមឆ្នាំនេះ បើធៀបនឹងការទិញចូលប្រ​មាណត្រឹមតែ៦,៣៦ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២២ ទាំងមូល៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here