ដោយ: គង់ លាងហួរ
អន្តរជាតិ: បិតានៃទំនើបភាវូបនីយកម្ម កំណែទម្រង់ និងការបើកទ្វារទូលាយរបស់ប្រទេសចិន គឺលោកតេង ស៊ាវពីង បានបំពេញទស្សនកិច្ចផ្លូវការ នៅសហរដ្ឋអាមេរិក នៅក្នុងខែមករា ឆ្នាំ១៩៧៩។
លោកគឺជាថ្នាក់ដឹកនាំចិនដំបូងគេ ដែលបានធ្វើទស្សនកិច្ច បន្ទាប់ពីការបង្កើតទំនាក់ទំនងការទូត ជាផ្លូវការរវាងប្រទេសទាំងពីរ។
លោកបានសង្កត់ធ្ងន់ថា “ខ្ញុំមកអាមេរិក គឺដើម្បីរៀនសូត្រអ្វីៗគ្រប់យ៉ាង ដែលរីកចម្រើនជឿនលឿន”។
នៅពេលនោះ លោកតេង បានទៅទស្សនាគម្រោងឧស្សាហកម្មទំនើប និងបច្ចេកវិទ្យាជឿនលឿនមួយចំនួនរបស់អាមេរិក។
លោកស្តាប់ដោយយកចិត្តទុកដាក់បណ្តើរ គាត់ស្រមៃឃើញទំនើបកម្មឧស្សាហកម្មផ្ទាល់ របស់ប្រទេសចិនបណ្តើរ។
នៅរោងចក្រក្រុមហ៊ុន Ford លោក តេង បានមានប្រសាសន៍ថា ប្រទេសចិនត្រូវការអភិវឌ្ឍ ឧស្សាហកម្មរថយន្តរបស់ខ្លួន ហើយលោកកំណត់ថា នឹងត្រូវការរយៈពេល២០ឆ្នាំ។
នៅមជ្ឈមណ្ឌលអវកាស Johnson ក្នុងទីក្រុងហ៊ូស្តុន លោក តេង បានចាប់ផ្តើមស្រមៃមើលពីរបៀប ដែលប្រទេសចិនអាចតាមទាន់ប្រទេសជឿនលឿន ក្នុងកម្មវិធីអវកាសរបស់ខ្លួន។
នៅឯរោងចក្រដំឡើងយន្តហោះ Boeing 747 លោកបានចង្អុលបង្ហាញថា នៅពេលដែលសេដ្ឋកិច្ចរបស់ខ្លួនរីកចម្រើន វាមានសារៈសំខាន់សម្រាប់ប្រទេសចិនក្នុងការរចនា និងផលិតយន្តហោះ jumbo ដោយខ្លួនឯង។
លោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលរោងចក្រ Ford អាចផលិតរថយន្តបាន៥០គ្រឿងក្នុងមួយម៉ោង ដែលនៅពេលនោះ ប្រទេសចិន អាចផលិតបានត្រឹមតែ១៣.០០០គ្រឿងក្នុងមួយឆ្នាំ។
លោក តេង ស៊ាវពីង មានមហិច្ឆតាក្នុងការនាំយកអ្វីៗទាំងអស់ដែលគាត់បានឃើញ ទាក់ទងនឹងបច្ចេកវិទ្យាទំនើប នៅសហរដ្ឋអាមេរិក មកកាន់ប្រទេសចិន។
ដើម្បីសម្រេចបាននូវក្តីសុបិនទាំងនេះ លោក តេង ស៊ាវពីង គឺជាអ្នកដឹកនាំគន្លឹះ ក្នុងការបើកឱ្យប្រទេសចិន ស្រូបយកមូលធនបរទេស ប្រព័ន្ធគ្រប់គ្រងសហគ្រាស និងបច្ចេកវិទ្យាពីបរទេស ទោះបីជាមានការភ័យខ្លាចពីផលប៉ះពាល់អវិជ្ជមាន លើប្រព័ន្ធសង្គមនិយមខ្លះៗក៏ដោយ។
ក្រោមការឃ្លាំមើលរបស់លោក ប្រទេសចិនបានចាប់ផ្តើមកំណែទម្រង់ដ៏ក្លាហាន រួមទាំងការបង្កើត “តំបន់សេដ្ឋកិច្ចពិសេស” ចំនួន៤ នៅតាមបណ្តោយឆ្នេរសមុទ្រ ភាគអាគ្នេយ៍នៃប្រទេសចិន រួមមានទីក្រុងសិនជិន (Shenzhen), សានថូវ (Shantou) និងជូហៃ (Zhuhai) ដែលមានទីតាំងនៅខេត្តក្វាងតុង(Guangdong) និងសែមិន (Xiamen) ដែលស្ថិតនៅក្នុងខេត្តហ្វូជាន (Fujian)។
ក្តីសុបិនដែលហាក់ដូចជាមិនអាចទៅរួច របស់តេង ស៊ាវពីង កាលពីឆ្នាំ១៩៧៩ នៅពេលដែលប្រទេសចិន នៅមិនទាន់ជឿនលឿននៅឡើយ បានក្លាយជាការពិតទាំងអស់នៅ៤ទសវត្សរ៍ ក្រោយមក ឬក៏មុននឹងទៅទៀត។
នៅពេលដែលប្រធានាធិបតី ស៊ី ជីនពីង បានទៅទស្សនាតំបន់ឈានហៃ (Qianhai) ដែលជាតំបន់ឈូងសមុទ្រតូចមួយ នៅក្នុងទីក្រុងសិនជិន ក្នុងឆ្នាំ២០១២ លោកបានលើកទឹកចិត្តឱ្យតំបន់នេះ ហ៊ានក្លាយជាទីក្រុងដំបូងគេ និងជាអ្នកត្រួសត្រាយផ្លូវនៃនវានុវត្តន៍។
លោកប្រធានាធិបតី ស៊ី បានកំណត់យកសង្កាត់ឈានហៃ ជាគោលដៅដំបូង នៃដំណើរត្រួតពិនិត្យរបស់គាត់ ដោយសង្កត់ធ្ងន់លើបេសកកម្មរបស់ឈានហៃ នៅក្នុងការ “ប្រើប្រាស់ហុងកុងជាឃ្នាស់ជំរុញកំណើន (leverage) បម្រើចិនដីគោក និងជះឥទ្ធិពលទៅលើពិភពលោក។
ក្នុងស្មារតីដូចគ្នា បើយើងនិយាយអំពីសុបិន តើមេដឹកនាំកម្ពុជាគួរតែប្រាប់មេដឹកនាំចិនថា កម្ពុជាចង់បញ្ជូនជនជាតិខ្មែរ ទៅលំហអវកាស ជាមួយអវកាសយានិកចិន ក្នុងរយៈពេល ២០ ឬ ៣០ឆ្នាំខាងមុខដែរឬយ៉ាងណា?។
សំណួរនេះមានលក្ខណៈជ្រុលនិយម។ វាប្រាប់យើងពីគម្លាតរវាងការពិត និងសុបិន។ តាមពិត សុបិនអាចមានទម្រង់ និងកម្រិតផ្សេងៗ។ សុបិនអាចជាការស្រមើស្រមៃលន្លង់លន្លោច តែសុបិនក៏អាចជាមហិច្ឆិតា ដែលមានគោលដៅច្បាស់លាស់ផងដែរ។
ទោះយ៉ាងណាក្តី នៅពេលដែលយើងនិយាយអំពីសុបិន វារមែងតែងតែមានធាតុ ដែលមិនអាចសម្រេចបាន ឬអ្វីមួយដែលហួសពីលទ្ធភាព ឬឆ្ងាយពីការពិត។
ក្នុងចំណោមសុបិនជាច្រើន ក្នុងការកសាងប្រទេសជាតិ កម្ពុជាមានសុបិនមួយ គឺកសាងខេត្តព្រះសីហនុឱ្យដូចជាក្រុងសិនជិន។
យើងអាចដាក់សញ្ញាសួរជាច្រើន ចំពោះសុបិននេះ ប៉ុន្តែបើសុបិននេះ គ្រាន់តែជាទឹកចិត្តប៉ងប្រាថ្នា ពុំគួរឡើយនឹងត្រូវទទួលការបន្ទុចបង្អាក់នោះដែរ ទោះបច្ចុប្បន្ននៅឆ្ងាយពីការពិតក្តី។
តាំងពីយូរយារណាស់មកហើយ រាជរដ្ឋាភិបាលបានកំណត់យកខេត្តព្រះសីហនុជាប៉ូលសេដ្ឋកិច្ចមួយ នៅក្នុងចំណោមត្រីកោណនៃកំណើនសេដ្ឋកិច្ច បន្ទាប់ពីរាជធានីភ្នំពេញ និងខេត្តសៀមរាប ប៉ុន្តែ កំណើននៃខេត្តព្រះសីហនុ មានភាពយឺតយ៉ាវជាងគេ បើធៀបនឹងប៉ូលសេដ្ឋកិច្ចពីរផ្សេងទៀត។
នៅក្នុងឆ្នាំ ២០១២-២០១៣ នៅពេលដែលអ្នករៀបចំគោលនយោបាយបានចាប់ផ្តើមតាក់តែង “គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា” (IDP) ទីក្រុងព្រះសីហនុនៅតែជាទីក្រុងដែលស្ងប់ស្ងាត់។
ដោយប្រមើលមើលពីឧស្សាហូបនីយកម្ម របស់ប្រទេសកម្ពុជាពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២៥ អ្នករៀបចំគោលនយោបាយបានពិភាក្សាគ្នាយ៉ាងច្រើន អំពីយុទ្ធសាស្ត្រអភិវឌ្ឍ និងប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង។
គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម បានដាក់ចេញនូវវិធានការគន្លឹះជាក់ស្តែង៤យ៉ាង ហើយវិធានការទី៤ គឺបានកំណត់ឱ្យមានការ “អភិវឌ្ឍ និងប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង ដែលគ្រោងអនុវត្តតាមគោលការណ៍ តំបន់រដ្ឋបាលពិសេស ដោយរៀបចំផែនការមេសម្រាប់ការអភិវឌ្ឍ ក្របខណ្ឌច្បាប់ និងនិយតកម្ម ព្រមទាំងយន្តការគ្រប់គ្រងចាំបាច់នានា ដែលនឹងផ្តល់សិទ្ធិអំណាច និងយុត្តាធិការពេញលេញ សម្រាប់ការកៀរគរ ទាក់ទាញ និងការប្រមូលផ្តុំនូវប្រភពធនធាន បញ្ញាញាណ សកម្មភាពធុរកិច្ច និងការវិនិយោគ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យក្លាយទៅជាប៉ូលសេដ្ឋកិច្ចសំខាន់មួយ និងជាមជ្ឈមណ្ឌលឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ ស្របតាមទស្សនាទាននៃការអភិវឌ្ឍប្រកបដោយចីរភាព និងមានតុល្យភាពបរិស្ថាន ព្រមទាំងប្រែក្លាយជា ទីក្រុងឧស្សាហកម្មបៃតងអាស៊ាន នាពេលអនាគត”។
ពេលនេះ យើងងាកទៅមើលបញ្ហា ក្នុងតថភាពជាក់ស្តែងវិញម្តង។
ទោះបីជាគោលនយោបាយ IDP បានចាប់ផ្តើមអនុវត្តនៅឆ្នាំ២០១៥ ក៏ដោយ ប៉ុន្តែការអភិវឌ្ឍផែនការមេ សម្រាប់ខេត្តព្រះសីហនុ មិនទាន់បានចាប់ផ្តើមភ្លាមៗនោះទេ រហូតដល់ឆ្នាំ២០១៩ ព្រោះជួបការលំបាក ក្នុងការស្វែងរកអ្នកអភិវឌ្ឍន៍ផែនការមេ ដែលមានសមត្ថភាពជំនាញច្បាស់លាស់ និងការស្វែងរកធនធាន ដើម្បីអភិវឌ្ឍន៍តាមផែនការមេ។
ទាល់តែដល់ឆ្នាំ ២០១៩ ទើបរាជរដ្ឋាភិបាលបានសម្រេចប្រគល់ភារកិច្ចឱ្យវិទ្យាស្ថានរៀបចំក្រុង និងឌីហ្សាញទីក្រុងសិនជិន (UPDIS) ដើម្បីអភិវឌ្ឍផែនការមេ។ នេះមិនមែនជារឿងចៃដន្យទេ។
UPDIS ត្រូវបានណែនាំដោយអង្គការសហប្រជាជាតិ ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) ឱ្យបំពេញកិច្ចការនេះ ពីព្រោះស្ថាប័ននេះមានបទពិសោធន៍ជាក់ស្តែង ក្នុងការអភិវឌ្ឍផែនការមេទីពីរសម្រាប់ទីក្រុងសិនជិន (១៩៩៦-២០១០) ហើយផែនការមេមួយនេះបានឈ្នះពានរង្វាន់ Patrick Abercrombie សម្រាប់ការរៀបចំទីក្រុង និងឌីហ្សាញនៅឆ្នាំ ១៩៩៩។
នៅពេលដែល UPDIS កំពុងចាប់ផ្តើមរៀបចំផែនការមេ ជំងឺកូវីដ-១៩ បានចាប់ផ្តើមវាយលុក និងបំផ្លាញពិភពលោកទាំងមូល។ យោងតាមគម្រោងដើម គេរំពឹងថា សេចក្តីព្រាងផែនការមេនឹងត្រូវបានបង្កើតឡើងក្នុងឆ្នាំនេះ ប៉ុន្តែរហូតមកទល់ពេលនេះ គេនៅមិនទាន់ច្បាស់ទេថា តើនឹងត្រូវការពេលវេលាបន្ថែមទៀតឬយ៉ាងណា៕