ដោយ: គង់ លាងហួរ
ភ្នំពេញ:ប្រមាណ៤២ភាគរយនៃប្រាក់កម្ចីសរុប ដែលផ្តល់ដោយធនាគារ និងធនាគារពាណិជ្ជក្នុងប្រទេសកម្ពុជាត្រូវបានខ្ចីដោយអ្នករស់នៅក្នុងរាជធានីភ្នំពេញ ខណៈអ្នកខ្ចីជាស្ត្រីមានចំនួនច្រើនជាងបុរសនៅតាមបណ្តាខេត្តភាគច្រើន។
យោងតាមរបាយការណ៍របស់ការិយាល័យឥណទានកម្ពុជា (CBC) សម្រាប់ឆ្នាំ២០២២ ដែលចេញផ្សាយនាពេលថ្មីៗនេះបានឱ្យដឹងថា ក្នុងចំណោមទឹកប្រាក់ចំនួន៤៨ពាន់លានដុល្លារដែលត្រូវបានបញ្ចេញជាប្រាក់កម្ចីនោះ ប្រាក់កម្ចីជាង២០ពាន់លានដុល្លារត្រូវបានប្រើប្រាស់ដោយប្រជាពលរដ្ឋរាជធានីភ្នំពេញ ដែលឆ្លុះបង្ហាញពីទំហំសកម្មភាពអាជីវកម្មជាច្រើននៅក្នុងរាជធានី បើធៀបនឹងបណ្តាខេត្ត។
យោងតាមរបាយការណ៍ដែលបានចងក្រងដោយផ្អែកលើទិន្នន័យដែលបានដាក់ជូនដោយសមាជិកស្ថាប័នចំនួន១៨៥ របស់ការិយាល័យឥណទានកម្ពុជា (CBC) រួមទាំងធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ភ្នាក់ងារជួល និងផ្តល់ប្រាក់កម្ចីផ្សេងទៀត បានបង្ហាញថា ប្រទេសកម្ពុជាមានអ្នកខ្ចីប្រាក់ចំនួន៤,៨លាននាក់នៅក្នុងប្រទេស។
ខណៈដែលស្ត្រីជាអ្នកខ្ចីភាគច្រើននៅក្នុងបណ្តាខេត្តជាច្រើននៃប្រទេសកម្ពុជា ចំណែកនៅរាជធានីភ្នំពេញ និងខេត្តរតនគិរី បុរសមានចំនួនច្រើនជាងស្ត្រី។ នៅទីក្រុងភ្នំពេញ ៥១,៤ភាគរយនៃអ្នកខ្ចីប្រាក់ជាបុរស និងអ្នកខ្ចី៥០,៣ភាគរយជាបុរសសម្រាប់ខេត្តរតនគិរី។
ចំណែកនៅខេត្តបន្ទាយមានជ័យ អ្នកខ្ចីជាបុរសនិងស្ត្រីមានចំនួនស្មើគ្នា។ បណ្តាខេត្តដែលមានស្ត្រីជាអ្នកខ្ចីប្រាក់ច្រើនមានដូចជា ខេត្តពោធិ៍សាត់ចំនួន៥៤,៨ ភាគរយ តាកែវចំនួន៥៤,៧ភាគរយ កំពង់ស្ពឺចំនួន៥៤,៦ភាគរយ កំពង់ចាមចំនួន៥៤,៥ភាគរយ និងកំពង់ឆ្នាំងចំនួន៥៤,៤ភាគរយ។
CBC បានកត់សម្គាល់ថាភាគច្រើននៃអ្នកប្រើប្រាស់ឥណទានបុគ្គលគឺជាស្ត្រីដែលបានប្រើប្រាស់ប្រាក់កម្ចីសម្រាប់អាជីវកម្មខ្នាតតូច កសិកម្ម ឬសម្រាប់ការថែទាំអចលនទ្រព្យ។
លោក ឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្មចិន-កម្ពុជា (CCCA) បានកត់សម្គាល់ថា ស្ត្រីកំពុងស្វែងរកឯករាជ្យភាពផ្នែកហិរញ្ញវត្ថុបន្ថែមទៀតតាមរយៈការក្លាយជាម្ចាស់អាជីវកម្មនៅក្នុងប្រទេសកម្ពុជា។
ជាមួយគ្នានេះ ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងទៀតលើកទឹកចិត្តស្ត្រីឱ្យខ្ចីប្រាក់សម្រាប់ការចាប់ផ្តើមអាជីវកម្មជាមួយនឹងអត្រាការប្រាក់អនុគ្រោះ។
លោកបានគូសបញ្ជាក់ថា “បច្ចុប្បន្នស្ត្រីអាចទទួលបានអត្រាការប្រាក់ល្អជាងបុរសពីធនាគារមួយចំនួនដោយសារអនុស្សរណៈដែលបានចុះហត្ថលេខាជាមួយសមាគមសហគ្រិនស្ត្រីកម្ពុជា”។
លោក ឡោ វិចិត្រ បានបន្ថែមថា “ការស្រាវជ្រាវ និងស្ថិតិបានបង្ហាញថា ស្ត្រីមានភាពល្អប្រសើរក្នុងការគ្រប់គ្រងហិរញ្ញវត្ថុជាងបុរសនៅកម្រិត MSME លើសពីនេះ ស្ត្រីត្រូវការលទ្ធភាពទទួលបានហិរញ្ញវត្ថុកាន់តែច្រើន នៅពេលដែលពួកគេត្រូវការពង្រីកអាជីវកម្មបច្ចុប្បន្ន”៕