តើក្រសួងទេសចរណ៍ដាក់ចេញផែនការយុទ្ឋសាស្រ្តអ្វីខ្លះដើម្បីជម្រុញវិស៧យនេះឲ្យរីកចម្រើននៅឆ្នាំ២០២៣

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ក្រសួងទេសចរណ៍កម្ពុជា ​បានកំណត់​ទិសដៅ​សំខាន់ៗ​ចំនួន២ ដើម្បី​ជំរុញ​ការស្តារ​កំណើន​ភ្ញៀវ​អន្តរជាតិ​ឡើងវិញ​នៅ​ឆ្នាំ​ ២០២៣ ខាងមុខ។

យោងតាមសេចក្តីជូនដំណឹង​ រប​ស់​ក្រសួងទេសចរណ៍ស្តីពី​ការផ្សព្វ​ផ្សាយ​គោលដៅ​ទេសចរណ៍​កម្ពុជា ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ឆ្នាំ​ ២០២៣ បាន​លើកឡើងថា ក្នុងដំណាក់កាល​ស្តារឡើងវិញ ​នៃ​វិស័យ​ទេសចរណ៍ ស្របតាម​យុទ្ធសាស្ត្រ​ផែនទី​ចង្អុល​ផ្លូវ​ស្តីពី “​ផែនការ​ស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជាក្នុង និង​ក្រោយ​វិបត្តិ​កូ​វីដ​១៩ ក្រសួងទេសចរណ៍​ នឹង​នៅតែ​បន្ត​ជំរុញ​ ការផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​កម្ពុជា​ នៅលើ​ឆាក​អន្តរជាតិ​។

ការផ្សព្វផ្សាយនេះ នឹងធ្វើឡើងតាមរយៈ​ការចូលរួម​ដោយផ្ទាល់​ក្នុង​ «​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ” នៅក្រៅ​ប្រទេស​ចំនួន១០​លើក ​(​ទីផ្សារ​អាស៊ាន​, ឥណ្ឌា ចិន ជប៉ុន កូរ៉េ និង​ទីផ្សារ​អឺរ៉ុប​) ព្រមទាំង​រៀបចំ​កម្មវិធី​ ​“ផ្សព្វផ្សាយ​បង្ហាញផ្លូវ​ទេសចរណ៍​កម្ពុជា” ​ដើម្បី​អបអរសាទរ និង​ផ្សព្វផ្សាយ​យុទ្ធនាការ​ទស្សនា​កម្ពុជា​ឆ្នាំ​ ២០២៣ ក៏ដូចជា​ផ្សព្វផ្សាយ​យុទ្ធនាការ “កម្ពុជា​ជា​គោលដៅ​ទេសចរណ៍​កីឡា” ដែល​កម្ពុជា​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ និង​ព្រឹត្តិការណ៍​កីឡា​យុវជន​អាស៊ី​ឆ្នាំ​ ២០២៩។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បន្ថែម​ពីលើ​នេះ ​ក្រសួង​ក៏បាន​ស្នើឱ្យ​ផ្នែក​ពាក់ព័ន្ធ ​ចូលរួម​ឱ្យបាន​សកម្ម​ក្នុងការ​ផ្សព្វផ្សាយ​ផងដែរ​។​

សេចក្តីជូនដំណឹង​បញ្ជាក់ថា​ ​ក្រសួងទេសចរណ៍​សូម​អំពាវនាវ​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍ ​គ្រប់​សមាគម​ទេសចរណ៍ ស្ថាប័នរដ្ឋ​-​ឯកជន​ពាក់ព័ន្ធ អ្នកសារព័ត៌មាន​ជាតិ​-​អន្តរជាតិ និង​សាធារណជន​មេត្តា​ជ្រាប និង​សហការ​ចូលរួម​ជាមួយ​ក្រសួងទេសចរណ៍​ឱ្យបាន​ច្រើន និង​សកម្ម​បំផុត​ក្នុងការ​ចាប់យក​ឱកាស​ផ្សព្វផ្សាយ ​គោលដៅ​ទេសចរណ៍​កម្ពុជា ក៏ដូចជា​បង្កើន​ការលក់​កញ្ចប់​ទស្សនកិច្ច​ទេសចរណ៍​កម្ពុជា ​នៅលើ​ទីផ្សារ​អន្តរជាតិ​។​

លោកស្រីឆាយ ស៊ីវលីន​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា បន្ទាប់ពី​ធ្លាក់ចុះ​ក្បែរ​ដល់​សូន្យ ​នា​រយៈពេល​ជាង២​ឆ្នាំ ​ដោយសារ​វិបត្តិ​កូ​វីដ​១៩ នៅពេលនេះ​វិស័យ​ទេសចរណ៍​កម្ពុជា​បានចាប់ផ្តើម​មានដំណើរ​ល្អ​ឡើងវិញ​ជា​បណ្តើរៗ​ហើយ ជាពិសេស​ចរន្ត​ភ្ញៀវទេសចរ​ក្នុងស្រុក​។ នៅមុន​ពេល​មាន​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ វិស័យ​ទេសចរណ៍ ​(​ទេសចរណ៍​អន្តរជាតិ​) បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការរកចំណូល​ចូលជាតិ ព្រមទាំង​មាន​បង្កើត​ការងារ​ដោយផ្ទាល់ និង​ប្រយោល​ជាច្រើន​។​

លោកបញ្ជាក់ថា “​យុទ្ធសាស្ត្រ​ដែល​ក្រសួង​បានដាក់​ចេញ​ខាងលើ គឺ​ពិត​ជាមាន​ភាពចាំបាច់ ​ក្នុងការ​ធ្វើឱ្យ​ជនបរទេស​ស្គាល់​កម្ពុជា​ កាន់តែច្រើន និង​អាច​ទាក់ទាញ​ពួកគេ ​ឱ្យធ្វើ​ដំណើរ​មក​កម្សាន្ត​នៅ​កម្ពុជា​ ព្រោះប្រទេស​កម្ពុជា គឺជា​ទីតាំង​ទេសចរណ៍​មួយ​ដ៏​ល្អ​នៅលើ​ពិភពលោក”។​

 

យុទ្ធសាស្ត្រ​សំខាន់ៗ​ទាំងនោះ​មាន ដូចជា ការអភិវឌ្ឍ​ផលិតផល និង​សេវាកម្ម​ទេសចរណ៍ ​ប្រកបដោយ​នវានុវត្តន៍ និង​ភាព​ច្នៃប្រឌិត​ ការពង្រឹង​គុណភាព​ សេវាកម្ម​ទេសចរណ៍​ឱ្យ​ស្របតាម​ស្តង់ដា​ ការជំរុញ​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ និង​ជំនាញ​ថ្មីៗ​បន្ថែម​ និង​សម្រួលការ​ធ្វើដំណើរ និង​ដឹកជញ្ជូន​ទេសចរណ៍​ឱ្យមាន​ភាពងាយស្រួល និង​សុវត្ថិភាព​។ ចំណុច​សំខាន់​ផ្សេងៗ​ទៀត រួមមាន ការពង្រឹង​សមត្ថភាព​សិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា​ ការជំរុញ​ការប្រើប្រាស់​បច្ចេកវិទ្យា​ថ្មីៗ​ក្នុង​វិស័យ​ទេសចរណ៍​ ការដាក់ចេញ​គោលនយោបាយ​សំខាន់ៗ​បន្ថែមទៀត​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ និង​ពង្រឹង​យន្តការ​អភិបាលកិច្ច​ទេសច​រណ៍ និង​ការអភិវឌ្ឍ​ធនធានមនុស្ស​៕

LEAVE A REPLY

Please enter your comment!
Please enter your name here