ដោយៈម៉ាណេត
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងការបរទេសចិនលោក វ៉ាង យី (Wang Yi) មកដល់ប្រទេសកម្ពុជានៅថ្ងៃអាទិត្យនេះ ក្នុងដំណើរមួយដែលបង្ហាញ ពីចំណងមិត្តភាពកាន់តែជិតស្និទ្ធរវាងប្រទេសជិតខាង ខណៈទស្សនកិច្ចរបស់លោក អាចនឹងធ្វើឱ្យប្រទេសកម្ពុជាក្លាយជាមូលដ្ឋានសម្រាប់ការប្រកួតប្រជែងរវាងចិន និងអាមេរិក។ នេះបើយោងតាមការលើកឡើងអ្នកវិភាគ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសកម្ពុជាបានឱ្យដឹងថា នៅក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ទៅកាន់ចំនួន៤ ប្រទេសនៅអាស៊ីអាគ្នេយ៍លោក Wang Yi ត្រូវបានរំពឹងថានឹងជួបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឧបនាយករដ្ឋមន្ត្រីហោណាំ ហុង និងលោកប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស។
ប្រទេសចិនគឺជាប្រភពវិនិយោគផ្ទាល់ បរទេសធំបំផុតរបស់កម្ពុជា និងជាដៃគូពាណិជ្ជកម្មធំជាងគេផងដែរ។ ការពង្រឹងវត្តមានរបស់ចិន នៅក្នុងប្រទេសកម្ពុជាបាននាំឱ្យមានការប្រកួតប្រជែងគ្នារវាងសហរដ្ឋអាមេរិកនិងចិន។
ដំណើរទស្សនកិច្ចរបស់លោក Wang Yi ត្រូវបានធ្វើឡើង ដើម្បីប្រកួតប្រជែងជាមួយ នឹងសម្ពាធដែលក្រុងវ៉ាស៊ីនតោន បានដាក់នៅទីក្រុងភ្នំពេញ ខណៈសហរដ្ឋអាមេរិកត្រូវបានរំខាន ដោយយុទ្ធនាការបោះឆ្នោតប្រធានាធិបតីដែលបែកបាក់។
អំឡុងដំណើរទស្សនកិច្ចរបស់លោក លោក Wang Yi ត្រូវបានរំពឹងថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិន-កម្ពុជា ដែលជាកិច្ចព្រមព្រៀងលើកដំបូងរវាងកម្ពុជានិងប្រទេសបរទេស។
កិច្ចព្រមព្រៀងនេះ បានកើតឡើងក្នុងរយៈពេលប៉ុន្មានខែ បន្ទាប់ពីប្រទេសនេះបានបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA ចំនួន ២០ភាគរយ។
ដំណើរទស្សនកិច្ចរបស់លោក Wang Yi បានធានាដល់សម្ព័ន្ធមិត្តអាស៊ីអាគ្នេយ៍ដែលជិតស្និទ្ធបំផុតរបស់ទីក្រុងប៉េកាំង ចំពោះការគាំទ្រខាងសេដ្ឋកិច្ច និងនយោបាយរបស់ខ្លួន ខណៈដែលសហរដ្ឋអាមេរិក បន្តពង្រឹងមិត្តិភាពជាមួយកម្ពុជា ដោយប្រារព្ធខួប៧០ ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
លោក Wang Yi ក៏នឹងប្រើឱកាសនេះ ដើម្បីសន្យាគាំទ្រដល់ការស្តារឡើងវិញសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក្រោយជំងឺកូវីដ១៩ ហើយនឹងពិភាក្សាក្នុងការផ្តល់វ៉ាក់សាំង Covid-19 ដល់ប្រទេសនេះ។
កាលពីខែសីហា លោក Li Keqiang នាយករដ្ឋមន្ត្រីចិនបានប្តេជ្ញាថា ចិននឹងផ្តល់អាទិភាពដល់ប្រទេសមេគង្គទាំង៥ ក្នុងការទទួលបានវ៉ាក់សាំងរបស់ខ្លួន ហើយនឹងរៀបចំកម្មវិធីសុខភាពសាធារណៈ ក្រោមគំនិតផ្តួចផ្តើមសហប្រតិបត្តិការឡានឆាង-មេគង្គ ដើម្បីផ្តល់ហិរញ្ញប្បទាន ដល់គម្រោងសហប្រតិបត្តិការរវាងប្រទេសទាំង។
បន្ទាប់ពីធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា លោក Wang Yi គ្រោងនឹងធ្វើដំណើរទៅប្រទេសម៉ាឡេស៊ី ឡាវ និងថៃ៕ SCMP៕