ដោយៈលក្ខិណា
ភ្នំពេញៈ បើទោះបីជាកម្ពុជាស្ថិតនៅក្នុងវិបត្តិ នៃជំងឺឆ្លងសាកលកូវីដ១៩ និងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា ធ្លាក់ចុះយ៉ាងណាក្ដី តែកម្ពុជាមិនបានស្នើសុំដល់ម្ចាស់បំណុលក្នុងកិច្ចព ន្យាការបង់ប្រាក់កម្ចី ឬកាតព្វកិច្ចហិរញ្ញវត្ថុអន្តរជាតិនោះទេ ។ នេះជាការលើកឡើងរបស់លោកផៃ ស៊ីផានអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី០៩ តុលា ២០២០។
លោកផៃ ស៊ីផាន លើកឡើងថា “ជាការសម្គាល់របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី បានអះអាងថា កម្ពុជាស្ថិតនៅស្ថានភាពល្អប្រសើរ បើសិនប្រៀបធៀបទៅនិងប្រទេសដទៃមួយចំនួនលើវិស័យហិរញ្ញវត្ថុ នៅសម័យCovid-19”។ លោកបន្តថា “កម្ពុជាមិនបានស្នើដល់ម្ចាស់បំណុល ក្នុងកិច្ចពន្យាការបង់ប្រាក់កម្ចី ឬកាតព្វកិច្ចហិរញ្ញវត្ថុអន្តរជាតិនោះទេ”។
លោកបន្តថា រដ្ឋាភិបាលកម្ពុជានៅតែមានសកម្មភាពដ៏សកម្ម ក្នុងកិច្ចបញ្ចេញសាច់ប្រាក់គាំទ្រកម្មវិធីវិនិយោគ ដូចជានៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (កំពង់សោម–សៀមរាប) ជាដើម”។លោកបន្តថា “មិនតែប៉ុណ្ណោះ នៅក្នុងវិស័យហិរញ្ញប្បទានក៏មានសកម្មភាពរស់រវើក ដូចជា ការសង្រ្គោះជនក្រីក្រនិងងាយរងគ្រោះ និងកិច្ចបណ្ដាក់ទុនសាធារណៈ ក្នុងការកសាងផ្លូវថ្នល់ ប្រឡាយទឹក ឬគម្រោងខ្នាតតូចនៅតាមមូលដ្ឋានជាដើមនោះ ទោះបីនៅក្នុងសម្ពាធនៃជំងឺ Covid-19។
យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញផងដែរថា ក្នុងរយៈពេល៦ខែដើមឆ្នាំ ២០២០នេះ ឬក្នុងឆមាសទី១ឆ្នាំ ២០២០ រាជរដ្ឋាភិបាលកម្ពុជា បានទូទាត់សេវាបំណុល ជូនដៃគូអភិវឌ្ឍន៍សរុបចំនួន១៥២,៣៧លានដុល្លារអាមេរិក។
ក្នុងចំណោមទំហំទឹកប្រាក់ដែលបានទូទាត់សេវាបំណុលនោះ រួមមានក្របខ័ណ្ឌបំណុលសាធារណៈក្នុងប្រទេស មានចំនួន១ភាគរយ ត្រូវនឹង១,៦១លានដុល្លារអាមេរិក ក្នុងនោះប្រាក់ដើម១,៥៦លានដុល្លារអាមេរិក និងការប្រាក់០,០៥លានដុល្លារអាមេរិក និងក្របខ័ណ្ឌបំណុលសាធារណៈ ក្រៅប្រទេសមានចំនួន៩៩ភាគរយ ត្រូវនឹង១៥០,៧៥លានដុល្លារអាមេរិក ប្រាក់ដើមមាន១០៩,៩៦លានដុល្លារអាមេរិក និងការប្រាក់និងកម្រៃផ្សេងៗ៤០,៧៩លានដុល្លារអាមេរិក។
របាយការណ៍ដដែលនេះបានបង្ហាញថា គិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០២០ កម្ពុជាមានសន្និធិបំណុលសាធារណៈ សរុបចំនួន៧,៩ពាន់លានដុល្លារអាមេរិក ដោយសុទ្ធតែជាបំណូលសាធារណៈក្រៅប្រទេស។ សម្រាប់បំណុលសាធារណៈក្នុងប្រទេស ត្រូវបានទូទាត់បញ្ចប់រួចរាល់ កាលពីថ្ងៃទី១១ខែកុម្ភៈឆ្នាំ ២០២០កន្លងទៅនេះ៕