ដោយគង់ ម៉ាលីនណា
ភ្នំពេញៈ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា ក្នុងនាមជាប្រទេសតូចមួយ ដែលស្រលាញ់សន្តិភាព និងប្រកាន់ខ្ជាប់នូវគោលការណ៍ប្រជាធិបតេ យ្យ កម្ពុជាអាចដើរតួនាទីចូលរួមចំណែករបស់ខ្លួន នៅក្នុងសហគមន៍អន្តរជាតិបាន លុះត្រាតែមានការធានាថា វិធានច្បាប់នានាដែលគ្រប់គ្រងប្រព័ន្ធអន្តរជាតិ ត្រូវបានអនុវត្តប្រកបដោយសមភាព។
សេចក្តីថ្លែងការណ៍របស់សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងក្នុងឱកាសកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី ៧៥កាលពីថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ២០២០មកនេះ សម្តេចបានសម្តែងការខកចិត្តផងដែរថា ប៉ុន្តែប្រការគួរឱ្យសោកស្ដាយ គឺជារឿយៗ អាស្រ័យទៅនឹងមហិច្ឆតានយោបាយ និងរបៀបវារៈឱកាសនិយមលាក់ពុត របស់ប្រទេសមួយចំនួន កម្ពុជាត្រូវប្រឈមមុខនឹងស្តង់ដារទ្វេរ ដែលប្រកបដោយល្បិចកល និងការសម្រេចចិត្តដែលមានភាព-លម្អៀង និងមានចេតនានយោបាយ។
សម្តេចតេជោហ៊ុន សែនបានបន្តថា “រឿងអយុត្តិធម៌នេះ រំលឹកខ្ញុំអំពី “ស្លាកស្នាម” ប្រវត្តិសាស្ត្រ ។ ប្រមាណជាង ៤០ឆ្នាំមុន កម្ពុជាត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលប្រជាជនកម្ពុជាជាង២លាននាក់ បានបាត់បង់ជីវិតនៅក្នុងដៃរបបដ៏ព្រៃផ្សៃនេះ។ សម្តេចបន្តថា “អ្នករស់រានមានជីវិតទាំងបាក់ស្បាត និង សល់តែបាតដៃទទេ គឺជាអ្នកដែលស្ដារប្រទេសជាតិពីគំនរផេះផង់ ។ អ្វីដែលគួរឱ្យហួសចិត្ត គឺអ្នកដែលរស់រានមានជីវិតទាំងអស់នោះ បែរជាទទួលរងទណ្ឌកម្ម ពីសមាជិកភាគច្រើននៃអង្គការសហប្រជាជាតិ ដែលថែមទាំងបានអនុញ្ញាតឱ្យមេពិឃាតខ្មែរក្រហម កាន់កាប់អាសនៈរបស់កម្ពុជានៅអង្គការសហប្រជាជាតិទៅវិញ” ។
រដ្ឋាភិបាលដដែលទាំងនោះ ដែលបានផ្សព្វផ្សាយឥតឈប់ឈរ អំពីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស គឺជាអ្នកដែលបានរារាំងប្រជាជនយើង ពីការទទួលបានចំណីអាហារ សុខុមាលភាព ការអប់រំ ផ្ទះសម្បែង ការអភិវឌ្ឍ និងជាពិសេសសុខសន្តិភាពអស់រយៈពេលជាង១២ឆ្នាំ ។
សម្តេចតេជោហ៊ុន សែនបានបញ្ជាក់ថា “ការណ៍ដែលសហភាពអឺរ៉ុបដកហូត EBA មួយផ្នែកពីកម្ពុជា នៅពេលដែលប្រទេសនេះ កំពុងប្រឹងប្រែងតស៊ូជម្នះជំងឺរាតត្បាតកូវីដ-១៩ គឺជារឿងច្រំដែលនៃប្រវត្តិសាស្ត្រ” ។
សម្តេចបានបញ្ជាក់ទៀតថា ទោះបីជាយ៉ាងណា កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹង ដូចដែលខ្លួនធ្លាប់បានធ្វើអស់រយៈពេល៤០ឆ្នាំកន្លងមកនេះ ក្នុងការការពារនូវអ្វីដែលខ្លួនជឿជាក់ថា ជាមាគ៌ាដ៏ត្រឹមត្រូវ នោះគឺការការពារអធិបតេយ្យភាព និងថែរក្សាសន្តិភាព ដែលកសាងបានយ៉ាងលំបាកលំបិន និងទទួលបាននូវការសាទរពេញទំហឹង ដោយប្រជាជាតិកម្ពុជាទាំងមូល ដែលបានឆ្លងកាត់សោកនាដកម្មដ៏ខ្លោចផ្សាបំផុត និងកំពុងតែងើបឈរឡើងជាប្រជាជាតិមួយ ស្មើមុខមាត់ ស្មើភាព និងស្មើសិទ្ធ ជាមួយបណ្តាប្រជាជាតិដទៃនៅក្នុងតំបន់ និង សកលលោក៕