ដោយៈ លក្ខិណា
ភ្នំពេញៈ ចាប់តាំងពីកម្ពុជាបានជួបនឹងវិបត្តិនៃជំងឺកូវីដ១៩ ក្នុងឆ្នាំ២០២០ និងអួសបន្លាយមកដល់ឆ្នាំ ២០២២នេះ វិស័យអចលនទ្រព្យបានបន្តរងផលប៉ះពាល់ដដែល។
ប៉ុន្តែអ្នកជំនាញ ជាច្រើនបានបង្ហាញពីសុទិដ្ឋិនិយមខ្ពស់ ចំពោះវិស័យអចលនទ្រព្យកម្ពុជា ហើយក៏មានអ្នកជំនាញមួយចំនួនបញ្ជាក់ថា វិស័យនេះ នឹងអាចស្ដារឱ្យបានដូចដើមវិញ ហោចណាស់ក៏ត្រូវប្រើពេល២ឆ្នាំដែរ។
លោកប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Advance បានឱ្យដឹងថា ផលប៉ះពាល់ទៅលើវិស័យអចលនទ្រព្យ នឹងនៅតែបន្តដរាបណាមេរោគកូវីដ១៩នេះ នៅតែបន្តរាលដាលនៅក្នុងប្រទេសកម្ពុជា និងនៅក្នុងលក្ខខណ្ឌសកលលោក។ បើរាប់ចាប់តាំងពីពេលនេះតទៅ យើងអាចប្រើពេលវេលាយ៉ាងហោចណាស់ក៏២ឆ្នាំដែរ ទើបអាចធ្វើឱ្យធ្វើវិស័យអចលនទ្រព្យកម្ពុជា វិលទៅរកស្ថានភាពដូចដើមក្នុងឆ្នាំ២០១៩វិញ ។
លោកបន្តថា បើសិនជាស្ថានភាពនេះ នៅតែបន្តរាលដាលបន្ថែមទៀត ការប្រើពេល ដើម្បីស្ដារឱ្យវិស័យអចលនទ្រព្យវិល ទៅរកស្ថានភាពដូចដើមវិញ ក៏ត្រូវការប្រើពេលវេលាយូរជាងនេះដែរ តែយ៉ាងណាយើងក៏រំពឹងថាស្ថានភាពវានឹងល្អប្រសើរ ហើយយើងក៏អាចប្រើពេលខ្លី ដើម្បីជំរុញនិងស្ដារឱ្យវិស័យអចលនទ្រព្យបានប្រសើរដូចគ្នាដែរ ។
លោកអ៊ាវគង់ បានបន្ថែមថា ទោះបីជាមានការរីករាលដាលនៃកូវីដ១៩ ក៏ដោយ ក៏សកម្មភាពនៃសេដ្ឋកិច្ចកម្ពុ ជាបន្តដំណើរទៅមុខជាបន្តបន្ទាប់ ពីព្រោះយើងបានចាក់វ៉ាក់សាំង ដល់ប្រជាពលរដ្ឋជាច្រើនលើសលប់ ដែលអាចធ្វើឱ្យមេរោគនេះ ឆ្លងហើយតែមិនមានលក្ខណៈធ្ងន់ធ្ងរ ។
លោកបញ្ជាក់ថា សកម្មភាពអចលនទ្រព្យ ក្នុងប្រទេសកម្ពុជាពេលនេះ យើងក៏មិនទាន់ឃើញមាន ការវិនិយោគថ្មីៗច្រើននៅឡើយ ហើយការជួលវិញក៏ឃើញថាមិនទាន់ទូលំទូលាយដែរ គឺមានតែមួយចំណែកប៉ុណ្ណោះ ជាពិសេសនៅក្នុងតែរាជធានីភ្នំពេញ ដោយនៅបណ្ដាខេត្តក៏មិនទាន់មានសកម្មភាព ជួលអចលនទ្រព្យច្រើនទូលំទូលាយដែរ ។
ទោះបីជាស្ថានភាពនៃវិបត្តិ មិនទាន់មានភាពប្រសើរក្នុងក្របខណ្ឌសកលក្ដីតែ កម្ពុជាបានធូរស្រាលសម្រាប់វិបត្តិកូវីដ១៩ និងមានការវិនិយោគលើអចលនទ្រព្យឡើងវិញបន្តបន្ទាប់ ហើយរំពឹងថាវិស័យអចលនទ្រព្យនឹងប្រសើរបន្តិចម្ដងៗ ។
អ្នកនាងគឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃCBRE Cambodia ក៏បានលើកឡើងផងដែរថា វិស័យនេះប្រសើរ និងមានការវិនិយោគពីប្រទេសឡើងវិញឆាប់ ឬយឺតនោះ អាស្រ័យលើកត្តាពីរ គឺកូវីដ១៩ក្របខណ្ឌសកល និងវិបត្តិនៃសង្គ្រាមរវាងអ៊ុយក្រែននិងរុស្ស៊ី៕