ដំណឹងល្អ! ព្រលានយន្តហោះវាលបែកចានខេត្តបាត់ដំបងគ្រោងអភិវឌ្ឍទៅជាលំដាប់ថ្នាក់៤C

ដោយៈ សុផារី

បាត់ដំបងៈ លេខាធិការដ្ឋានអាកាសចរស៊ីវិល និងរដ្ឋបាលខេត្តបាត់ដំបងសហការគ្រោងស្ដារ និងអភិវឌ្ឍអាកាសយានដ្ឋានបាត់ដំបង ទៅជាព្រលានយន្តហោះលំដាប់ថ្នាក់4C បង្កភាពងាយស្រួលដល់ក្រុមហ៊ុនអាកាសចរក្នុងស្រុក និងបង្កើនហោះហើរទៅក្រៅស្រុក។

លោកសយ សុខាន់ រដ្ឋលេខាធិការនៃលេខាធិការដ្ឋានអាកាសចរស៊ីវិលនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ បានមានប្រសាសន៍ថា ការសិក្សាលទ្ធភាពស្ដារឡើងវិញ នូវអាកាសយានដ្ឋានបាត់ដំបង ក្រោយពីត្រូវបានទុកចោលច្រើនឆ្នាំមកហើយ ដោយយោងទៅតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានឱ្យដឹងទៀតថា “ការស្ដារឡើងវិញនូវអាកាសយានដ្ឋាននេះ នឹងអភិវឌ្ឍន៍ពីអាកាសយានដ្ឋានប្រភេទ3C ទៅជាអាកា​ស​យានដ្ឋានប្រភេទ4C ដោយផ្អែកទៅតាមតម្រូវការ និងបង្កភាពងាយស្រួល ដល់ក្រុមហ៊ុនអាកាសចរក្នុងស្រុក ដែលមានយន្តហោះប្រភេទ Airbus ឬ Boeing អាចបើកជើងយន្តហោះមកទីរួមខេត្តបាត់ដំបងបាន និងជាពិសេសអាចមានជើងហោះហើរទៅក្រៅស្រុកបានផងដែរ”។

លោកបានបន្តទៀតថា ក្រោយពីធ្វើការសិក្សារួចមក គឺមានបញ្ហាមួយចំនួនដែលត្រូវដោះស្រាយ ជាមួយប្រជាពលរដ្ឋ ដែលរស់នៅអាស្រ័យផល នៅក្នុងអាកាសយានដ្ឋាន ការពង្រីកផ្លូវ Runway បន្ថែមទៀត និងត្រូវធ្វើការជួសជុលជាច្រើនទៀត ដោយសារត្រូវបានទុកចោលរាប់ឆ្នាំមកហើយ។

លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា ការអភិវឌ្ឍអាកាសយានដ្ឋាននេះ ទៅជាប្រភេទ4C នឹងទាក់ទាញភ្ញៀវទេសចរក្រៅស្រុក និងក្នុងស្រុកអាចធ្វើដំណើរត្រង់មកខេត្តបាត់ដំបង និងដើម្បីចូលរួមការអភិវឌ្ឍខេត្តបាត់ដំបង ឱ្យកាន់ តែមានភាពរីកចម្រើន តទៅមុខទៀតក្រោយពេលដែលអាកាសយា នដ្ឋានប្រភេទ4C ចេញជារូបរាងនាពេលខាងមុខ។

លោកក៏បានស្នើឱ្យមានសិក្សាឱ្យច្បាស់លាស់ អំពីគម្រោងនៃការពង្រីកផ្លូវ Runway ដែលត្រូវការទំហំដីបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ ដល់ប្រជាពលរដ្ឋដែលរស់នៅ។ រដ្ឋបាលខេត្តនឹងធ្វើការចូលរួមសហការជានិច្ច ដោះស្រាយបញ្ហានានា ដែលធ្វើឱ្យប៉ះពាល់ដល់កិច្ចអភិវឌ្ឍន៍អាកាសយានដ្ឋាន នៅខេត្តបាត់ដំបង ដើម្បីឱ្យអាកាសយានដ្ឋាននេះ លេចរូបរាងឡើងនៅក្នុងទឹកដីកសិកម្មមួយនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here