ដោយ៖ សុធារី
បាងកក៖ ក្រុមហ៊ុនចែកចាយ Sahapattanapibul បាននិយាយកាលពីចុងសប្តាហ៍ថា ខ្លួនបានពិចារណាដំឡើងថ្លៃមីកញ្ចប់ម៉ាក “ម៉ាម៉ា” ដែលមានការចែកចាយតាមទីផ្សារក្នុងតំបន់យ៉ាងទូលំទូលាយ ដល់តម្លៃ៧បាតក្នុង១កញ្ចប់ ដោយសារតែការចំណាយលើផលិតកម្មកើនឡើងក្នុងប៉ុន្មានខែចុងក្រោយនេះ។
ទោះយ៉ាងណាក៏ដោយ លោក Vethit Chokwatana ប្រធានក្រុមហ៊ុនបានទទួលស្គាល់ថា ការសម្រេចចុងក្រោយនឹងអាស្រ័យលើរដ្ឋាភិបាល។
យោងតាមស្ថិតិ ប្រទេសថៃជាប់ចំណាត់ថ្នាក់ទី ៥ នៅលើពិភពលោកដោយប្រជាពលរដ្ឋរបស់ខ្លួនពេញនិយមបរិភោគមីកញ្ចប់ ដោយជនជាតិថៃម្នាក់ៗប្រើប្រាស់មីកញ្ចប់ជាមធ្យមចំនួន៥៣,២កញ្ចប់ក្នុង១ឆ្នាំ។
ប្រទេសថៃគឺជាប្រទេសនាំចេញមីកញ្ចប់ធំជាងគេទី៩ នៅក្នុងពិភពលោក ដោយការនាំចេញជាមធ្យមមានចំនួន៣,៩ពាន់លានកញ្ចប់ជារៀងរាល់ឆ្នាំ។
លោក Sahapattanapibul បាននិយាយថា ក្រុមហ៊ុនសង្ឃឹមថា តម្លៃលក់មីម៉ាម៉ានឹងកើនឡើង។ ទោះបីជាយ៉ាងណា ក៏មិនមានការធានាថានេះនឹងជួយក្រុមហ៊ុនយកឈ្នះលើវិបត្តិនៃការចំណាយថ្លៃដើមច្រើនជាងមុនកំពុងកើនឡើងនោះដែរ។
តម្លៃមីកញ្ចប់ “ម៉ាម៉ា” ត្រូវបានរក្សាស្ថានភាពថេរនៅត្រឹមតម្លៃ៦បាតក្នុង១កញ្ចប់តាំងពីឆ្នាំ២០១៤មក។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនផលិតមី Thai President Foods បាននិយាយថា តម្លៃម្សៅស្រូវសាលីបានកើនឡើងពី២០០បាតក្នុង១ កញ្ចប់ទម្ងន់២២,៥ គីឡូក្រាមដល់៥០០បាត ខណៈដែលតម្លៃប្រេងដូងបានឡើងពី១៩បាតក្នុង១គីឡូក្រាមដល់៥៩បាត៕







