កម្ពុជារំពឹងការនាំចេញផ្លែមៀនទៅចិនឆាប់ៗ ខណៈលោកស៊ី ជិនពីងប្រកាសបង្កើនការនាំចូលកសិផល

ដោយៈសុផារី

ភ្នំពេញៈ លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា ក្នុងរយៈពេល១ខែឬ២ខែទៀតខាងមុខនេះ កម្ពុជាសង្ឃឹមថានឹងអាចនាំផ្លែមៀនប៉ៃលិន ទៅកាន់ប្រទេសចិនដោយផ្ទាល់បាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ស្របពេលជាមួយគ្នានេះ ក្នុងជំនួបពិភាក្សាការងារតាមទូរស័ព្ទជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃសុក្រទី១៨ ខែមីនា ឆ្នាំ២០២២នេះ លោកស៊ី ជីនពីង ប្រធា​នាធិបតីចិនបានលើកឡើងថា បច្ចុប្បន្នកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិនបានចូលជាធរមាន ដូច្នេះចិននឹងនាំចូលអង្ករឱ្យបានកាន់តែច្រើនជាងមុន ព្រមទាំងផលិតផលកសិកម្មមួយចំនួនទៀត ដូចជាផ្លែ ចេក ស្វាយ និងផ្លែមៀនជាដើម ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។

លើកឡើងក្នុងសន្និសីទសារព័ត៌មានស្តីពី “លក្ខខណ្ឌតុណភាពឆ្លើយតប និងការនាំចេញកសិផល ទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងចិន” លោក ងិន ឆាយ បានបញ្ជាក់ថា “ពាក់ព័ន្ធនឹងមៀនប៉ៃលិនថា តើយើងអាចនាំចេញនៅពេលណា គឺខ្ញុំពិបាកក្នុងការផ្តល់ជូនថា ឱ្យវាច្បាស់លាស់ថានៅពេលណា ក៏ប៉ុន្ដែខ្ញុំគិតថា ក្នុងរយៈពេលយ៉ាងយូរ១ខែ ឬ២ខែទៀត យើងសង្ឃឹមថា នឹងអាចនាំមៀនប៉ៃលិនពីកម្ពុជា ទៅកាន់ប្រទេសចិនបាន”។

លោកបានឱ្យដឹងថា រហូតមកដល់ពេលនេះ ពិធីសារបច្ចេក​ទេសបានឯកភាពគ្នា រួចរាល់ហើយ ចាំតែថ្ងៃចុះហត្ថលេខាប៉ុណ្ណោះ​។ នៅពេលចុះហត្ថលេខាភ្លាម កម្ពុជាបញ្ជូនរបាយការណ៍ទៅភ្លាម ហើយភាគីចិន នឹងចាប់ផ្ដើមវាយតម្លៃ ហើយភាគីចិនអាចត្រួតពិនិ ត្យភ្លាម។

លោកបានលើកឡើងថា “លឿន ឬយូរក៏វាអាស្រ័យទៅលើភាគីចិនដែរថា តើគាត់មានការប្ដេជ្ញាចិត្ត ក្នុងការជំរុញក្នុងការវាយតម្លៃឱ្យបានលឿននៅក្នុងកម្រិតណា? យើងដឹងហើយថា ភាគីចិនមានប្រទេសជាច្រើន ដែលសុំការវាយតម្លៃដូចគ្នា ក៏ប៉ុន្តែភាគីចិនបានផ្តល់អាទិភាពឱ្យមកប្រទេសកម្ពុជា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here