ដោយៈគង់ សូរិយា
ភ្នំពេញៈ ស្របពេលការយល់ដឹងរបស់ប្រជាពលរដ្ឋ និងវិនិយោគិនកាន់តែច្រើន ចាប់អារម្មណ៍លើវិស័យមូលបត្រ បានធ្វើឲ្យទំហំជួញដូរក្នុងទីផ្សារនេះ កើនឡើងដល់ជិតកន្លះលានដុល្លារក្នុងមួយថ្ងៃ។
ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកផ្សារមូលបត្រកម្ពុជា លោកហុង សុហួរ បានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកាលពីថ្ងៃទី១៥ មិនាថា នៅដើមឆ្នាំនេះ ទីផ្សារមូលបត្រមានការកើនឡើងនូវការជួញដូរដ៏ល្អប្រសើរ ដោយក្នុងរយៈពេលពីរខែដើមឆ្នាំនេះ ទំហំសាច់ប្រាក់នៃការជួញដូរ បានកើនឡើងដល់ជិត៥០ម៉ឺនដុល្លារក្នុងមួយថ្ងៃ។
លោកបន្តថា “ទំហំនៃការជួញដូរនេះកើនឡើងច្រើន បើ់ធៀបនឹងឆ្នាំ២០២០ ដែលការជួញដូរមានត្រឹម២០ម៉ឺនដុល្លារ និងឆ្នាំ២០២១ ការជួញដូរ បានកើនឡើងដល់២៧ម៉ឺនជាមធ្យមក្នុងមួយថ្ងៃ”។ លោកបន្តថា “យើងរំពឹងថា ពីពេលនេះរហូតដល់ចុងឆ្នាំ ទំហំនៃការជួញដូរនឹងបន្តរក្សាបាននូវទំនោរបែបនេះ”។
ផ្សារមូលបត្រកម្ពុជាបច្ចុប្បន្នមានក្រុមហ៊ុនចំនួន១៥ បានបោះផ្សាយលក់ ក្នុងនោះក្រុមហ៊ុន៩ បានបោះផ្សាយលក់មូលបត្រ និងក្រុមហ៊ុនចំនួន៦បានបោះផ្សាយលក់សញ្ញាប័ណ្ណ ឬប័ណ្ណបំណុល។
លោកហុង សុហួរបានបន្តថា កាលពីដើមឆ្នាំនេះ យើងរំពឹងថានឹងមានក្រុមហ៊ុន៨នឹងមកចុះបញ្ជីរ ប៉ុន្តែបច្ចុប្បន្នយើងទើបមានក្រុមហ៊ុន១បានមកចុះបញ្ជីរ ក្នុងអំឡុងរយៈពេលជាង២ខែនេះ ប៉ុន្តែការទទួលបានក្រុមហ៊ុនចុះបញ្ជីរច្រើនឬយ៉ាងណា យើងរង់ចាំមើលតទៅទៀត ព្រោះយើងមានការរំខានច្រើនពីជំងឺកូវីដ ប្រភេទអូមីក្រុង ការកើតមានសង្រ្គាមពីរុស្ស៊ី និងអ៊ុយក្រែន ដោយមានការព្រួយបារម្ភពីវិនិយោគិនរបស់យើង។
លោកបន្តថា “វិបត្តិសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែនបានធ្វើឲ្យផ្សារហ៊ុនរបស់យើងធ្លាក់ចុះរយៈពេលមួយសប្តាហ៍ ប៉ុន្តែបច្ចុប្បន្នបានងើបល្អប្រសើរឡើងវិញហើយ”៕