កម្ពុជាបន្តជំរុញការនាំចេញផលិតផលវាយនភណ្ឌ និងស្បែកជើងទៅកាន់ទីផ្សារអឺរ៉ុប

ដោយៈលក្ខិណា

ភ្នំពេញៈ កម្ពុជាបន្តចាប់យក និងជំរុញការនាំចេញផលិតផលទៅកាន់ទីផ្សារសហភាពអឺរ៉ុបបន្ថែមទៀត ខណៈទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសហភាពអឺរ៉ុប បានបន្តកើនឡើងក្នុងឆ្នាំ២០២១កន្លងទៅ ទោះបីជាពិភពលោកជួបនឹងវិបត្តិកូវីដ១៩ក៏ដោយក្ដី។


លោកឧកញ៉ា គង់ សាងប្រធានសមាគមរោងចក្រកាត់ដេរសម្លៀកបំពាក់និងស្បែកកម្ពុជា បានមានប្រសាសន៍នៅក្នុងពិធី ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអោយកាន់តែរឹងមាំក្នុងភាពជាដៃគូ ដែលផ្តល់ប្រយោជន៍អោយគ្នាទៅវិញទៅមក រវាងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងសហភាពាណិជ្ជកម្មអឺរ៉ុបនៅថ្ងៃទី១៦មីនាឆ្នំា២០២២នេះថា សហភាពអឺរ៉ុបគឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគចម្បងមួយរបស់កម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងឆ្នាំ២០២០ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហភាពអឺរ៉ុប មានទំហំទឹកប្រាក់ប្រមាណ៤.៣០០លានដុល្លារ ហើយក្នុងឆ្នាំ២០២១ទំហំពាណិជ្ជកម្ម បានកើនដល់៤.៥០០លានដុល្លារ ដែលក្នុងនោះការនាំចេញសម្លៀកបំពាក់ មានទឹកប្រាក់២.២០៧លានដុល្លារ ស្បែកជើងមានទឹកប្រាក់ ៣៨៣លានដុល្លារ និងផលិតផលធ្វើដំណើរមានទឹកប្រាក់ ៩៣លានដុល្លារ សរុបមានចំនួន ២.៦៨៣លានដុល្លារ ដែលស្មើនឹងប្រមាណ៦០% នៃទំហំពាណិជ្ជកម្មសរុប ។

លោកឧកញ៉ា បានវាយតម្លៃខ្ពស់ចំពោះគំនិត ផ្តួចផ្តើមស្នើឱ្យមានការចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នានេះឡើង ដែលជាមូលដ្ឋានកាន់តែរឹងមាំ និងផ្លូវការសម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូដែលផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

លោកឧកញ៉ាបន្ថែមថា ភាពជោគជ័យ និងកំណើននាំចេញដ៏ល្អរបស់វិស័យយើងមួយចំណែកធំ គឺបានមកពីភាពអនុគ្រោះពាណិជ្ជកម្ម របស់ស​ហភាពអឺរ៉ុប សម្រាប់ការនាំចូលផលិតផលពីកម្ពុជា ទៅក្នុងទីផ្សារសហភាពអឺរ៉ុប ដោយកម្ពុជានៅស្ថិតក្នុងស្ថានភាពជាប្រទេស ដែលមានការអភិវឌ្ឍន៍តិចតួចនៅឡើយ។

លោក Tassilo Brinzer ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបលើកឡើងថា ការរួមបញ្ចូលគ្នាដ៏រឹងមាំ នៃសមាជិកភាពរបស់យើង ដែលធ្វើឲ្យយើងក្លាយជាទីផ្សារដ៏ធំ ដែលមានសមត្ថភាពជំរុញផលប្រយោជន៍ នៃឧស្សាហកម្ម និងអ្នកពាក់ព័ន្ធរបស់ខ្លួនឆ្ពោះទៅមុខ ឆ្ពោះទៅកាន់ការអនុវត្តប្រកបដោយនិរន្តរភាពបន្ថែមទៀត ការផលិតកាន់តែបៃតង សណ្តាប់ធ្នាប់ ជំនាញកាន់​តែ​ខ្ពស់ និងទំនិញគុណភាពខ្ពស់ ជាពិសេសការផ្តល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ចកម្ពុជា។

យ៉ាងណាក្ដីសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន អ្នកវិភាគសេដ្ឋកិច្ចថា នឹងប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជា ជាពិសេសទៅកាន់បណ្ដាប្រទេសនៅអឺរ៉ុបនិងប្រទេស ដែលជាប់ពាក់ព័ន្ធនឹងសង្គ្រាមនេះ ។ យ៉ាងណាមិញមន្ត្រីជាន់ខ្ពស់កម្ពុជាថា នឹមិនប៉ះពាល់ដល់ការនាំចេញនោះទេ ហើយសង្ឃឹមថាសង្គ្រាមនឹងបញ្ចប់នៅពេលឆាប់ៗនេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here