ដោយៈសុខុម
សឹង្ហបុរី: ការលក់ផ្ទះឯកជនថ្មីៗនៅក្នុងប្រទេសសឹង្ហបុរី បានធ្លាក់ចុះខ្លាំងរហូតដល់ទៅ២២,៥%កាលពីខែមុន។ នេះបើយោងតាមទិន្នន័យពីអាជ្ញាធរអភិវឌ្ឍន៍ទីក្រុង (URA) នៃប្រទេសនេះបានបង្ហាញកាលពីថ្ងៃអង្គារ ទី១៥ មីនា។

ដោយនេះមិនទាន់រាប់បញ្ចូលខុនដូ Executive Condominium (ប្រភេទខុនដូសម្រាប់អ្នកមានវណ្ណៈកណ្ដាល) បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍លក់ផ្ទះឯកជនថ្មីៗ បានចំនួន៥២៧យូនីតក្នុងខែកុម្ភៈ ដោយធ្លាក់ចុះបើធៀបនឹងចំនួន៦៨០យូនីតដែលលក់បានសម្រាប់ខែមករា។
ភាគច្រើននៃផ្ទះឯកជនទាំងនេះ ស្ថិតនៅក្នុងតំបន់ Rest of Central Region (RCR) ដែលលក់បានចំនួន២៦៦យូនីត ខណៈផ្ទះឯកជននៅតំបន់ Outside Central Region (OCR) លក់បាន១៦០យូនីត ហើយផ្ទះឯកជននៅតំបន់ Core Central Region (CCR) លក់បានចំនួន១០១យូនីត។
លោកស្រី Christine Sun អនុប្រធានជាន់ខ្ពស់ផ្នែកសិក្សាស្រាវជ្រាវ និងវិភាគប្រចាំទីភ្នាក់ងារអចលនទ្រព្យ OrangeTee & Tie បានធ្វើការកត់សម្គាល់ថា ការលក់ផ្ទះឯកជនថ្មីៗ ដោយមិនរាប់បញ្ចូលប្រភេទខុនដូ Executive Condominium បានធ្លាក់ចុះ១៨,៣%ក្នុងខែកុម្ភៈ បើធៀបនឹងការលក់បាន៦៤៥យូនីតខែកុម្ភៈ ឆ្នាំ២០២១។
លោកស្រីបន្តថា ទីផ្សារលំនៅដ្ឋានឯកជនកំពុងធ្លាក់ចុះ ខណៈការផ្គត់ផ្គង់លំនៅដ្ឋានក៏ធ្លាក់ចុះ និងស្ថានភាពមិនប្រាកដប្រជា ទូទាំងពិភពលោកដោយសារសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។

លោកស្រីក៏បានគូសបញ្ជាក់ពីបញ្ហាប្រឈមផ្សេងទៀត ដែលអ្នកទិញអចលនទ្រព្យ កំពុងជួបប្រទះផងដែរដូចជា ការកើនឡើងអត្រាការប្រាក់ ការដំឡើងពន្ធ លើអចលនទ្រព្យចាប់ពីឆ្នាំ២០២៣តទៅ និងជម្រើសផ្ទះតិចជាងមុនដោយគម្រោងចាប់ផ្ដើមថ្មី នៅឆ្នាំនេះធ្លាក់ចុះជាដើម៕ CNA៕







