រដ្ឋាភិបាលកម្ពុជា អឺរ៉ុបពិភាក្សាលើបញ្ហា EBA និងផែនការស្ដារសេដ្ឋកិច្ចឡើងវិញ

ដោយៈលក្ខិណា

ភ្នំពេញៈ ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មអ្វីគ្រប់យ៉ាង លើកលែងអាវុធ (EBA) ដែលសហភាពអឺរ៉ុបបានដកផ្នែកខ្លះពីកម្ពុជា ដោយសារតែហេតុផលនយោបាយ ពេលនេះអឺរ៉ុប និងកម្ពុជាបានពិភាក្សាឡើងវិញព្រមទាំងពិភាក្សាលើកិច្ចការពាណិជ្ជកម្មជាច្រើនទៀត ដើម្បីជំរុញនិងស្ដារសេដ្ឋកិច្ចកម្ពុជាឡើងវិញនៅក្រោយវិបត្តិកូវីដ ១៩។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី១០ មីនា ២០២២កន្លងមកបានឲ្យដឹងថា កិច្ចប្រជុំរវាងកម្ពុជា និងភាគី អឺរ៉ុបបានធ្វើឡើងនៅថ្ងៃទី១០ និងទី១១ខែមីនា ២០២២ ក៏បានពិនិត្យមើលទៅលើពាណិជ្ជកម្មទ្វេភាគីកម្ពុជា អឺរ៉ុប និងបរិយាកាសវិនិយោគនៅកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះ ក៏បានពិភាក្សាផងដែរ អំពីវិធានការស្ដារសេដ្ឋកិច្ចឡើងវិញ ទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី រួមទាំងការដកជាបណ្ដោះអាសន្ន នូវផ្នែកខ្លះនៃការអនុគ្រោះពន្ធ ពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប ក្រោមគម្រោងគ្រប់យ៉ាងលើកលែងអាវុធ ( EBA ) កិច្ចសហប្រតិបត្តិការបច្ចេកទេស បញ្ហានៃការចូលទៅកាន់ទីផ្សារ ព្រមទាំងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងថែមទៀត នូវបរិយាកាសធុរកិច្ច រួមទាំងច្បាប់វិនិយោគថ្មី និងការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជាផងដែរ ។

សេចក្ដីប្រកាសឱ្យដឹងថា ភាគីទាំងពីក៏បានប្ដេជ្ញាពង្រឹងកិច្ចសហប្រតិ​បត្តិការបន្ថែមទៀត ដើម្បីធានាថាបរិយាកាស វិនិយោគរបស់កម្ពុជានៅតែបើកចំហ មានការសម្របសម្រួលយ៉ាងល្អ មានលក្ខណៈប្រកួតប្រជែង និងអំនោយផលដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមប្រកបដោយចីរភាព។ កិច្ចប្រជុំបានផ្ដាស់ប្តូរទស្សនៈ អំពីការអភិវឌ្ឍពាណិជ្ជកម្មតំបន់ និងសកល ដែលក្នុងនោះរួមបញ្ចូលទាំងបច្ចុប្បន្នភាពស្ដីពី សមាហរណកម្មសេដ្ឋកិច្ចក្នុងអាស៊ាន និងនៅទូទាំងតំបន់អាស៊ី ប៉ាស៊ីហ្វិក ទំនាក់ទំនងពាណិជ្ជកម្មតំបន់អាស៊ាន សហភាពអឺរ៉ុបព្រមទាំងបច្ចុប្បន្នភាពស្ដីពី កំណែទម្រង់អង្គការពាណិជ្ជកម្មពិភពលោកជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here