អ្នកជំនាញៈតម្លៃដីធ្លីនៅតាមបណ្ដោយផ្លូវក្រវ៉ាត់ក្រុងទី៣មានសភាពទ្រឹង

ដោយៈ លក្ខិណា

ភ្នំពេញៈ តម្លៃដីធ្លីនៅតាមបណ្ដោយផ្លូវក្រវ៉ាត់ក្រុងទី៣ បានហក់ឡើងម្ដងរួចហើយ នៅពេលគម្រោងផ្លូវនេះ បានប្រកាសអភិវឌ្ឍន៍និងសាងសង់ដំបូង ហើយឡើងទៀតនៅពេលចាប់ផ្ដើមបើកការដ្ឋាន តែរយៈពេល២ឆ្នាំ មកនេះ តម្លៃដីធ្លីនៅតាមបណ្ដោយផ្លូវនេះ មិនបានឡើងថ្លៃតទៀតទេ គឺមានសភាពទ្រឹងនៅឡើយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុន Advance Realty បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី៩ មិនាថា ផ្លូវក្រវ៉ាត់ក្រុងទី៣ វាបានហក់ឡើងម្ដងរួចហើយ ពេលដែលផ្លូវនេះប្រកាសសាងសង់ និងឡើងម្ដងទៀតនៅពេលវាចាប់ផ្ដើមសាងសង់ តែរយៈពេលចុងក្រោយនេះប្រមា​ណជាង២ឆ្នាំ និងនៅក្នុងវិបត្តិកូវីដ១៩ តំបន់តាមបណ្ដោយផ្លូវក្រវ៉ាត់ក្រុងទី៣នេះ មិនមានការឡើងថ្លៃបន្ថែមឬក៏ធ្លាក់ចុះវិញដែរ ។

លោកបន្តថា កំណាត់ផ្លូវនេះ បានតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់ផ្លូវលេខ៤ និងទៅមហាវិថីឈ្នះឈ្នះ ដែលអាចតទៅផ្លូវជាតិលេខ៥ និងលេខ៦ ហើយផ្លូវនេះដែរ ក៏បានបែងចែកតម្លៃទៅតាមតំបន់នីមួយៗផងដែរ ក្នុងនោះប៉ែកខាងលិចភ្នំពេញ ដូចជា នៅផ្នែកខ្លះនៃខណ្ឌពោធិ៍សែនជ័យ គឺមានតម្លៃប្រមាណ១០០ ទៅ១៥០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ កំណា​ត់ផ្លូវនៅត្រង់ខណ្ឌកំបូល មានតម្លៃរង្វង់១០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ នៅប៉ែកខាងត្បូងក្នុងខណ្ឌដង្កោ និងស្រុកកណ្ដាលស្ទឹងមានតម្លៃចន្លោះ១២០ ទៅ១៥០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ និងប៉ែកខាងកើតភ្នំពេញនៅស្រុកកៀនស្វាយ ដែលផ្លូវនេះរត់កាត់មានតម្លៃ ប្រមាណ៨០ដុល្លា​រទៅ១០០ដុល្លារអាមេរិក ។

លោកប៉ូ អ៊ាវគង់បានបន្ថែមថា តម្លៃដីនេះ យើងរាប់តែដីនៅជាប់ផ្លូវធំៗប៉ុណ្ណោះ ហើយអាស្រ័យទៅលើស្ថានភាពដីនីមួយៗផងដែរ ដូចជាដីបឹងដែលមានជំរាលជ្រៅៗ ក៏មិនអាចលក់ថ្លៃបានដែរ ពីព្រោះអ្នកអភិវឌ្ឍន៍ទិញដីនេះហើយត្រូវការចាក់បំពេញដីនោះ ឱ្យស្មើនឹងខ្ពស់ជាងផ្លូវ បើពុំនោះមិនអាចសាងសង់បានឡើយ។

ជាមួយគ្នានេះ អ្នកស្រីអាន សុធីតា អគ្គនាយិកាក្រុមហ៊ុន PropNex Cambodia ក៏បានឱ្យដឹងថា ការអភិវឌ្ឍហេដ្ឋារចនាសម័្ពន្ធ ក៏បានជំរុញឱ្យតម្លៃដីធ្លី និងអចលនទ្រព្យមានសន្ទុះ មួយកម្រិតទៀតដែរ ហើយក៏មានការទាក់ទាញ កាន់តែច្រើនលើវិនិយោគិនអចលនទ្រព្យ ដើម្បីបណ្ដាក់ទុនវិនិយោគអចលនទ្រព្យ។

អ្នកស្រីបន្តថា “តំបន់តាមបណ្ដោយផ្លូវក្រវ៉ាត់ក្រុងទី៣ ក៏ឃើញថា មានសកម្មភាព វិនិយោគកាន់តែច្រើនឡើងៗ ពីមួយឆ្នាំទៅមួយឆ្នាំ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here