សហរដ្ឋអាមេរិកបានផ្តល់ជំនួយជាង៦លានដុល្លាដល់គម្រោងសំអាតមីននៅខេត្តចំនួន៧របស់កម្ពុជា

ដោយ: ម៉ាលីស

ភ្នំពេញ: សហរដ្ឋអាមេរិក បានផ្តល់ជំនួយជាង៦លានដុល្លារអាមេរិក ជួយបោសសំអាតតំបន់មួយចំនួនរបស់កម្ពុជា ដែលរងផលប៉ះពាល់ដោយគ្រាប់បែកចង្កោម ក្នុងសម័យសង្គ្រាមនៅប្រទេសកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់)បានឱ្យដឹងថា នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ រូបលោក និងលោក Rune Dale Andresen ប្រធានអង្គការ NPA ប្រចាំកម្ពុជា បានចុះហត្ថលខាលើកិច្ចព្រមព្រៀងកិច្ច សហប្រតិបត្តិការរវាង អង្គការ NPA និងមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីន កម្ពុជាលើជំនួយ ហិរញ្ញប្បទានឥតសំណង របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកចំនួន ៦,៣៥៥,៧២០ដុល្លារ តាមរយៈអង្គការ NPA គាំទ្រអង្គភាពស៊ីម៉ាក់ បោសសំអាតតំបន់រងផលប៉ះពាល់គ្រាប់បែក ចង្កោម រយៈពេល៤៥ខែ (០១ មីនា ២០២២ – វិច្ឆិកា ២០២៥) ។

លោកលើកឡើងថា ក្រសួងការបរទេស នៃរដ្ឋាភិបាលអាមេរិក បានសម្រេចផ្តល់ហិរញ្ញប្បទានឥតសំណង ចំនួន៦,៣៥៥,៧២០ដុល្លារសម្រា​ប់ រយៈពេល៤៥ខែ ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ ដល់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយផ្តល់តាមរយៈអង្គការNPA សម្រាប់គាំទ្រសកម្មភាពរបស់អង្គភាពស៊ីម៉ាក់ បោសសំអាតតំបន់រងផលប៉ះពាល់ ដោយសារគ្រា​ប់បែកចង្កោមនៅខេត្តស្វាយរៀង ព្រៃវែង កំពង់ចាម ត្បូងឃ្មុំ ក្រចេះ រតនគិរី និងខេត្តមណ្ឌលគិរី។

លោកហេង រតនាបានអះអាងថា បរិមាណជំនួយនេះ មានបរិមាណដូចបណ្តាលឆ្នាំកន្លងមកដែរ គ្រាន់តែជំនួយលើកនេះ មានរយ:ពេលវែង៤៥ខែ ដែលកន្លងមកផ្តល់រយៈពេលមួយឆ្នាំម្តងប៉ុណ្ណោះ។ ជំនួយនេះ ផ្តល់លទ្ធភាពឱ្យអង្គភាពស៊ីម៉ាក់អាចពង្រាយ កម្លាំងប្រតិបត្តិការចំនួនជាង២០០នាក់ និងអាចរំដោះផ្ទៃដីតំបន់គ្រាប់បែកចង្កោម ជាង១៣,២០០ហិកតា។

ក្រសួងការបរទេស Norway ក៏បានសម្រេចផ្តល់ថវិកាខ្នាតតូច ចំនួន២គម្រោង គឺគម្រោងរំដោះខេត្តគ្មានគ្រាប់មីន ដែលកំពុងប្រតិបត្តិការ និងគម្រោងបោស សំអាតមីនតំបន់ព្រំដែនកម្ពុជា-ថៃ ដែលគម្រោងទាំងពីរមានថវិកាចំនួន ៨៩,០៧៧ដុល្លារមានរយៈពេល៣ខែ៕

LEAVE A REPLY

Please enter your comment!
Please enter your name here