ដោយៈសុផារី
ភ្នំពេញៈ ក្រុមហ៊ុនកូរ៉េមួយ បានចុះទៅសិក្សានៅតាមមន្ទីរកសិកម្ម ខេត្តក្រចេះ ស្ទឹងត្រែង និង កំពង់ធំ ដើម្បីសិក្សាគម្រោងគាំទ្រនិងកែច្នៃ គ្រាប់ស្វាយចន្ទី សម្រាប់នាំចេញទៅលក់នៅលើទីផ្សាររបស់ខ្លួន និងទីផ្សារអាមេរិក ដោយបង្កើតជារោងចក្រមួយ សម្រាប់ការវេចខ្ចប់ និងប្រមូលទិញគ្រាប់ស្វាយចន្ទី។

ក្រុមហ៊ុនដែលវិនិយោគតាមរយៈអង្គការ World Share Cambodia បានចុះសិក្សានៅតាមមន្ទីរកសិកម្ម ក្នុងខេត្តទាំងបី កាលពីពេលថ្មីៗនេះ ដោយមានការជួយជ្រោមជ្រែង ពីនាយកដ្ឋានដំណាំឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទផងដែរ។
ភាគីកូរ៉េ និងអង្គការកូរ៉េ ក៏បានជួបជាមួយតំណាងសាខាសមាគមស្វាយចន្ទីកម្ពុជា នៅខេត្តទាំង៣ព្រមទាំងចុះមើលចម្ការស្វាយចន្ទីរ ក្នុងសហគមនានា ដែលជាសមាជិក ស ស ក ផងដែរ។
ដោយសារបញ្ហាជំងឺកូវីដ-១៩ តម្លៃស្វាយចន្ទីស្រស់ធ្លាក់ថ្លៃពីរឆ្នាំជាប់ៗគ្នា ប៉ុន្តែឆ្នាំ២០២១ តម្លៃគ្រាប់ស្វាយ ចន្ទីឆៅឡើងបន្តិចវិញ គឺតម្លៃ ៣០០០រៀលក្នុង១គីឡូក្រាម។ ការធ្លាក់ថ្លៃបែបនេះ ដោយសារតែនៅក្នុងរដូវប្រមូលផលកសិករ ដែលមិនមានឃ្លាំងសម្រាប់ស្តុកទុក ត្រូវបង្ខំចិត្តលក់គ្រាប់ ស្វាយចន្ទីស្រស់ ដែលធ្វើឲ្យមានការខាតបង់ច្រើន។ ចំណែកអ្នកដែលមានឃ្លាំងស្តុកទុកបានទិញរក្សាទុក គ្រាប់ស្ងួតសម្រាប់លក់បានចន្លោះ៥០០០រៀលទៅ៧២០០រៀល ក្នុងមួយគីឡូក្រាមនាអំឡុងខែកញ្ញា ឆ្នាំ២០២១ ។
យោងតាមរបាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជា ដោយសារការខ្វះឃ្លាំងស្តុកទុកនេះ ស.ស.ក ក៏មិនអាចបំពេញតម្រូវការបញ្ជាទិញរបស់ក្រុមហ៊ុនបរទេសនោះទេ ខណៈពេលដែលឃ្លាំងស្តុកទុករបស់ ស.ស.កដែលមានទាំង ទីតាំងហាលគ្រាប់ផងនោះ មានសមត្ថភាពស្តុកគ្រាប់ស្ងួតបានចំនួន៥០០០តោនតែប៉ុណ្ណោះ។ ដូច្នេះទើបកសិករបង្ខំចិត្តលក់គ្រាប់ស្វាយចន្ទីស្រស់ ក្នុងតម្លៃថោក។
របាយការណ៍ដដែលបានឱ្យដឹងថា បច្ចុប្បន្នកម្ពុជាមានផ្ទៃដីដាំដុះស្វាយចន្ទីសរុបជាង៥០ម៉ឺនហិកតា ស្ថិតនៅក្នុងខេត្តចំនួន១០។
របាយការណ៍សមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញថា ខេត្តកំពង់ធំមានផ្ទៃដីដាំដុះស្វាយចន្ទី ច្រើនជាងគេរហូតដល់៩០,៩៥៩ហិកតា។ ខេត្តក្រចេះ មានផ្ទៃដាំស្វាយចន្ទីចំនួន៤៧,៨៥៨ហិកតា ខេត្តរតនគិរីមាន៣០ ,៤៥៩ហិកតា កំពង់ចាមមាន២៤,៣៦៤ហិកតា សៀមរាបមាន២២, ៣០៥ហិកតា ព្រះវិហារមាន១៦,៩៧១ហិកតា ស្ទឹងត្រែងមាន១៦, ១៦៤ហិកតា ត្បូងឃ្មុំមាន៨៣៣៤ហិកតា មណ្ឌលគិរីមាន៥៦៧៦ហិកតា និងខេត្តកំពង់ឆ្នាំង មានផ្ទៃដាំស្វាយចន្ទីចំនួន២១២៣ហិកតា៕







