ដោយៈសុខុម
អន្តរជាតិ: ទាំងអស់គ្នាប្រហែលជាបានជ្រាបហើយថា ពេលនេះទីផ្សារទូទាំងពិភពលោក កំពុងជួបការលំបាកខ្លាំង ដោយសារការរាំងស្ទះនូវការផ្គត់ផ្គង់ប្រេងរបស់រុស្ស៊ី ក្រោយប្រទេសនេះបានទទួលរងការដាក់ទណ្ឌកម្ម ដូចទឹកបាក់ទំនប់ពីសំណាក់លោកខាងលិច និងបណ្ដាសម្ព័ន្ធមិត្ត បន្ទាប់ពីខ្លួនចូលឈ្លានពានប្រទេសអ៊ុយក្រែន។

ស្ថិតក្នុងស្ថានភាពចលាចលនេះ ក្រុមហ៊ុនផលិតប្រេងរដ្ឋនៃប្រទេសអារ៉ាប៊ីសាអូឌីត Aramco បានសម្រេចដំឡើងថ្លៃប្រេងឆៅ ដែលខ្លួនលក់មកតំបន់អាស៊ី សម្រាប់ខែមេសា ជាង២ដុល្លារអាមេរិក ក្នុងមួយបារ៉ែល ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃច័ន្ទ ទី៧ មីនា នេះ។
តម្លៃប្រេងឆៅខ្ពស់បំផុត មិនធ្លាប់មានរបស់អារ៉ាប៊ីសាអូឌីត នេះកើតឡើង នៅពេលមានការរំពឹងទុកថា តម្រូវការប្រេងនៅតំបន់មជ្ឈិមបូព៌ា នឹងកើនឡើង និងខណៈការផ្គត់ផ្គង់ប្រេង និងទំនិញមួយចំនួនពីអឺរ៉ុប អាហ្វ្រិក និងទ្វីបអាមេរិក មិនធ្លាក់មកដល់តំបន់អាស៊ី។
តម្លៃប្រេងពិភពលោក បានហក់ឡើងដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីឆ្នាំ២០០៨ ដែលធ្វើឱ្យមានក្ដីបារម្ភ កាន់តែខ្លាំងអំពីងអតិផរណា នៅពេលសហរដ្ឋអាមេរិក និងអឺរ៉ុប ស្វះស្វែងដាក់បម្រាមលើការនាំចូលប្រេងពីប្រទេសរុស្ស៊ី បន្ទាប់ពីរដ្ឋាភិបាលក្រុងមូស្គូ ក្រោមការដឹកនាំដោយបុរសខ្លាំង វ៉្លាឌីមៀ ពូទីន ចូលឈ្លានពានប្រទេសអ៊ុយក្រែន។
ក្រុមហ៊ុន Aramco ដែលជាក្រុមហ៊ុននាំចេញប្រេងធំបំផុតរបស់ពិភពលោកបាននិយាយកាលពីថ្ងៃសុក្រ សប្ដាហ៍មុនថា ខ្លួនបានដំឡើងថ្លៃប្រេងរបស់ខ្លួនសម្រាប់ការលក់ក្នុងខែមេសា ចំនួន៤,៩៥ដុល្លារអាមេរិក ក្នុងមួយបារ៉ែល ដោយកើនឡើងពី២,១៥ដុល្លារអាមេរិក ពីខែមីនា៕ Reuters៕







