ដោយៈលក្ខិណា
ភ្នំពេញៈ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា ដែលបានចុះហត្ថលេខាចូលជាធរមាន និងកំពុងត្រៀមចុះជាធរមាន នឹងនាំមកនូវការវិនិយោគថ្មីៗពីបរទេស ចូលមកកម្ពុជាហើយនាំចេញ ទៅកាន់ប្រទេសជាដៃគូកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវិញ។
ក្នុងជំនួបជាមួយអគ្គរដ្ឋទូតសាធារណរដ្ឋឆែក កាលពីពេលថ្មីៗនេះលោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបង្ហាញជំនឿយ៉ាងមុតមាំថា ជាមួយនឹងការឈានទៅរកគន្លងប្រក្រតីភាពថ្មី តាមរយៈការគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ យ៉ាងមានប្រសិទ្ធិភាពនៅកម្ពុជា គួបផ្សំជាមួយនឹងសមិទ្ធិផលសំខាន់ៗ ក្នុងវិស័យពាណិជ្ជកម្ម ដែលក្រសួងពាណិជ្ជកម្មកម្ពុជាសម្រេចបានថ្មីៗនេះ ដូចជាកិច្ចព្រមព្រៀងស្ដីពី ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កិច្ចព្រមព្រៀងទ្វេភាគី កម្ពុជា-ចិន និងកម្ពុជា-កូរ៉េ ព្រមទាំងតួនាទីជាប្រធានអាស៊ានរបស់កម្ពុជាផងនោះ ធុរជននិងវិនិយោគិនឆែក នឹងអាចទាញយកនូវអត្ថប្រយោជន៍ ជាអតិបរមាពីកាលានុវត្តភាពទីផ្សារកាន់តែទូលំទូលាយ ក្នុងបរិយាកាសធុរកិច្ច និងវិនិយោគល្អ ដែលនឹងអាចឈាន ដល់ការបង្កើនកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្មបន្ថែមទៀតនាពេលអនាគត។
លោកបន្តថា តាមរយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់កម្ពុជា វិនិយោគិនបរទេសពីប្រទេសផ្សេងទៀត អាចចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយនាំចេញទៅកាន់ប្រទេសដៃគូ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឡើងវិញ ។
លោក Martin VÁVRA) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកប្រចាំកម្ពុជា តាមរយៈការធ្វើកំណែទម្រង់ច្បាប់ បទបញ្ញត្តិ និងស្ថាប័ន ដែលនឹងជួយជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី កាន់តែល្អប្រសើរបន្ថែមទៀត។
ប្រទេសឆែកជាទីផ្សារដ៏សំខាន់មួយ ក្នុងសហភាពអឺរ៉ុប សម្រាប់ផលិតផលកម្ពុជា។ នៅឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មកម្ពុជា-ឆែក សម្រេចបានប្រមាណ១២៦ លានដុល្លារអាមេរិក ជាមួយនឹងកំណើ ៣៦% បើប្រៀបធៀបនឹងឆ្នាំ២០១៨។
ដោយទទួលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ មានការថមថយមកត្រឹមរង្វង់ ៨០លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ ដែលត្រូវបានរំពឹងថា នឹងមានភាពប្រសើរឡើងវិញ ក្នុងពេលដ៏ឆាប់ខាងមុខ៕







