ដោយៈសុខុម
ក្រុងឡុងដ៍ៈ ការសិក្សាថ្មីមួយបានបង្ហាញថា បណ្តាប្រទេសនានានៅលើពិភពលោក នឹងចំណាយទុនរហូតដល់១៣១ទ្រីលានដុល្លារ ដើម្បីវិនិយោគលើថាមពលស្អាត ក្នុងគោលដៅកាត់បន្ថយការបំពុលបរិស្ថាន និងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់។
យោងតាមរបាយការណ៍សិក្សាស្រាវជ្រាវឆ្នាំ២០២១ មានឈ្មោះថា “ទស្សនវិស័យផ្លាស់ប្ដូរថាមពលពិភពលោក” (World Energy Transitions Outlook) ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារទី១៦ មីនាកន្លងមកបានឱ្យដឹងថា ការវិនិយោគដែលបានគ្រោងទុកលើថាមពលស្អាត (Clean energy) ឬថាមពលកកើតឡើងវិញ ត្រូវតែបង្កើនឱ្យបាន ៣០% រហូតដល់ចំនួនសរុប ១៣១ ទ្រីពាន់លានដុល្លារអាមេរិក នៅត្រឹមឆ្នាំ២០៥០ ដើម្បីបញ្ចៀសបម្រែបម្រួលអាកាសធាតុដ៏មហន្តរាយ។
នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន ទីភ្នាក់ងារថាមពលកកើតឡើងវិញអន្តរជាតិ (International Renewable Energy Agency- IRENA) បានគូសបញ្ជាក់ពីទំហំវិនិយោគនេះ និងល្បឿននៃការផ្លាស់ប្ដូរ ដែលត្រូវការជាចាំបាច់ ដើម្បីទប់ការកើនឡើង កំដៅពិភពលោក ឱ្យនៅជាមធ្យមត្រឹម ១,៥ អង្សាសេ ស្របតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ២០១៥ ស្ដីពីអាកាសធាតុ។
លោក Francesco La Camera អគ្គនាយកនៃទីភ្នាក់ងារ IRENA មានមូលដ្ឋាននៅក្រុងអាប៊ូ ដាប៊ី (Abu Dhabi) ប្រទេសអារ៉ាប់រួមអេមីរ៉ាតដែលមានជាង១៦០ ប្រទេសជាសមាជិកនេះបានលើកឡើងថា “យើងត្រូវការការបង្កើនល្បឿន នៃការផ្លាស់ប្តូរថាមពល ដើម្បីនាំមកនូវការផ្លាស់ប្តូរប្រកបដោយអត្ថន័យ”។
តាមរយៈការកំណត់របស់ទីភ្នាក់ងារនេះ នូវការកើនឡើងសីតុណ្ហភាពពិភពលោកឱ្យនៅជាមធ្យមត្រឹម១,៥ អង្សាសេ ការប្រើប្រាស់ឥន្ធនៈផូស៊ីល (fossil fuel) នឹងត្រូវធ្លាក់ចុះជាង ៧៥% នៅត្រឹមឆ្នាំ២០៥០ ដោយក្នុងនោះប្រេង និងធ្យូងថ្មនឹងធ្លាក់ចុះឆាប់រហ័សជាងគេ។
ការប្រើប្រាស់ឧស្ម័នធម្មជាតិ នឹងត្រូវកើនឡើងដល់កម្រិតខ្ពស់បំផុត នៅត្រឹមឆ្នាំ២០២៥ ទោះបីជាឥន្ធនៈផូស៊ីលនៅតែលុបលើគេត្រឹមឆ្នាំ២០៥០ យ៉ាងណាក្ដី។
របាយការណ៍ដដែលនេះបានរកឃើញថា សមត្ថភាពនៃថាមពលកកើតឡើងវិញនឹងត្រូវបង្កើនជាង១០ខ្ទង់ នៅត្រឹមឆ្នាំ២០៥០ ជាមួយនឹងការកើនឡើង៣០ខ្ទង់នូវការប្រើប្រាស់ថាមពលអគ្គិសនី ក្នុងមធ្យោបាយដឹកជញ្ជូនសាធារណៈ។
ទីភ្នាក់ងារនេះក៏បានព្យាករដែរថា ការផលិត និងការប្រើប្រាស់ “អ៊ីដ្រូសែនបៃតង” (green hydrogen) នឹងកើនឡើងខ្លាំង។ “អ៊ីដ្រូសែនបៃតង” ជាឥន្ធនៈមិនបញ្ចេញឧស្ម័នកាបូនដែលបង្កើតឡើង ដោយអគ្គិសនីវិភាគ (electrolysis) ដោយប្រើប្រាស់ថាមពលពីខ្យល់ និងពន្លឺព្រះអាទិត្យដែលបំបែកធាតុទឹកទៅជាអ៊ីដ្រូសែន និងអុកស៊ីសែន៕







