ដោយៈ សុផារី
ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬ អាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងការជួបជុំ ឬការប្រមូលផ្តុំ មនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
ការផ្អាកនេះ ធ្វើឡើងសម្រាប់រយៈពេល ៧ (ប្រាំពីរ) គិតចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ ។ នេះបើយោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២៩ វិច្ឆិកានេះ។
ចំពោះសកម្មភាពការងារ មុខរបរ ឬ អាជីវកម្មដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រួមមាន ខារ៉ាអូខេ រង្គសាល និងឌីស្លូតេក ត្រូវបានផ្អាកជាបណ្ដោះអាសន្ន។
ការជួបជុំ ឬការប្រមូលផ្តុំ មនុស្សជាលក្ខណៈឯកជន ដែលមានមនុស្សចូលរួមលើសពី៥០ (ហាសិប) នាក់ ត្រូវបានផ្អាកជាបណ្ដោះអាសន្ន លើកលែងតែក្នុងករណី ដូចខាងក្រោម៖
– ការជួបជុំក្នុងពិធីអាពាហ៍ពិពាហ៍ ពិធីបុណ្យប្រពៃណី ពិធីសាសនា ការជួបជុំ និងកម្មវិធីផ្សេងៗបែបសាសនា ដោយត្រូវប្រកាន់ខ្ជាប់វិធានការសុខាភិបាល រក្សាគម្លាតមួយម៉ែត្រកន្លះ ការបង្ហាញប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ និងត្រូវអនុវត្តតាមនីតិវិធីប្រតិបត្តិស្តង់ដារ ចុះថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្ដីពីការរៀបអាពាហ៍ពិពាហ៍ និងពិធីបុណ្យប្រពៃណីនានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
យោងតាមសេចក្តីណែនាំលេខ ២៣/២១ ក.ធ.ស.ស.ណ.ន ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ របស់ក្រសួងធម្មការ និងសាសនាស្តីពី ការបើកដំណើរការឡើងវិញ ពិធីសាសនា ការជួបជុំ និងកម្មវិធីផ្សេងៗបែបសាសនា និងសេចក្តីសម្រេចលេខ ៣៣៦/២១ សសរ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការកែសម្រួល ចំពោះ ការអនុញ្ញាតឱ្យរៀបចំពិធីអាពាហ៍ពិពាហ៍ បុណ្យប្រពៃណី ពិធីសាសនា ការជួបជុំ និងកម្មវិធី ផ្សេងៗបែបសាសនា នៅរាជធានីភ្នំពេញ ព្រមទាំងគោលការណ៍ណែនាំរបស់ក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ
– ការជួបជុំរបស់ស្ថាប័នសាធារណៈ ការប្រមូលផ្តុំមនុស្ស និងការជួបជុំរបស់បុគ្គលិកសុខាភិបាលដើម្បីអនុវត្ត វិធានការសុខាភិបាល ជាអាទិ៍ ការយកវត្ថុសំណាកមកវិភាគរកមេរោគកូវីដ-១៩ និងការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩។
– ការជួបជុំរបស់បុគ្គលិកសុខាភិបាល ដែលបំពេញការងារសង្គ្រោះបន្ទាន់ផ្សេងទៀត។
– ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។
– ការជួបជុំមនុស្សក្នុងអំឡុងពេល នៃកិច្ចនីតិវិធីរបស់មន្ត្រីនគរបាលយុត្តិធម៌ ឬ របស់សាលាជម្រះ៖ក្តី។
– ការជួបជុំមនុស្សដែលមានភាពចាំបាច់ សម្រាប់បម្រើផលប្រយោជន៍សាធារណៈ ក្នុងគោលបំណង ផ្សេងទៀតតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច៕







