កម្ពុជានឹងរៀបចំធ្វើជាម្ចាស់ផ្ទះមហាសន្និបាតសមុទ្រអាស៊ីបូព៌ានៅចុងឆ្នាំនេះ

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះមហាសន្និបាតសមុទ្រ អាស៊ីបូព៌ាឆ្នាំ២០២១ លើកទី៧ នៅដើមខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ បន្ទាប់ពីប្រទេសនេះបានចូលជាសមាជិកនៃអង្គការអន្តរជាតិភាពជាដៃគូ នៃការគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ា (PEMSEA) នៅឆ្នាំ ១៩៩៤។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នេះជាលើកទី១សម្រាប់កម្ពុជាបានទទួលរៀបចំ នូវមហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២១ ក្រោមប្រធានបទ “បង្កើតទសវត្សរ៍ថ្មីសម្រាប់សុខមាលភាពមហាសមុទ្រ មនុស្ស និងសេដ្ឋកិច្ច” ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១-២ ខែធ្នូ ឆ្នាំ២០២១ នៅខេត្តព្រះសីហនុ។

មហាសន្និបាតដែលមានកិច្ចប្រជុំអមជាច្រើននឹង ប្រព្រឹត្តទៅដោយមានការចូលរួមផ្ទាល់ និងការចូលរួមតាមរយៈប្រព័ន្ធបញ្ជូនសំឡេង និងរូបភាពពីបណ្តាប្រទេសជាសមាជិ​កនៃអង្គការ PEMSEA។

មហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២១ នេះដែលរួមមានកិច្ចប្រជុំនៃរដ្ឋបាលថ្នាក់ក្រោមការជាតិ នៃបណ្តាខេត្តរបស់ប្រទេសសមាជិក PEMSEA សន្និសីទអន្តរជាតិ និងវេទិការរដ្ឋមន្ត្រីគឺជាមហាសន្និបាតលើកទី៧ ហើយបន្ទាប់ពីបានរៀបចំជាលើកទី១ នៅឆ្នាំ២០០៣ នៅប្រទេសម៉ាឡេស៊ី។ មហាសន្និបាតសមុទ្រអាស៊ីបូព៌ា ត្រូវបានរៀបចំឡើងរៀងរាល់៣ឆ្នាំម្តង ដោយមានការចូលរួមពីប្រទេសជាសមាជិក នៃអង្គការអន្តរជាតិភាពជាដៃគូនៃការគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ា។

មហាសន្និបាតសមុទ្រអាស៊ីបូព៌ាលើកទី៦ ត្រូវបានរៀបចំឡើងនៅប្រទេសហ្វីលីពីន។ ប្រទេសជាសមាជិកនៃអង្គការ PEMSEA មានចំនួន ១១ ក្នុងនោះរួមមាន កម្ពុជា សឹង្ហបុរី ឡាវ ហ្វីលីពីន ឥណ្ឌូនេស៊ី វៀតណាម ទីម័រ ចិន កូរ៉េខាងត្បូង កូរ៉េខាងជើង ជប៉ុន ព្រមទាំងមានអង្គការដៃគូជាច្រើនទៀត។

នេះគឺជាមោទកភាពសម្រាប់កម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតដ៏មានសារៈសំខាន់នេះ ដែលរៀបចំឡើងក្នុងគោលបំណងពិនិត្យ លើផែនការការងារដែលបានសម្រេចអនុម័តកន្លងមក និងផែនការទិសដៅដែលត្រូវធ្វើជាបន្តបន្ទាប់ រួមទាំងការគិតគូរពីមូលនិធិ ដែលត្រូវយកមកអនុវត្តន៍ ដើម្បីការពារ និងអភិរក្សសមុទ្រនៅតំបន់អាស៊ីបូព៌ា។ មុននឹងឈានដល់ការរៀបចំមហាសន្និបាត សមុទ្រឆ្នាំ២០២១ ដែលត្រូវរៀបចំនៅកម្ពុជាគឺជាលើកទី៧ ក្រោមប្រធានបទ “បង្កើតទសវត្សរ៍ថ្មីសម្រាប់សុខុមាលភាពមហាសមុទ្រ មនុស្ស និងសេដ្ឋកិច្ច”។

មានព្រឹត្តិការណ៍អមជាច្រើនចាប់តាំងពីខែមករា មកដល់ខែ វិច្ឆិកា ឆ្នាំ២០២១ នេះរួមមានការប្រជុំពិភាក្សាតុមូល សិក្ខាសាលា និងប្រជុំក្រុមប្រឹក្សារបស់អង្គការ ដើម្បីពិនិត្យលើវឌ្ឍភាពនៃការងារនិងសមិទ្ធផលទាំងអស់ រួមទាំងការធានាសន្តិសុខស្បៀង ចំណូល និងជីវភាពនៃ មនុស្សដែលរស់នៅតំបន់ឆ្នេរ និងការស្តារឡើងវិញនូវធនធានធម្មជាតិនៅក្នុងសមុទ្រដូចជាផ្កាថ្មី ស្មៅសមុទ្រ និងព្រៃកោងកាង រួមនឹងការគ្រប់គ្រងលើការបំពុលទឹក ការប្រែប្រួលអាកាសធាតុ និងភាពធន់ទៅនឹងការប្រែប្រួលអាកាស និងការរស់នៅរបស់សហគមន៍។

នៅក្របខណ្ឌនៃមហាសន្និបាតឆ្នាំ២០២១ នេះមានព្រឹត្តិការណ៍សំខាន់ចំនួន ៣ គឺទី១ សន្និសីទអន្តរជាតិ ដែលមានការចូលរួមពីវាគ្មិនល្បីៗពីការអភិវឌ្ឍ ការអភិរក្ស ការគ្រប់គ្រងសមុទ្រប្រកបដោយចីរភាព ការគ្រប់គ្រងសេដ្ឋកិច្ចខៀវ និងការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ។ ទី២) វេទិការដ្ឋមន្ត្រីទី៧ ផ្តោតលើសេចក្តីថ្លែងការណ៍នៃបណ្តាប្រទេសសមាជិកអង្គការទាំង ១១ ដែលផ្តោតលើការរៀបចំផែនទីនៃការអភិរក្ស និងអភិវឌ្ឍតំបន់សមុទ្រដែលគិតគូរពីសុខុមាលភាពមហាសមុទ្រ មនុស្ស និងសេដ្ឋកិច្ចពីឆ្នាំ២០២១ ដល់២០៣០ និងទី៣) ផែនការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនៃបណ្តាប្រទេសសមាជិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here