ដោយៈសុខុម
ម៉ានីល: ប៊្រែនគ្រឿងសង្ហារិមអន្តរជាតិដ៏ល្បីល្បាញ IKEA បានបើកដំណើរការហាងដ៏ធំបំផុតរបស់ខ្លួន ក្នុងពិភពលោកជាមួយនឹងផ្ទៃក្រឡា សរុបដល់ទៅ៦៧.៨២០ម៉ែត្រការ៉េ នៅក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ វិច្ឆិកា។

យោងតាមកាសែត Bangkok Post ដែលបានចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៥ វិច្ឆិកា ឱ្យដឹងថា ការបើកហាងថ្មីនេះគឺជាផ្នែកមួយ នៃផែនការពង្រីកខ្លួនរបស់ក្រុមហ៊ុនលក់គ្រឿងសង្ហារឹម ដែលមានការិយាល័យកណ្ដាលនៅប្រទេសហូឡង់ នេះចូលមកកាន់តំបន់អាស៊ី។
ព្រឹត្តិការណ៍បើកសម្ពោធជាមួយពិធី ទទួលទានអាហារនេះដ៏អធិកអធ័មនេះ មានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករ ក្រោមវត្តមានរបស់រដ្ឋមន្ត្រីពាណិជ្ជកម្មហ្វីលីពីន គឺលោក Ramon Lopez និងរដ្ឋមន្ត្រីការបរទេសលោក Teodoro Locsin។
យោងតាម Georg Platzer ដែលនាយកគ្រប់គ្រងហាងឱ្យដឹងថា ដោយគោរពតាមវិធានការទប់ស្កាត់ ការរីករាលដាលវីរុសកូវីដ-១៩ ហាង IKEA បានបើកទទួលការកក់ទំនិញតាមប្រព័ន្ធអនឡាញ ហើយចំណែកឯភ្ញៀវ ដែលអញ្ជើញទៅដល់ហាងដោយផ្ទាល់ ត្រូវតែពាក់ម៉ាស់ជានិច្ច និងរក្សាគម្លាតសង្គមឱ្យបានត្រឹមត្រូវ។
ការបើកដំណើរការហាងនេះ ធ្វើឡើងស្របពេលក្រុមហ៊ុន IKEA ពង្រីកអាជីវកម្ម E-Commerce របស់ខ្លួន ដែលទទួលបានការគាំទ្រខ្លាំងអំឡុងវិបត្តិកូវីដ។ យោងតាមទិន្នន័យថា ការបញ្ជាទិញតាមអនឡាញគ្របដណ្ដប់ រហូតដល់ទៅ២៦%នៃការលក់របស់ខ្លួនទូទាំងពិភពលោក។
ក្រុមហ៊ុនដែលមានហាងលក់ទំនិញ ផ្ទាល់ជាង៤៦០ទីតាំង នៅក្នុងទីផ្សារប្រមាណ៦០ប្រទេសនេះ កំពុងរៀបគម្រោងបន្ថែមហាងជិត៦០ទីតាំងទៀត នៅក្នុងឆ្នាំសារពើពន្ធបច្ចុប្បន្ន៕ Bangkok Post៕







