ទេសាភិបាលធនាគារជាតិៈការចាក់វ៉ាក់សាំងជួយដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចចេញពីវិបត្តិ

         ដោយៈគង់ សិរីម៉ាលីនណា

         ភ្នំពេញៈ លោកជា ចាន់តូទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​ (NBC) ​បាន​និយា​យបានថា ការចាក់​វ៉ាក់សាំង​គឺជា​គន្លឹះ​នៃ​ការងើប​ឡើងវិញ​ពី​វិបត្តិ ខណៈ​លំហ​នៃ​ការបន្ត​ការប្រើប្រាស់​នយោបាយ​គាំទ្រ និង​ការគ្រប់គ្រង​ការឆ្លង​រាលដាល​ជំងឺ​កូវីដ-១៩ គឺជា​កម្លាំងចលករ​ជំរុញ​ល្បឿន​នៃ​ការងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​។

ការលើកឡើង​នេះ​ត្រូវបានធ្វើ​នៅក្នុង​កិច្ចប្រជុំតុមូល តាមរយៈ​ប្រព័ន្ធ​អនឡាញ​រវាង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF) និង​អាស៊ាន ដែល​មាន​ការចូលរួម​ពី​ទេសាភិបាល​ធនាគារកណ្តាល និង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាស៊ាន កាលពី​ថ្ងៃទី​ ១៥ ខែតុលា ឆ្នាំ​ ២០២១​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកជា ចាន់តូ បាន​លើកឡើង​ថា ក្នុង​វិបត្តិ​កូវីដ​ ១៩ IMF បាន​បង្កើន​វិភាជន៍​អេសដេអ៊ែ​ (SDR) ​សម្រាប់​ពង្រឹង​ជំនឿ​ចិត្ត និង​បង្កើន​លម្ហ​នៃ​ការអនុវត្ត​នយោបាយ​សេដ្ឋកិច្ច​។ លោក​ក៏បាន​ឯកភាព​លើ​ការលើកឡើង​របស់​លោកស្រី Kristalina Georgieva ប្រធាន​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ និង​ថ្នាក់ដឹកនាំ​វិស័យ​ហិរញ្ញវត្ថុ​អាស៊ាន​ថា ការចាក់​វ៉ាក់សាំង គឺជា​គន្លឹះ​នៃ​ការងើប​ឡើងវិញ​ពី​វិបត្តិ ហើយ​លម្ហ​នៃ​ការបន្ត​ការប្រើប្រាស់​នយោបាយ​គាំទ្រ និង​ការគ្រប់គ្រង​ការឆ្លង​​រីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ គឺជា​ចលករ​កម្លាំង​ជំរុញ​ល្បឿន​នៃ​ការងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​។

លោក​បាន​ថ្លែងថា​ “​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បង្កើនល្បឿន ​នៃ​ការចាក់​វ៉ាក់សាំង ដែល​បច្ចុប្បន្ន​អត្រា​ប្រជាជន ​ទទួលបាន​វ៉ាក់សាំង​មាន​ប្រមាណ​៨០​ភាគរយ ​នៃ​ប្រជាជន​សរុប គឺ​ខ្ពស់ជាង​កម្រិត​ដែល​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ​បាន​ផ្តល់​អនុសាសន៍​ដល់​ប្រទេស​ជា​សមាជិក​ថា គួរ​សម្រេច​ការចាក់​វ៉ាក់សាំង​យ៉ាងហោច​ឱ្យបាន៤០​ភាគរយ ​នៅត្រឹម​ចុងឆ្នាំ​ ២០២១ និង៧០​ភាគរយ​នៅ​ឆ្នាំ​ ២០២២ សម្រាប់​គាំទ្រ​ការងើបឡើង​នៃ​សេដ្ឋកិច្ច”​។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្រ្តីអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុបាន​លើកឡើងថា ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​អវិជ្ជមាន ​នៃ​ការរាតត្បាត​ជំងឺ​កូវីដ​១៩ មកលើ​សង្គម​ និង​សេដ្ឋកិច្ច​កម្ពុជា រដ្ឋាភិបាល​បាន​បន្ត​បង្កើន​ការចាក់​វ៉ាក់សាំង​ប្រឆាំ​ងនឹង​ជំងឺ​កូវីដ​១៩ ដល់​ប្រជាជន​ដែលមាន​អាយុ​ចាប់ពី​អាយុ៦​ឆ្នាំ​ឡើងទៅ និង​ផ្តល់​ដូស​ជំរុញ​ដល់​ប្រជាជន​អាយុ​ចាប់ពី១៨​ឆ្នាំ និង​មនុស្ស​ចាស់​។

លោកបន្តថា ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​អវិជ្ជមាន​ នៃ​ការរាតត្បាត​ជំងឺ​កូវីដ​ ១៩ មកលើ​សង្គម​ និង​សេដ្ឋកិច្ច​កម្ពុជា រដ្ឋាភិបាល​បាន​បន្ត​បង្កើន​ការចាក់​វ៉ាក់សាំង ​ប្រឆាំងនឹង​ជំងឺ​កូវីដ​១៩ ដល់​ប្រជាជន​ដែលមាន​អាយុ​ចាប់ពី​អាយុ៦​ឆ្នាំ​ឡើងទៅ និង​ផ្តល់​ដូស​ជំរុញ​ដល់​ប្រជាជន​អាយុ​ចាប់ពី១៨​ឆ្នាំ និង​មនុស្ស​ចាស់់”៕

LEAVE A REPLY

Please enter your comment!
Please enter your name here