ធនាគារថៃGBS ត្រៀមបញ្ចេញប្រាក់កម្ចីអនុគ្រោះ៥ពាន់លានបាតសម្រាប់ជួយស្រោចស្រង់ជីវភាពអ្នកគ្មានការងារធ្វើ

ដោយៈសុខុម

បាងកក: ធនាគារប្រាក់សន្សំរដ្ឋ (Government Savings Bank) ហៅកាត់ GBS របស់ប្រទេសថៃ មានគម្រោងបញ្ចេញកញ្ចប់ប្រាក់កម្ចីអនុគ្រោះ (Soft Loan) ចំនួន៥ពាន់លានបាត (១៤០លានដុល្លារអាមេរិក) នៅខែក្រោយ ដើម្បីជួយស្រោចស្រង់ជីវភាពរបស់អ្នកគ្មានការងារធ្វើ ជាមួយនឹងគោលបំណងបង្កើតការងារ ឱ្យបាន១០០.០០០កន្លែង។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយនៅថ្ងៃច័ន្ទ ទី២៧ កញ្ញា នេះ។

លោក Vitai Ratanakorn ប្រធាន និងជានាយកប្រតិបត្តិធនាគារ GBS បានថ្លែងថា គោលដៅប្រាក់កម្ចីនេះ រួមមាន ទាំងអ្នកដែលត្រូវបានជម្រុះចោលពីការងារ បន្ទាប់ពីក្រុមហ៊ុន ឬរោងចក្របិទទ្វារ ដោយសារការរីករាលដាលវីរុសកូវីដ-១៩ អូសបន្លាយរ៉ាំរ៉ៃផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ធនាគារនេះមានគម្រោងផ្ដល់ប្រាក់កម្ចីអនុគ្រោះ ដោយអ្នកខ្ចីម្នាក់អាចខ្ចីបានចន្លោះពី៣០.០០០បាត (៩០០ដុល្លារអាមេរិក) ទៅ១០០.០០០បាត (៣.០០០ដុល្លារអាមេរិក) អាស្រ័យលើផែនការវិនិយោគរបស់ពួកគេ។

លោក Vitai Ratanakorn លើកឡើងថា តាមការរំពឹងទុកថា កម្មវិធីនេះនឹងជួយបង្កើតការងារបានចំនួន១០០.០០០កន្លែង។ ទោះជាយ៉ាងណា ដើម្បីមានលក្ខណសម្ប​ត្តិគ្រប់គ្រាន់ អាចទទួលបានប្រាក់កម្ចីនេះ អ្នកខ្ចីត្រូវចូលរួមវគ្គបណ្ដុះបណ្ដាលអាជីពរបស់ធនាគារ GBS។

ធនាគារនេះផ្ដល់វគ្គបណ្ដុះបណ្ដាល ដល់អ្នកអាជីពដែលដាក់ពាក្យស្នើសុំកម្ចីនេះ ដូចជាជាងកាត់សក់ ឬជាអគ្គិសនីជាដើម។

លោក Vitai Ratanakorn គូសបញ្ជាក់ថា អ្នកខ្លះប្រហែលជាចង់ទិញ Franchises (សិទ្ធិធ្វើអាជីវកម្មបន្ត) ឬបើកហាងកាហ្វេនៅក្នុងសហគមន៍ ដែលពួកគេរស់នៅ។ ធនា​គារ GSB បានស្នើសុំឱ្យក្រសួងហិរញ្ញវត្ថុពិចារណា ផ្ដល់ឧបត្ថម្ភធនដល់ឥណទាន ឬកម្ចីមិនដំណើរការ (NPL) ស្ថិតក្រោមកម្មវិធីនេះ។

ជាធម្មតា ស្ថាប័នហិរញ្ញវត្ថុមិនផ្ដល់ប្រាក់កម្ចី ដល់អ្នកដែលគ្មានការងារធ្វើនោះឡើយ ដើម្បីបញ្ចៀសហានិភ័យខ្ពស់នៃការខកខានក្នុងការសង។ ប៉ុន្តែកម្ចីអុគ្រោះនេះក៏ជាការបំពេញកាតព្វកិច្ចរបស់ធនាគារ GBS ក្នុងនាមជា “ធនាគារសង្គម” ផងដែរ។

យោងតាមការិយាល័យជាតិស្ថិតិបង្ហាញថា គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២១ នេះ អ្នកគ្មានការងារធ្វើមានចំនួន៧៦០.០០០នាក់ ដែលស្មើនឹង២%នៃកម្លាំងការងារងារសរុប៣៨,៨លាននាក់។

បើគិតពីកម្រិតវប្បធម៌ ឬប្រវត្តិនៃការសិក្សា អ្នកគ្មានការងារធ្វើភាគច្រើនមានសញ្ញាបត្របរិញ្ញាបត្រ៕  Bangkok Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here