ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកប៉ាន សូរស័ក្តិ បានប្រាប់ឱ្យធុរជនត្រូវបំពេញកាតព្វកិច្ច ការពារអ្នកប្រើប្រាស់ឱ្យស្របច្បាប់ និងបទប្បញ្ញត្តិជាធរមាន ដើម្បីរួមចំណែកក្នុងការកសាងសុខដុមនីយកម្ម និងអភិវឌ្ឍន៍ប្រទេសប្រកបដោយនិរន្តរភាព។
លោកបានមានប្រសាសន៍បែបនេះ នៅក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពីការផ្សព្វផ្សាយច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់នៅក្រោមប្រធានបទ “ការធ្វើធុរកិច្ចប្រកបដោយក្រមសីលធម៌ សុខុមាលភាពរបស់អតិថិជន និងធុរកិច្ចរបស់លោកអ្នក”កាលពីស ប្តាហ៍មុនថា អ្នកធ្វើធុរកិច្ចទាំងអស់ ដែលមិនទាន់បានអនុវត្តនូវកាតព្វកិច្ច ការពារអ្នកប្រើប្រាស់ គឺត្រូវតែយកចិត្តទុកដាក់អនុវត្តឱ្យស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ដើម្បីរួមចំណែកជាមួយស្ថាប័នមានសមត្ថកិច្ច និងអ្នកប្រើប្រាស់។
លោកប៉ាន សូរស័ក្ត ក៏បានលើកទឹកចិត្តដល់អ្នកប្រើប្រាស់ ឱ្យធ្វើសេចក្តីរាយការណ៍ពីធុរជនទាំងឡាយណា ដែលប្រព្រឹត្តសកម្មភាពមិនសុច្ចរិត ក្នុងធុរកិច្ចមកក្រសួងពាណិជ្ជកម្ម ឬគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ តាមរយៈអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ដើម្បីស្វែងរកដំណោះស្រាយបញ្ហារួមគ្នាឱ្យបានទាន់ពេលវេលា។
លោកបន្តថា “ការការពារអ្នកប្រើប្រាស់ ប្រកបដោយប្រសិទ្ធភាពតម្រូវឱ្យអាជីវករទទួលបានការជូនដំណឹង អំពីកាតព្វកិច្ចរបស់ខ្លួនចំពោះអ្នកប្រើប្រាស់ និងជៀសវាងសកម្មភាពណាដែលអាចភូតកុហក ពង្វាងការពិត ឬធ្វើឱ្យខូចដល់ប្រយោជន៍អ្នកប្រើប្រាស់ទាំងក្នុងប្រតិបត្តិការជាទម្លាប់ប្រពៃណី ឬក្នុងពាណិជ្ជកម្មអេឡិចត្រូនិក”។ លោកបន្ថែមថា “ការការពារផលប្រយោជន៍ និងសិទ្ធិរបស់អ្នកប្រើប្រាស់ មិនគួរត្រូវបានចាត់ទុកថាជាឧបសគ្គដល់អាជីវកម្មឡើយ”៕







