រដ្ឋមន្រ្តីកសិកម្មបង្ហាញពីបច្ចេកវិទ្យាថ្មីលើការកៀរពង្រាបដីស្រែដោយប្រព័ន្ធឡាហ៊្សែរ

        ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកវេង សាខុនបានអះអាងថា បានធ្វើការធ្វើបង្ហាញបច្ចេកទេស និងឧបករណ៍កៀរពង្រាបដី ដោយប្រព័ន្ធឡាហ្ស៊ែរដល់ប្រជាកសិករ ដើម្បីជំរុញដល់វិស័យផលិតកម្ម ដំណាំឲ្យកាន់តែទូលំទូលាយនាពេលអនាគត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក រដ្ឋមន្រ្តីក្រសួងកសិកម្មបានសរសសេរលើបណ្តាញទំនាក់ទំនងសង្គម​របស់ខ្លួនកាលពីថ្ងៃទី២៣ កញ្ញាកន្លងមកថា ក្នុងដំណើរការអភិវឌ្ឍប្រទេសជាតិ តាមរយ:ការដើរតូនាទីជាអ្នកផលិត ដើម្បីធានាឲ្យបាននូវសន្តិសុខស្បៀង អាហារូបត្ថម្ភ បង្កើតការងារនៅមូលដ្ឋាន បង្កើនប្រាក់ចំណូលក្នុងគ្រួសារ ការអនុវត្តបច្ចេកវិទ្យាកសិកម្មទំនើបទាន់សម័យ ធន់ទៅនឹងការប្រែប្រួលអាកាសធាតុ បរិយាប័ន្ន សំដៅធានាឲ្យបាននូវបរិមាណផ្គត់ផ្គង់កសិផល គុណភាព និងសុវត្ថិភាព ស្របតាមស្តង់ដារតម្រូវរបស់ទីផ្សារក្នុងស្រុក ក្នុងតំបន់ និងទីផ្សារអន្តរជាតិ ដើម្បីធ្វើការនាំចេញស្របតាមបរិបទ ទាំងក្នុងអំឡុងពេល និងក្រោយពេលនៃការរីករាលដាលជំងីឆ្លងកូវីដ-១៩ និងជាពិសេសស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការនាំចេញកសិផលកម្ពុជា។

លោកបានបន្ត មួយក្នុងចំណោមអនុវិស័យជាច្រើន ដែលក្រសួងបាននិងកំពុងគិតគូយកចិត្តទុកដាក់ធ្វើការអភិវឌ្ឍ គឺអនុវិស័យដំណាំកសិកម្ម ដោយបានបញ្ចូលយន្តូបនីយកម្មទៅក្នុងផលិតកម្មដំណាំមានជាអាទិ៍ ការភ្ជួររាស់ ការពង្រាបដីដាំដុះ ស្ទូង កម្ចាត់ស្មៅ សម្ងួត ច្រូតកាត់ ម៉ាស៊ីនកិនស្រូវ និងម៉ាស៊ីនកែច្នៃ។ល។

ថ្មីៗនេះនាយកដ្ឋានវិស្វកម្មកសិកម្មនៃអគ្គនាកដ្ឋានកសិកម្ម ដោយសហការជាមួយវិស័យឯកជន បានណែនាំនិងផ្សព្វផ្សាយបច្ចេកវិទ្យាថ្មីមួយទៀតជូនដល់កសិករ គឺការកៀរពង្រាបដីស្រែដោយប្រព័ន្ធឡាហ៊្សែរ។

លោកវេង សាខុនបានបន្តថា “ការប្រើបច្ចេកវិទ្យាថ្មីនេះអាចជួយបង្កើនទិន្នផលស្រូវពី២០%-៣០% តាមរយៈការធ្វើឱ្យដីស្រែរាបស្មើល្អ ងាយគ្រប់គ្រងរបាយទឹក និងរបាយជីបានស្មើល្អ ងាយស្រួលគ្រប់គ្រងសមាសភាពចង្រៃ ងាយស្រួលក្នុងការសាបព្រួសស្រូវដុះលូតលាស់ស្មើល្អ ស្រូវទុំស្មើល្អ ងាយស្រួលក្នុងការប្រើប្រាស់គ្រឿងយន្ត ការប្រើប្រាស់ទឹកមានប្រសិទ្ធភាពខ្ពស់ គ្រាប់ស្រូវមានសម្បុរ ទម្រង់ និងទំហំធំល្អប៉ុនគ្នានៅដំណាក់កាលទុំ និងបន្ថយការបាត់បង់ក្រោយពេលប្រមូលផល”។

លោករដ្ឋមន្រ្តីបានលើកឡើងថា ដោយយល់ច្បាស់អំពីគុណប្រយោជន៍ នៃបច្ចេក​ទេសនេះ នាយកដ្ឋានវិស្វកម្មកសិកម្ម បាននិងកំពុងបន្តពង្រឹងកិច្ចសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការក្រៅរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីធ្វើការផ្សព្វផ្សាយជូនដល់ប្រជាកសិករ ឲ្យបានទូលំទូលាយ តាមរយៈការបណ្តុះបណ្តាល និងអនុវត្តបង្ហាញជាក់ស្តែងបានចំនួន១៨ទីតាំង មានកសិករចូលរួមចំនួន២៤៨នាក់ នៅក្នុងខេត្តកំពត តាកែវ កំពង់ឆ្នាំង បាត់ដំបង បន្ទាយមានជ័យ និងកំពង់ធំ។

ក្រៅពីការងារអនុវត្តបង្ហាញ នាយកដ្ឋានវិស្វកម្មកសិកម្មក៏បានបញ្ជូនមន្រ្តីជំនាញចូលរួមជាគ្រូបង្គោលបណ្តុះបណ្តាលដល់អ្នកម៉ៅការកៀរពង្រាបដីស្រែដោយប្រព័ន្ធឡាហ្ស៊ែរ និងអ្នកពាក់ព័ន្ធតាមរយៈកម្មវិធី Rice-SDP និង CFAVC ផងដែរ។

ក្រសួងកសិកម្ម បានបញ្ជាក់ឲ្យដឹងទៀត គោលបំណងនៃវគ្គបណ្តុះបណ្តាល និងការ​អនុវត្តបង្ហាញ គឺដើម្បីផ្សព្វផ្សាយជូនប្រជាកសិក រឱ្យមានការយល់ដឹងអំពីយថាប្រភេទនៃឧបករណ៍ និងសម្ភារប្រើសម្រាប់វាស់ស្ទង់ដី វិធីសាស្រ្តវាស់ស្ទង់ស្ថានភាពដីស្រែ, បច្ចេកទេសរៀបចំដីស្រែឱ្យបានរាបស្មើ ដោយប្រើប្រព័ន្ធឡាហ្ស៊ែរ បច្ចេកទេសរៀបចំដីដោយគ្រឿងយន្ត និងឧបករណ៍កសិកម្ម និងអត្ថប្រយោជន៍នៃការប្រើប្រាស់ឧបករណ៍និងសម្ភារប្រើសម្រាប់វាស់ស្ទង់ដី៕

LEAVE A REPLY

Please enter your comment!
Please enter your name here