ក្រុមហ៊ុននិងសហគ្រាសចំនួន២៥រៀបចំផែនការនាំចេញទៅកាន់តំបន់មជ្ឈឹមបូព៌ា និងអាហ្រ្វិកខាងជើង

ដោយៈគង់ សូរិយា

        ភ្នំពេញៈ បណ្តាក្រុមហ៊ុន និងសហគ្រាសកម្ពុជាចំនួន២៥ គ្រោងនាំចេញផលិត​ផលខ្មែរទៅកាន់ទីផ្សារថ្មី នៅតំបន់មជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើង តាមប្រព័ន្ធឌីជីថល។

គម្រោងនេះមានឈ្មោះថា“បេសកកម្មនៃការនាំចេញ ទៅកាន់តំបន់មជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើង” បានបើកដំណើរការជាផ្លូវការរួចហើយ ដោយប្រើប្រាស់ថ្នាលព័ត៌មានវិទ្យា ដែលត្រូវបានរៀបចំឡើងដោយសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា (CPSF) ក្រោមជំនួយឧបត្ថម្ភរបស់គម្រោង “កម្ពុជាហាវែស-II”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បេសកកម្មនៃការនាំចេញទៅកាន់តំបន់មជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើង គឺជាការប្រើប្រាស់ថ្នាលព័ត៌មានវិទ្យាមួយ រៀបចំឡើងដើម្បីជំរុញក្រុមហ៊ុន សហគ្រាសកម្ពុជា ដែ​លមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចូលរួមពិព័រណ៍ឌីជីថល ក្នុងព្រឹត្តិការណ៍ពិព័រណ៍ផលិ​ផលសរីរាង្គ និងធម្មជាតិនៅឌុយបៃ។

ក្នុងបេសកកម្មនេះ សហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា បានជ្រើសរើសក្រុមហ៊ុន និងសហគ្រាសកម្ពុជា ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មកពីវិស័យម្រេច និងគ្រឿងទេស អង្ករ បន្លែ និងផ្លែឈើ ផលិតផលកសិ-ពាណិជ្ជកម្មកែច្នៃ ដូចជាដំណាប់ស្វាយក្រៀម ទឹកឃ្មុំ និងគ្រាប់ធញ្ញជាតិដទៃទៀត។ល។ មកចូលរួមជាគម្រោងសាកល្បង ដោយជ្រើសរើសយកទីផ្សារតំបន់មជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើង ជាទីផ្សារគោលដៅ ដោយសារទីផ្សារនេះមានអំណាចនៃការទិញធំ និងកំពុងមានតម្រូវការម្ហូបអាហារសុវត្ថិភាពនាំចូលជាច្រើន។

បេសកកម្មនេះ នឹងជួយបើកផ្លូវឱ្យក្រុមហ៊ុន សហគ្រាសកម្ពុជា បានស្គាល់ទីផ្សារអន្តរជាតិកាន់តែច្រើន និងធ្វើឱ្យពាណិជ្ជករកម្ពុជា មានទំនាក់ទំនងជាមួយដៃគូបញ្ជាទិញបរទេសកាន់តែច្រើន។ ម្យ៉ាងទៀត បេសកកម្មនេះ នឹងជួយធ្វើឱ្យក្រុមហ៊ុន សហគ្រាសកម្ពុជា មានគំនិតច្នៃប្រឌិត ក្នុងការរៀបចំកម្មវិធីអភិវឌ្ឍន៍ផលិតផល និងអភិវឌ្ឍក្រុមហ៊ុន និងមានមូលដ្ឋានគ្រប់គ្រាន់ក្នុងការចូលរួមធ្វើពាណិជ្ជកម្មអន្តរជាតិ។

លោកស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានថ្លែងថា ក្រសួងពាណិជ្ជកម្ម គាំទ្រចំពោះបេសកកម្ម នាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារថ្មីនៅតំបន់មជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើង។

លោកបានសម្តែងនូវការអបអរសាទរ និងគាំទ្រចំពោះសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា ដែលបានអភិវឌ្ឍន៍ខ្លួនប្រកបដោយមោទនភាព ក្នុងការផ្តួចផ្តើមរៀបចំកម្មវិធីជំរុញការនាំចេញ​ផលិតផល ដោយប្រើប្រាស់ថ្នាលព័ត៌មានវិទ្យា ស្របតាមបរិបទ​ឧស្សា​ហកម្មជំនាន់ទី៤ ដែលពិភពលោកកំពុងអនុវត្ត នាពេលបច្ចុប្បន្ន៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here