ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ ការនាំចេញទំនិញសរុបររបស់ប្រទេសកម្ពុជា សម្រេចបានទឹកប្រាក់សរុប ១១.០៨៦ពាន់លានដុល្លារ ក្នុងរយៈពេល៨ខែ ដោយក្នុងនោះ ការនាំចេញផលិតផលកាត់ដេរ សំលៀកបំពាក់ តំណាង ប្រមាណ៤៥ភាគរយនៃតម្លៃនៃការនាំចេញសរុប។
យោងតាមទិន្នន័យពីក្រសួងពាណិជ្ជកម្ម តម្លៃនៃការនាំចេញទំនិញក្នងរយៈពេល៨ខែ បានធ្លាក់ចុះ ប្រមាណ ៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ដោយឡែកសម្រាប់ការនាំចេញផលិតផលកាត់ដេរ មានសំលៀកបំពាក់ ស្បែកជើង កាបូបធ្វើដំំណើរ មានតម្លៃ៥.០២១ពាន់លានដុល្លារ កើនឡើងប្រមាណ១៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទីផ្សារសំខាន់ៗសម្រាប់ផលិតផល និងទំនិញរបស់ប្រទេសកម្ពុជា គឺសហរដ្ឋអាមេរិក អឺរ៉ុប ជប៉ុន អង់គ្លេស និងទីផ្សារប្រទេសដទៃផ្សេងទៀត។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងសិន្នសីទស្តីពីការបើកយុទ្ធនាការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ជូនកុមារអាយុ៦ដល់១២ឆ្នាំកា លពីថ្ងៃសុក្រ បានគូសបញ្ជាក់ថា បញ្ហាអត់ឬមានការអនុគ្រោះពន្ធ ក្នុងការនាំចូលទំនិញចូល ទីផ្សារអឺរ៉ុប លើកលែងសព្វាវុធ (EBA) មិនសំខាន់ សម្រាប់កម្ពុជានោះទេ ប៉ុន្តែអ្វីដែលសំខាន់ គឺអ្នកបញ្ជាទិញទំនិញពីកម្ពុជា មានចំនួនច្រើន។
សម្តេចបានអះអាងថា ពេលនេះដោយសារមានតម្រូវការ ហើយបណ្តាប្រទេសមួយចំនួន ដែលធ្លាប់ផ្គត់ផ្គង់ឲ្យមិនបានផ្គង់ផ្គង់ ដោយសារមានបញ្ហានោះ ធ្វើឲ្យអ្នកបញ្ជាទិញបានសម្រុក មកទិញទំនិញសម្លៀកបំពាក់ពីកម្ពុជា ដោយសារគេគិតថា កម្ពុជាសុវត្ថិភាពជាង ។
កាលពីឆ្នាំ២០២០ កម្ពុជា បាននាំទំនិញចេញ មានទឹកប្រាក់សរុប ១៧.២១៥ពាន់លានដុល្លារ កើនឡើង១៦ភាគរយ ធៀបនឹងការនាំចេញកាលពីឆ្នាំ២០១៩៕







