សុខុម
បាងកក: ក្រុមអ្នកជំនាញអចលនទ្រព្យបានបង្ហាញសុទិដ្ឋិនិយមថា ទីផ្សារលំនៅដ្ឋានក្នុងទីក្រុងបាងកក ប្រទេសថៃ នឹងមានភាពប្រសើរឡើងនៅឆ្នាំ២០២២ នៅពេលដែលការផ្គត់ផ្គង់ និងតម្រូវការនឹងមានតុល្យភាពជាងមុន ខណៈជនបរទេសជាពិសេសជនជាតិចិន នៅតែចាប់អារម្មណ៍លើអចលនទ្រព្យថៃ។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយនៅថ្ងៃទី១៦ កញ្ញា នេះ។

លោកស្រី Suphin Mechuchep ប្រធានក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកអចលនទ្រព្យ JLL Thailand បានលើកឡើងថា តម្រូវការនាពេលអនាគតសម្រាប់ទីផ្សារលំនៅដ្ឋានក្នុងក្រុងបាងកក រាប់បញ្ចូលទាំងជនបរទេសដែលនឹងមានតម្រូវការកើនឡើងដោយសារការធ្វើការងារពីផ្ទះក្នុងបរិបទកូវីដ-១៩ ផងដែរ។
អ្នកជំនាញរូបនេះបានបន្ថែមថា “អ្នកដែលធ្វើការនៅការិយាល័យ៣ថ្ងៃ និងនៅផ្ទះ២ថ្ងៃអាចនឹងមានតម្រូវការថ្មីៗ”។ លោកស្រីគូសបញ្ជាក់ថា ក្រុងបាងកក នៅតែជាជម្រើសដ៏ទាក់ទាញសម្រាប់ជនបរទេស ជាពិសេសមកពីកត្តាថ្លៃទ្រទ្រង់ជីវភាពទាបជាងប្រទេសផ្សេងៗ។
ទោះជាយ៉ាងណា តម្រូវការពីជនបរទេសនឹងកើនឡើងខ្ពស់ ទាល់តែព្រំដែនបើកឡើងវិញទាំងស្រុង។
ក្នុងពេលជាមួយគ្នានេះ លោកស្រី Kamolpat Swaengkit នាយកគ្រប់គ្រងគេហទំព័រអចលនទ្រព្យ DDproperty.com បានបញ្ចេញទស្សនៈយល់ឃើញថា អ្នកទិញជាជនជាតិចិន ចាប់អារម្មណ៍លើអចលនទ្រព្យថៃ ព្រោះទិន្នផលចំណេញប្រចាំឆ្នាំខ្ពស់ជាង៥% ដែលខ្ពស់ជាងនៅក្នុងប្រទេសកំណើតរបស់ពួកគេ។
អ្នកជំនាញរូបនេះបានលើកឡើងទៀតថា “ជនជាតិចិន ជាច្រើនកំពុងស្វែងរកផ្ទះទី២ សម្រាប់ការចូលនិវត្តន៍របស់ពួកគេ។ អ្នកខ្លះថែមទាំងបញ្ជូនកូនៗរបស់ពួកគេមកសិក្សានៅប្រទេសថៃ ទៀតផង ខណៈខ្លួនកំពុងពង្រីកអាជីវកម្មគ្រួសាររបស់ខ្លួននៅក្នុងប្រទេសនេះ។ ហើយអ្នកខ្លះចង់ផ្លាស់ប្តូរទីលំនៅមកកាន់អាស៊ីអាគ្នេយ៍ដើម្បីធ្វើជំនួញ”។
ពួកគេសុទ្ធតែស្រលាញ់វប្បធម៌ និងរបៀបរបបរស់នៅរបស់ថៃ ខណៈថ្លៃទ្រទ្រង់ជីវភាពក៏ទាបជាងប្រទេសជាច្រើន។
តម្លៃផ្ទះដែលទទួលបានការចាប់អារម្មណ៍ខ្លាំងជាងគេនៅក្នុងទីផ្សារនេះ គឺតម្លៃទាបជាង៥លានបាត (១៥០.០០០ដុល្លារ) ក្នុងមួយយូនីតដែលស្មើនឹង៥៤%នៃចំណែកទីផ្សារ ខណៈតម្លៃចន្លោះពី៥លានបាត (១៥០.០០០ដុល្លារ) ទៅ១០លានបាត (៣០០.០០០ដុល្លារ) មានត្រឹមតែ១៦%។

លោក Rathawat Kuvijitrsuwan ប្រធានផ្នែកសិក្សាស្រាវជ្រាវ និងប្រឹក្សាយោបល់នៅក្រុមហ៊ុនប្រឹក្សាផ្នែកអចលនទ្រព្យ CBRE Thailand បានថ្លែងថា បណ្ដាវិនិយោគិនអាស៊ី-ប៉ាស៊ីហ្វិក មានបំណងទិញអចលនទ្រព្យនៅក្នុងឆ្នាំ២០២១ ច្រើនជាងក្នុងឆ្នាំ២០២០។
លោកបានបន្តទៀតថា “តំបន់ដែលពេញនិយមសម្រាប់ការវិនិយោគឆ្លងដែនរួមមានបណ្ដាប្រទេសអភិវឌ្ឍន៍នៅអាស៊ី ដូចជាសិង្ហបុរី ចិន និងជប៉ុន ជាដើម បន្ទាប់មកគឺបណ្ដាប្រទេសដែលមានសេដ្ឋកិច្ចងើបឡើងលឿនដូចជាបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ជាដើម”។
លោក Vichai Viratkapan អគ្គនាយកស្តីទីនៃមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ (REIC) បានបង្ហាញសុទិដ្ឋិនិយមថា ទីផ្សារលំនៅដ្ឋាននឹងដំណើរការរលូនឡើងវិញនៅឆ្នាំក្រោយជាមួយនឹងតម្រូវការក្នុងស្រុកដែលជំរុញឱ្យសេដ្ឋកិច្ចងើបឡើងវិញ៕







