ដោយៈលក្ខិណា
ភ្នំពេញៈ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាដែលបានដឹកនាំកិច្ចកិច្ចប្រជុំក្នុងវេទិកាធុរកិច្ចកម្ពុជា តួកគីកាលពីសៀលថ្ងៃទី១៥ កញ្ញា២០២១ ឱ្យដឹងថា កម្ពុជាអាចនឹងទទួលបានពាណិជ្ជករ ធុរជន និងវិនិយោគិនពីប្រទេសតួកគី ដោយពួកគេនឹងមកកម្ពុជា ស្វែងរកឱកាសវិនិយោគលើកសិកម្ម និងកែច្នៃសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិវិញ។

លោកឧកញ៉ាបានមានប្រសាសន៍ថា វេទិកាធុរកិច្ចកម្ពុជា តួកគីគឺជាឱកាសដ៏ល្អសម្រាប់មេដឹកនាំធុរកិច្ច និងវិនិយោគិនតួកគី និងកម្ពុជា ក្នុងការអភិវឌ្ឍបណ្តាញទំនាក់ទំនងរវាងប្រទេសទាំងពីរ។ វានឹងរួមចំណែកដល់កិច្ចសហប្រតិបត្តិការទ្វេភាគី កាន់តែប្រសើរឡើងរវាងប្រទេសទាំងពីរ។ ក្នុងវេទិកាធុរកិច្ចពាណិជ្ជករមកពីប្រទេសទាំងពីរ នឹងទទួលបាននូវការយល់ដឹង អំពីស្ថានភាពបច្ចុប្បន្ននៃការអភិវឌ្ឍសេដ្ឋកិច្ច គោលនយោបាយរបស់រដ្ឋាភិបាល និងវិស័យសក្តានុពលនៃកិច្ចសហប្រតិបត្តិការ។
លោកឧកញ៉ាបានបន្តថា ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ មានទំហំតូច បើប្រៀបធៀបទៅនឹងទំហំសេដ្ឋកិច្ច។ កាលពីនៅឆ្នាំ ២០២០ ពាណិជ្ជកម្មសរុបមានប្រមាណ៨៨,៨លានដុល្លារ ខណៈកម្ពុជាបាននាំចេញទៅកាន់ទួរគី មានទំហំទឹកប្រាក់៣៥លានដុល្លារ។ ហើយរដ្ឋាភិបាលនៃប្រទេសទាំងពីរ ប្តេជ្ញាបង្កើនពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ៥០០លានដុល្លារអាមេរិកនាពេលឆ្នាំខាងមុខ។

ជាមួយគ្នានោះដែរ ភាគីទាំងពីរបានលើកឡើង នៅក្នុងវេទិកាលើប្រធានបទ វិស័យនាំចេញនាំចូល និងឧស្សាហកម្មកសិកម្ម វិស័យវាយនភ័ណ្ឌ និងសំណង់ វិស័យទេសចរណ៍ និងបច្ចេកវិទ្យាព័ត៌មាន យានយន្ត ឧស្សាហកម្ម គ្រឿងសង្ហារឹម និងការអប់រំ។
តាមភូមិសាស្ត្រប្រទេសកម្ពុជា ស្ថិតនៅក្នុងទីតាំងយុទ្ធសាស្ត្រ ដែលធ្វើឱ្យវាសមស្របបំផុតសម្រាប់មូលដ្ឋានផលិតកម្ម និងងាយស្រួលចូលទៅកាន់ទីផ្សារតំបន់ និងពិភពលោក។ ប្រទេសមានសុខសន្តិភាពស្ថិរភាពនយោបាយ និងការអភិវឌ្ឍ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោហ៊ុនសែនបានលើកឡើងថា កម្ពុជាទទួលស្វាគមន៍ គ្រប់វិនិយោគិននិងពាណិជ្ជករ មកពីគ្រប់ប្រទេសដោយមិនមានការរើសអើងឡើយ ដើម្បីបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ដែលអាចបង្កើតការងារដល់ប្រជាពលរដ្ឋកម្ពុជា ។
ស្ថិតនៅក្នុងវិបត្តិកូវីដ៩នេះ កម្ពុជានៅតែទទួលបានការវិនិយោគថ្មីៗ ពីក្រៅប្រទេសទោះបីជាទំហំមានការថមថយបើធៀបនឹងមុននឹងវិបត្តិក្ដី ៕







